ផ្ទាំង​គំនូរ​អនាធិបតេយ្យ​ បាន​ផុស​ព្រោងព្រាត​កណ្ដាល​ក្រុង​បាត់ដំបង​

ផ្ទាំង​គំនូរ​អនាធិបតេយ្យ​ បាន​ផុស​ព្រោងព្រាត​កណ្ដាល​ក្រុង​បាត់ដំបង​



បាត់ដំបង ៖ ផ្ទាំង​គំនូរ ឬក៏​អាច​ហៅ​ក្រៅ​បាន​ថា​ ជា​ផ្ទាំង​ទស្សនីយភាព​បែប​សាំញ៉ាំ បាន​លេច​ចេញ​ជា​រូបរាង​នៅ​តាម​បណ្ដា​ជញ្ជាំង​ផ្ទះថ្ម ឬក៏​របង​ថ្ម​ណា​ដែល​មាន​វ័យ​ចំណាស់ៗ ជា​ស្នាដៃ​របស់​ជនជាតិ​បរទេស​មួយចំនួន​ដែល​គេ​និយម​ដើរ​បាញ់ ឬ​គូសវាស​បែបនេះ​ បានធ្វើ​ឲ្យ​បាត់បង់​អស់​សោភណភាព​ទីក្រុង​ស្អាត។

គួរ​រំលឹក​ដែរ​ថា កន្លងមក​គេ​សង្កេត​ឃើញ​កម្លាំង​សមត្ថកិច្ច​ក្រុង​បាត់ដំបង ធ្លាប់​បាន​ឃាត់​ខ្លួន​ជនបរទេស​ជាច្រើន​នាក់ ដែល​ពួកគេ​បាន​ជិះ​កង់​ដើរ​បាញ់ថ្នាំ​ដើម្បី​បង្កើត​នូវ​រូបភាព​ ឬក៏​ជា​តួអក្សរ​បែប​សាំញ៉ាំ រញ៉េរញ៉ៃ ពាសវាលពាសកាល​កណ្តាល​ក្រុង​បាត់ដំបង ដើម្បី​យកទៅ​ណែនាំឲ្យ​បញ្ឈប់​នូវ​សកម្មភាព​ទាំងនេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ក៏​មាន​ប្រភព​ចំនួន​២​ដែល​បាន​បញ្ចេញមតិ​ខុសៗ​គ្នា ដោយ​មតិ​ទី១-​បាន​និយាយ​ថា វា​ដូចជា​ស្អាត​ម្យ៉ាង​ដែរ ប៉ុន្តែ​សម្រាប់​មតិ​មួយទៀត​គឺ​គេ​បាន​លើកឡើងថា មើល​មិន​យល់​គំនូរ​បែប​រញ៉េរញ៉ៃ​នេះ ហើយ​បច្ចុប្បន្ន​លោក​អភិបាលខេត្ត​ ច័ន្ទ សុផល បាន​និង​កំពុង​ធ្វើការ​សំអាត​បរិស្ថាន​ក្នុង​ក្រុង​ដើម្បី​ជា​ការ​អូសទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូល​មក​កម្សាន្ត​ផង​ដែរ ដូច្នេះ​ការ​ត្រាច់ចរ ដើរ​គូ​គំនូរ​បែបនេះ​វា​អាច​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ក្រសែភ្នែក​មនុស្សម្នា​ទូទៅ​ថែម​ទៀត​ផង​។

នៅក្នុង​រយៈពេល​ពីរ​ថ្ងៃ​ នៃ​ការ​ផ្ចិតផ្ចង់​គូ​របស់​ជនជាតិ​បរទេស​២​នាក់​ទៅលើ​ជញ្ជាំង ​នៃ​ភោជ​នីយដ្ឋាន ជីព ស្រេង គឺ​មិន​មាន​ការ​រំខាន​ដល់​សមត្ថកិច្ច​ក្រុង​នោះ​ឡើយ ដែល​តាម​មើល​ប្រហែលជា​កំពុង​ដេក​លក់​ក៏​មិន​ដឹង បានជា​លែង​ខ្វល់​អ្វី​ទាំងអស់​យ៉ាង​នេះ បើ​យ៉ាង​ដូច្នេះ​មែន មិន​យូរ​មិន​ឆាប់​ទេ​ ក្រុង​បាត់ដំបង​នឹង​ក្លាយទៅជា​តំបន់​ដែល​មើល​លែង​យល់​ហើយ៕
ផ្ទាំង​គំនូរ​អនាធិបតេយ្យ​ បាន​ផុស​ព្រោងព្រាត​កណ្ដាល​ក្រុង​បាត់ដំបង​