សាប៊ូ​កូនក្មេង ដែល​ម្តាយ​គ្រប់រូប គួរ​យកចិត្តទុកដាក់​

សាប៊ូ​កូនក្មេង ដែល​ម្តាយ​គ្រប់រូប គួរ​យកចិត្តទុកដាក់​

​ដើម្បី​កក់សក់ និង​សម្អាត​រាងកាយ​កូន អ្នក​ត្រូវ​ប្រើ​សាប៊ូ ដូច្នេះ អ្នក​ត្រូវ​មានការ​ប្រុងប្រយ័ត្ន និង​ឆ្លាត​វៃ ក្នុង​ការជ្រើសរើស ប្រភេទ​សាប៊ូ ដែល​សាក​សម សម្រាប់​កូន​របស់​អ្នក​។ សាប៊ូ​កូនក្មេង ខុស​ពី​សាប៊ូ​មនុស្ស​ចាស់ ពីព្រោះ វា​ខ្សោយ និង​មិន​ងាយ​ប៉ះពាល់ ដល់​ស្បែក ឬ​សុខភាព​ទូទៅ របស់​កូនក្មេង​ឡើយ ជាពិសេស ពេល​វា​ចូលក្នុង​ភ្នែក ឬ​មាត់​។​

​ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក ត្រូវ​គិត​ពិចារណា មុន​ពេល​ទិញ​សាប៊ូ ឲ្យ​កូន​របស់​អ្នក ៖

​ស្បែក​កូនក្មេង ងាយ​នឹង​ប្រតិកម្ម ឬ​អា​លែ​ក​ស៊ី​ណាស់​
​ពេល​និយាយ​អំពី សាប៊ូ​កូនក្មេង គ្រឿងផ្សំ​កាន់តែ​តិច គឺ​កាន់តែ​ល្អ​។ ក្រុមហ៊ុន​មួយចំនួន ដើម្បី​ចង់​ចំណេញ អាច​នឹង​ប្រើ​សារធាតុ​គីមី​ច្រើន នៅក្នុង​សាប៊ូ ដូច្នេះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន និង​ជ្រើសរើស​សាប៊ូ ដែល​មាន​គុណភាព និង​ស្លាក​សញ្ញា​ត្រឹមត្រូវ​។​

​សួរ​យោបល់ ពី​ឪពុក​ម្តាយ​ដ៏​ទៃ​
​មធ្យោបាយ​ដ៏​ល្អ ដើម្បី​បាន​ផលិតផល គួរ​ជាទី​ពេញចិត្ត​នោះ គឺ​ការសាកសួរ​យោបល់ ឬ​បទ​ពិសោធន៍ របស់​អ្នកជិតខាង មិត្តភក្តិ បងប្អូន ឬ​តាម​បណ្តាញ​សង្គម ពីព្រោះ ពួកគេ​អាច​នឹង​ឆ្លងកាត់ រឿងរ៉ាវ​ទាំងនេះ​មុន​អ្នក​។ ប៉ុន្តែ អ្នក​ក៏​ត្រូវ​ចងចាំ​ផងដែរ​ថា កុមារ​ទាំង​អស់ មិន​ដូចគ្នា​នោះទេ សាប៊ូ​ដែល​ក្មេង​ដ៏​ទៃ​ប្រើ ប្រហែលជា​មិន​ល្អ ចំពោះ​កូន​អ្នក​ឡើយ​។​

​ជ្រើសរើស​សាប៊ូកក់សក់ និង​ដុស​ខ្លួន ក្នុង​ដប​តែមួយ​
​ផលិតផល​ទាំងនេះ អាច​កាត់បន្ថយ ចំនួន​គ្រឿងផ្សំ និង​ងាយស្រួល​លាង​សម្អាត​កូន ដោយ​ចំណាយ​ពេល​តែ​ម្តង​ប៉ុណ្ណោះ​។​

​បច្ចេកទេស លាង​សម្អាត​កូន​
​ទោះបីជា​សាប៊ូ​ល្អ ឬ​មិន​ប៉ះពាល់​សុខភាព​ក្តី ប៉ុន្តែ អ្នក​ក៏ត្រូវ​ដឹង អំពី​វិធីសាស្ត្រ ឬ​បច្ចេកទេស​កក់សក់ និង​ដុស​ខ្លួន​កូន​របស់​អ្នក​ដែរ ដើម្បី​កុំឲ្យ​សាប៊ូ​ទាំងនោះ ហៀរ​ចូល​ច្រមុះ មាត់ ឬ​ភ្នែក​បាន​។ យក​ល្អ អ្នក​គួរ​មើល​វីដេអូ តាម​យូ​ធូប ដើម្បី​ដឹង​កាន់តែច្បាស់​។ ពេល​កក់សក់ អ្នក​ត្រូវ​ម៉ាស្សា​ថ្នមៗ ទៅលើ​ស្បែកក្បាល​កូន ហើយ​លាងជម្រះ ដោយ​ទឹកស្អាត ឲ្យបាន​ជ្រះ​ល្អ ដើម្បី​ការពារ ស្បែក​ក្បាល​កូន​របស់​អ្នក​។​

​គួរ​កក់សក់ ញឹកញាប់​ប៉ុណ្ណា​ទៅ​?
​ពួក​បស្ចឹម​ប្រទេស កក់សក់​ឲ្យ​កូន ត្រឹម​តែ​ម្តង​ប៉ុណ្ណោះ ក្នុង​មួយអាទិត្យ នេះ​អាច​ដោយសារតែ អាកាសធាតុ​ត្រជាក់ និង​មិនសូវមាន​ធូលី​ដី ប៉ុន្តែ សម្រាប់​ប្រទេស​កម្ពុជា​យើង​វិញ យ៉ាងហោចណាស់ អ្នក​ត្រូវ​កក់សក់​ឲ្យ​កូន រាល់​ពីរ​ថ្ងៃ​ម្តង​ដែរ បើ​មិន​អញ្ចឹងទេ ក្បាល​របស់​កូន​អ្នក នឹង​មាន​បញ្ហា ឬ​ធំក្លិន​ស្អុយ​ជា​មិនខានឡើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។