ជិះ​ម៉ូតូ​គេច​ពី​រថយន្ត​ជាន់​ហ្វ្រាំង​ដួល​បោក​ខ្លួនឯង​ របួសធ្ងន់​២​នាក់​

ជិះ​ម៉ូតូ​គេច​ពី​រថយន្ត​ជាន់​ហ្វ្រាំង​ដួល​បោក​ខ្លួនឯង​ របួសធ្ងន់​២​នាក់​



ភ្នំពេញ ៖ បុរស​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ បន្ទាប់ពី​ស្រវឹង​ស្រា​តិចៗ​ផង​ ហើយ​ជិះ​ម៉ូតូ​ខំ​គេច​ពី​រថយន្ត​មួយ​គ្រឿង​ដែល​បើក​វ៉ា​រថយន្ត​កុងតឺន័រ​ ហើយ​ជ្រុល​មក​រក​កល់​នឹង​កៀរ​អ្នក​ជិះ​ម៉ូតូ​ ដោយ​ខំ​បើក​គេច​ពី​រថយន្ត​នោះ​ ទើប​ដួល​បោក​នឹង​ថ្នល់​រង​របួស​ធ្ងន់​ទាំងពីរ​នាក់​ ចំណែក​រថយន្ត​នោះ​បាន​បើក​គេចខ្លួន​បាត់ស្រមោល​តែម្ដង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៩ ​ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ​មុខ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​អ្នក​បើក​ម៉ូតូ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ​ប៉ាត់ វ​ណ្ណី​ ម្ចាស់​សិប្បកម្ម​ផលិត​ទ្វារ​បង្អួច​ដែក​គ្រប់​ប្រភេទ​ មាន​ទីលំនៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ​។ រួមទាំង​អ្នក​ជិះ​ពីក្រោយ​រួម​ដំណើរ​ជាមួយគ្នា​បាន​រងរបួស​ធ្ងន់​ដូចគ្នា​។​ ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្ដាល​1F6542 ។​ ចំណែក​រថយន្ត​បង្ក​មិន​ចាំ​ស្លាក​លេខ​ទេ​ គ្រាន់តែ​ដឹង​ថា​ជា​ប្រភេទ​រថយន្ត​កាម​រី​ឆ្លាម​តែ​ប៉ុណ្ណោះ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ឌុប​គ្នា​ក្នុង​ស្ថានភាព​ស្រវឹង​តិចៗ​ តែ​បាន​បើកបរ​ប្រកាន់​ស្ដាំ​ត្រឹមត្រូវ ​ដោយ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​បង្ក​បើកបរ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង ខណៈ​នោះក៏​មាន​រថយន្ត​ពីរ​គ្រឿង​បើក​មក​ស្រប​ទិស​គ្នា​ លុះ​មកដល់​ចំណុចកើតហេតុ ​រថយន្ត​តូច​បាន​បើក​វ៉ា​ខាងឆ្វេង​រថយន្ត​កុងតឺន័រ​ ពេល​វ៉ា​នោះ​បាន​ជ្រុល​មក​រក​កៀរ​ជនរងគ្រោះ​អ្នក​ជិះ​ម៉ូតូ​ ជាហេតុ​នាំ​ឲ្យ​អ្នក​បើក​ម៉ូតូ​ខំ​បើក​គេច ​ក៏​ជាន់​ហ្វ្រាំង​ដួល​ម៉ូតូ​បោក​នឹង​ថ្នល់​រយះ​មុខមាត់​របួសធ្ងន់​ទាំងពីរ​នាក់​តែម្ដង​។​

ក្រោយពេល​កើតហេតុ​ គេ​បាន​ហៅ​រថយន្ត​សង្គ្រោះ​នៃ​កងពលតូច​៧០​ ដឹក​ទៅកាន់​គ្លីនិក​ឯកជន​ ហើយ​ម៉ូត​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​សិន ​ដើម្បី​រង់ចាំ​ពេល​ម្ចាស់​គេ​មក​យក​ទៅ​វិញ​៕

ជិះ​ម៉ូតូ​គេច​ពី​រថយន្ត​ជាន់​ហ្វ្រាំង​ដួល​បោក​ខ្លួនឯង​ របួសធ្ងន់​២​នាក់​