រាជរដ្ឋាភិបាល​ តែងតាំង​លោក​Beat Richner​ ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល(Update)​

រាជរដ្ឋាភិបាល​ តែងតាំង​លោក​Beat Richner​ ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល(Update)​



ភ្នំពេញ ​៖​ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​តែងតាំង​លោក​សាស្ត្រាចារ្យ Beat Richner​ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល​ឋានៈ​ស្មើនឹង​រដ្ឋលេខាធិការ។​

យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ​២០១៦​ បាន​ត្រាស់បង្គាប់​មាត្រា​១​ តែងតាំង​លោក​សាស្ត្រាចារ្យ Beat Richner​ជាទី​ប្រឹក្សា​ក្រសួងសុខា​ភិ​បាល​មាន​ឋានៈ​ស្មើនឹង​រដ្ឋលេខាធិការ​មាត្រា​២​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ ចាប់ពី​ឡាយព្រះហស្តលេខា​តទៅ។

ការ​ប្រកាស​តែងតាំង​លោក​សាស្ត្រាចារ្យ Beat Richner​ ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល​ឋានៈ​ស្មើនឹង​រដ្ឋលេខាធិការ​នេះ​ បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​ធ្វើ​សំណើ​មួយ​ទៅកាន់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​កាលពី​ថ្ងៃ​ទី​១៥​ ខែ​មីនា ​ឆ្នាំ​២០១៦​ ស្នើសុំ​តែងតាំង Beat Richner​ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល​ឋានៈ​ស្មើនឹង​រដ្ឋលេខាធិការ។

យោង​តាម​លិខិត​ស្នើសុំ​នោះ​ មូល​ហេតុ​ដែល​ក្រសួង​ស្នើ​ការតែងតាំង Beat Richner​ ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល​ ដោយសារតែ​លោក​សាស្ត្រាចារ្យ​Beat Richner​ បាន​ជួយ​កសាង​មន្ទីរពេទ្យ​គន្ធបុប្ផា​ តាំងពី​ឆ្នាំ​១៩៩២​ មក​ម្ល៉េះ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ លោក​សាស្ត្រាចារ្យ​ បាន​ពង្រីក​មន្ទីរពេទ្យ​នៅ​រាជធានី​បាន​ចំនួន​៤​ និង​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​ នៅ​ខេត្ត​សៀមរាប​១​កន្លែង​ទៀត​ និង​បំពាក់​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​ៗ​ ដើម្បី​ផ្តល់​សេវា​សុខភាព​ដល់​កុមារ​ និង​សម្ភព​រួម​ទាំង​ការវះកាត់​បេះដូង​ និង​ខួរក្បាល​ដល់​កុមារ​ដោយ​ឥតគិតថ្លៃ។

លិខិត​ដដែល​នោះ​បាន​បន្ត​ថា​ ការ​ខិតខំ​ប្រឹងប្រែង​ដោយ​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​សាស្ត្រា​ចារ្យ​ក្នុង​ការ​ប្រមែប្រមូល​ធន​ធាន​ថវិកា​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ​ព្រមទាំង​ពង្រីក​ និង​ពង្រឹង​សមត្ថភាព​បុគ្គលិក​ជាតិ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​អត្រា​មរណភាព​កុមារ​ និង​មាតា​។​

លើស​ពី​នេះ​ លោក​សាស្ត្រាចារ្យ​បាន​និង​កំពុង​ជួយ​បណ្ដុះបណ្ដាល​ដល់​និស្សិត​ និង​មន្ត្រី​សុខាភិបាល​ជាច្រើន​រយ​នាក់ ​ពិសេស​ផ្នែក​ឯកទេស​រោគ​កុមារ។
ការ​​ប្រកាស​តែងតាំង​ជា​ផ្លូវការ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ ​ស្ថិតនៅ​វត្តភ្នំ​ក្រោម​អធិបតីភាព ​លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល៕រាជរដ្ឋាភិបាល​ តែងតាំង​លោក​Beat Richner​ ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល(Update)​
រាជរដ្ឋាភិបាល​ តែងតាំង​លោក​Beat Richner​ ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល(Update)​