ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការ​ចាក់​ដី​ លុប​ទឹក​បឹងបួ ធនធាន​ធម្មជាតិ​នានា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការ​ចាក់​ដី​ លុប​ទឹក​បឹងបួ ធនធាន​ធម្មជាតិ​នានា



ភ្នំពេញ​ ៖ ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​អំពាវនាវ​ឲ្យ​អាជ្ញាធរ ស្រុក ខណ្ឌ ខេត្ត ក្រុង ជួយ ទប់ស្កាត់​ការ​ចាក់ដី លុប​ទឹក​បឹងបួ ធនធាន​ធម្មជាតិ នានា ខណៈ​ស្ថានភាព អាកាសធាតុ កំពុងតែ​មានការ ប្រែប្រួល​ខ្លាំង​ណាស់ ជាពិសេស​ធាតុអាកាស ក្តៅ​ហួតហែង ខ្លាំង។

ការ​អំពាវនាវ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ធ្វើឡើង​បន្ទាប់ពី គេ​សង្កេត​ឃើញ​ថា ​មួយ​រយៈ​កន្លង​មក​នេះ បឹងបួ​ធម្មជាតិ នានា​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ត្រូវ​បាន​ឈ្មួញ​ដាក់​ដី​លុប យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ ជាក់ស្ដែង​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​ថ្មី​ អាងទឹក​ ចុង​សា​រ៉ា​យ ឬ​ហៅថា អាងទឹក ច្រក​សណ្តាយ ស្ថិតនៅ​ក្នុងភូមិ​រពាក់​ពេន ឃុំ​ទ្រា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវ​បាន​គេ​នាំគ្នា លួច លក់ ស្ងាត់​ៗ រហូត​កើតជា​ជម្លោះ ប្តឹងផ្តល់​គ្នា​ដល់​តុលាការ​ទៀតផង។

យោង​តាម​សេចក្ដី​អំពាវនាវ​របស់ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨​ ខែ​មីនា បាន​ឲ្យ​ដឹង​ថា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ​​ជានិច្ចកាល​ តែង​បាន​ចូលរួម​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​​ទឹក​ ដើម្បី​បម្រើ​ដល់​ បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង ព្រះរាជាណាចក្រ ​កម្ពុជា តាម​គោលការណ៍​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។ តែ​អ្វី​ ដែល​ជា​ការ​កត់​សម្គាល់​ នោះ​ឃើញ​ថា ចលនា ឬ​ទំនាស់ ដែល​កើតឡើង​ស្ដីពី​សកម្មភាព​លុប​បឹងបួ ​ធម្មជាតិ ដោយ​បុគ្គល​មួយ​ចំនួន ​បាន​កើត​ឡើងជា ហូរហែ។ ក្នុង​ន័យ​នេះ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សូម​ធ្វើការ​អំពាវនាវ។

១.រាល់​ការ​លុប​បឹងបួ​ មិនមែន​មាន​ន​ន័យ​ថា អាក្រក់​ទាំងអស់​នោះ​ទេ តែ​គួរ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ព្រោះថា ការ​អភិរក្ស ត្រូវ​បាន​ផ្សាភ្ជាប់​នឹង​ការ​អភិវឌ្ឍ។ ២.“​អ្នក​ ដែល​ដឹង​រឿង​ហ្នឹង​(​លុប​បឹង​)​ជាងគេ​គឺ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ដូចនេះ មុននឹង សម្រេច ឬ​មាន​វិធានការ​យ៉ាងណា​នោះ សុំ​ពិនិត្យ​លើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ពាក់ព័ន្ធ​ឲ្យ​បាន​ច្បាស់​ជាមុន​សិន​” ។ ៣. ​បឹងបួ​ធម្មជាតិ​ទាំង​អស់​ជា​របស់​រដ្ឋ ចង់​មាន​វិធានការ​យ៉ាង​ណា​នោះ គឺ​មាន​តែ​ប្រមុខ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ ដែល​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច។ ៤. «​សូមមេត្តា​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ ព្រោះ​អាកាសធាតុ មានការ​ប្រែប្រួល​ខ្លាំង​ណាស់​»។

សូម​រំលឹក​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ហ្វេ​ស​ប៊ុក​របស់​ក្រសួង​ធនធាន​ទឹក​ បាន​បង្ហោះ​ថា អាងទឹក ចុង​សា​រ៉ា​យ ឬ​ហៅថា អាងទឹក ច្រក​សណ្ដាយ ត្រូវបាន ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ​​កសាង​ឡើង​កាលពី​ឆ្នាំ ២០០៥ ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​អង្ក​ការ IFAD ( International Fund for Agricultural Development)​ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​ស្រែ​កសិករ​នៅ​តំបន់​នោះ ប្រមាណ ៣៥០ ហិកតា ព្រមទាំង​បាន​បង្កើត​ជា​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​អាង​នេះ​រួចរាល់​ហើយ​ផង​ដែរ។ ប៉ុន្តែ​ត្រូវបាន​គេ​នាំគ្នា លួច លក់ ស្ងាត់ៗ រហូត​កើតជា​ជម្លោះ ប្តឹង​ផ្តល់​គ្នា​ដល់​តុលាការ​ទៀតផង។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​កន្លងមក លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​នាយក​ខុទ្ទកាល័យ ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​បាន​ប្រាប់​កាសែត​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​ថា អាងទឹក​ខាង​លើ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មានការ​កត់ត្រា​ក្នុង​បញ្ជីសារពើភណ្ឌ​របស់​ក្រសួង គ្មាន​ជន​ណា​ម្នាក់ មាន​សិទ្ធិ​លក់ដូរ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើយ!។ លោក​បន្ថែម​ថា ​« ​រឿង​លក់ដូរ ​ជា​រឿង​របស់​អ្នកលក់ និង​អ្នកទិញ ។ រឿង​ប្ដឹងផ្ដល់​គ្នា ​ជា​រឿង​របស់​គូវិវាទ។ ឯ​រឿង​គ្រប់គ្រង និង​បន្ត​គ្រប់គ្រង ជួសជុល​ ថែទាំ​អាងទឹក​នេះ ដើម្បី​បម្រើ​ជា​ប្រយោជន៍​ដល់​សាធារណជន គឺជា​ភារកិច្ច​របស់​ក្រសួង​»៕