ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​ការ​យក​លុយ​ក្រុមហ៊ុន​ចាយ​អស់​ជាង​៨០​ម៉ឺន​រៀល​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​ការ​យក​លុយ​ក្រុមហ៊ុន​ចាយ​អស់​ជាង​៨០​ម៉ឺន​រៀល​



ភ្នំពេញ ​៖ បុរស​ម្នាក់​ដែល​ជា​បុគ្គលិក​ផ្នែក​លក់​ថ្នាំ​កសិកម្ម របស់​ក្រុមហ៊ុន​ម៉ា​បូ ត្រូវ​បាន​កម្លាំង​អធិការ​ដ្ឋាន​ខណ្ឌ​ទួលគោក​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​កា​រកលុយ​ក្រុមហ៊ុន​ចាយ​អស់​ជាង​៨០​ម៉ឺន​រៀល ទើប​ខាង​ក្រុមហ៊ុន​ប្តឹង​ប៉ូលិស​តែម្ដង។

ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ ទួន សុភា​រិ​ន ភេទ​ប្រុស ជា​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ម៉ា​បូ លក់​ថ្នាំ​កសិកម្ម ត្រូវ​បាន​ក្រុមហ៊ុន​ប្តឹង​ពីបទ​រំលោភ​លើ​ទំនុក​ចិត្ត​ បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ​បាន​ទទួល​លុយ​ចំនួន​៨០.៧៩៩.៨០០​រៀល​ ដែល​អតិថិជន​បាន​ទូទាត់​ឲ្យ​ក្រុមហ៊ុន​ តាំងពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦​នេះ។

មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការសង្ស័យ ក្រុមហ៊ុន​បាន​ចាត់​ក្រុមការងារ​ចុះ​ជួប​ជា​មួយ​អតិថិជន ​និង​ដឹង​ថា​លុយ​បាន​ទូទាត់​ទៅឲ្យ​ជនសង្ស័យ​រួចហើយ ទើប​ក្រុមហ៊ុន​បាន​លួងលោម​ឲ្យ​ជនសង្ស័យ​ចូល​ជួប​ និង​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្ដង។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ដើម្បី​ចាត់ការ​តាមច្បាប់​៕