ជនជាប់ចោទ​៥​នាក់ ក្នុង​នោះ​មាន​យោធា​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវ​តុលាការ​លើកលែង​ការ​ចោ​ទ​ប្រកាន់​

ជនជាប់ចោទ​៥​នាក់ ក្នុង​នោះ​មាន​យោធា​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវ​តុលាការ​លើកលែង​ការ​ចោ​ទ​ប្រកាន់​



កណ្ដាល​ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល លោក ទី សំណាង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មី​នា ឆ្នាំ​២០១៦ បាន​ប្រកាស​សាលក្រម​លើកលែង​ការចោទប្រកាន់​ជនជាប់ចោទ​៥​នាក់ ក្នុង​នោះ​មាន​មន្ត្រី​យោធា​ម្នាក់ ពី​បទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។ ការសម្រេច​នេះ បន្ទាប់ពី​ពួកគេ​ជាប់ឃុំ​ជាង​៥​ខែ​រួចមក។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ជនជាប់ចោទ​៣​នាក់​ផ្សេងទៀត ត្រូវ​បាន​ផ្ដន្ទាទោ​ស​ចន្លោះ​ពី​៦​ខែ​ ទៅ ​២​ឆ្នាំ​៦​ខែ។

មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​៥​នាក់ ​ដែល​ត្រូវ​បាន​តុលាការ​លើកលែង​ការចោទប្រកាន់​មានឈ្មោះ ទី​១ ឈ្មោះ ណេ​ត ណន អាយុ​១៨​ឆ្នាំ ទី​២ ឈ្មោះ រឿន សារិទ្ធ អាយុ​២២​ឆ្នាំ ទី​៣​ឈ្មោះ មាឃ សុខ​ហ៊ីម អាយុ​៣១​ឆ្នាំ ទី​៤ ឈ្មោះ រស់ សារឿន អាយុ​២៧​ឆ្នាំ និង ទី​៥ ឈ្មោះ ឡោ វិ​ស៊ី​ឡា អាយុ​៣១ ជា​មន្ត្រី​យោធា។

មន្ត្រី​ដដែល​បន្ត​ថា ជនជាប់ចោទ​៣​នាក់​ផ្សេងទៀត ឈ្មោះ ហ៊ រតនា អាយុ​២២​ឆ្នាំ ឈ្មោះ សៅ ពិសិដ្ឋ ហៅ សេក អាយុ​២២​ឆ្នាំ និង ឈ្មោះ គៀត សា​វ៉េ​ត អាយុ​៣៧​ឆ្នាំ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ចន្លោះ​ពី​៦​ខែ​ ទៅ ​២​ឆ្នាំ​៦​ខែ។

គួរ​បញ្ជាក់​ថា ជនជាប់ចោទ​ទាំង​៨​នាក់ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ ដោយ​ចោទប្រកាន់​ពី​បទ​រក្សាទុក​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​ជួញដូរ​ដោ​យ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្រែអំបិល ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល តាម​បញ្ញត្តិ​មាត្រា​៤០ ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

គួរ​បញ្ជាក់​បន្ថែម​ថា ក្នុង​សំណុំ​រឿង​នេះ កាល​ពី​ពេល​កន្លងទៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ក​ណ្តាល ធ្លាប់​បាន​ធ្វើការ​លើកលែង​ការចោទប្រកាន់​លើ​ជនជាប់ចោទ​ម្នាក់ទៀត ឈ្មោះ សំ សំណាង រួច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥៕