​ចង់​ឲ្យ​កូនចេះ ឬ​មាន​ទម្លាប់ “​ជុះ​” អ្នក​គួរ​ធ្វើ​ដូចម្តេច​?

​ចង់​ឲ្យ​កូនចេះ ឬ​មាន​ទម្លាប់ “​ជុះ​” អ្នក​គួរ​ធ្វើ​ដូចម្តេច​?

​ការបង្រៀន​កូន ឲ្យ​ចេះ​ប្រាប់ និង​មាន​ទម្លាប់​ល្អ ក្នុងការ​បន្ទោ​របង់ គឺជា​រឿង​ពិបាក​ណាស់ ពីព្រោះ សូម្បីតែ​មាន​អាយុ ៣ ឬ ៤ ឆ្នាំ​ហើយ​ក្តី កុមារ​មួយចំនួន នៅតែ​ជុះ​ក្នុង​ខោ​ទឹកនោម​ដដែល​។ ការបង្រៀន ឬ​បង្ហាត់ឲ្យ​គេ​ប្រាប់ ឬ​ចេះ​ជុះ​ក្នុង​បង្គន់ ទាមទារ​ការយកចិត្ត​ទុកដាក់ និង​អត់ទ្រាំ​ច្រើនណាស់​។ ប៉ុន្តែ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នក​អាច​សាកល្បង​បាន ៖

១. ទិញ​បង្គន់​ស្អាតៗ និង​ល្មម សម្រាប់​កូន​របស់​អ្នក​
​បង្គន់​ស្អាតៗ អាច​ទាក់ទាញ​កូន​របស់​អ្នក ហើយ​ត្រូវ​ជ្រើសរើស ឲ្យ​សាកសម​នឹង ទំហំ​កូន​របស់​អ្នក​។​

២. បង្កើត​ពាក្យ​ណែនាំ​
​ពេល​កូន​របស់​អ្នក យល់​នូវ​អ្វី​ដែល​អ្នក​ប្រាប់ នោះ​អ្នក​អាច​ចាប់ផ្តើម យក​បង្គន់​ឲ្យ​កូន​អ្នក​បាន​ហើយ​។ កុំ​ប្រញាប់​យក​បង្គន់​ចេញ ទោះបីជា​កូន​របស់​អ្នក មិនទាន់​ជុះ​ក៏ដោយ ពីព្រោះ ដំបូងៗ កូន​របស់​អ្នក អាច​ចំណាយពេល​ច្រើន រហូតដល់ ១ ឬ ២ ម៉ោង នៅលើ​ចាន​បង្គន់​របស់គេ​។​

៣. បន្សាំ​កូន​របស់​អ្នក​
​នៅ​ពេល​ព្រឹក ក្រោយ​ភ្ញាក់​ពី​គេង អ្នក​គួរ​មាន​ទម្លាប់ យក​គេ​ទៅ​ដាក់ លើ​ចាន​បង្គន់ ដើម្បីឲ្យ​គេ មាន​ទម្លាប់ និង​ដឹង​ពេល ដែល​ត្រូវ​ជុះ​។ យ៉ាងណាមិញ កុំ​សង្ឃឹមថា គេ​នឹង​ជុះ​អី ប៉ុន្តែ បើ​ជុះ គឺ​រឹតតែ​ល្អ​។​

៤. កត់​ចំណាំ​
​បង្កើត​តារាង​ពេលវេលា និង​ភាពជោគជ័យ រួច​កត់ចំណាំ និង​លើកទឹកចិត្ត​កូន ពេល​គេ​ធ្វើ​បាន​ល្អ ជាជាង​ស្តីបន្ទោស​កូន (​ករណី​កូន​ចេះ​និយាយ​)​។​

៥. ប្រើ​រូបភាព​
​រូបភាព​ស្អាត អាច​បង្រៀន​កូន បាន​លឿន​ជាង​ពាក្យ​សំដី​របស់​អ្នក ហើយ​គេ​អាច​ចងចាំ បាន​ល្អ​ប្រសើរ​ទៀតផង​។​

៦. ជំ​ហ៊ាន​បន្ទាប់​
​ប្រសិន​បើ​កូន​របស់​អ្នក អាច​ជុះ​បាន​ហើយ វា​ឈាន​ដល់​ដំណាក់កាល នាំ​គេ​ទៅ​ជុះ ក្នុង​បង្គន់​ធម្មតា​បាន​ហើយ​។ យ៉ាងណាមិញ អ្នក​ប្រហែលជា​ត្រូវ បង្រៀន​គេ​សារ​ឡើងវិញ​។​

៧. រៀបចំ​បង្គន់​ឲ្យ​ស្អាត និង​មាន​ភាព​ទាក់ទាញ​
​បន្ទប់ទឹក ជា​តំបន់​គ្រោះថ្នាក់​បំផុត ជាពិសេស ដូចជា ការ​រអឹលដួល និង​ការឆ្លង​មេរោគ​ជាដើម ដូច្នេះ អ្នក​ត្រូវ​ប្រាកដថា កូន​របស់​អ្នក មាន​សុវត្ថិភាព​។​
- ជ្រើសរើស​កម្រាល​ឥដ្ឋ ដែល​មិន​ងាយ​រអឹល​
- ប្រើ​កម្រាល​ជ័រ ដើម្បី​ការពា​រការ​ដួល ឬ​ពេល​ប៉ះទង្គិច​ទៅ មិនសូវ​ប៉ះពាល់​រាងកាយ​
- កុំ​ដាក់​ព្រី​ភ្លើង ឬ​គ្រឿង​អេឡិចត្រូនិច ក្នុង​បន្ទប់​ឲ្យសោះ​
- រចនា​បន្ទប់ទឹក ឲ្យមាន​ភាពទាក់ទាញ ដូចជា ពណ៌ ឬ​តុក្កតា ដែល​គេ​ចូលចិត្ត​ជាដើម​
- រក្សា​អនាម័យ និង​ដុសលាង​ជាប្រចាំ​
- ត្រូវមាន​បង្អួច ឬ​កង្ហារ​បឺត​ខ្យល់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។