កាកបាទក្រហមកម្ពុជា​ អំពាវនាវ​ឲ្យ​បន្ត​ចូលរួម​បរិច្ចាគ​ថវិកា ​ជួយ​ដល់​អ្នករងគ្រោះ ​និង​ងាយ​រងគ្រោះ​

កាកបាទក្រហមកម្ពុជា​ អំពាវនាវ​ឲ្យ​បន្ត​ចូលរួម​បរិច្ចាគ​ថវិកា ​ជួយ​ដល់​អ្នករងគ្រោះ ​និង​ងាយ​រងគ្រោះ​



ភ្នំពេញ ​៖​ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​៨​ ខែឧសភា ​ឆ្នាំ​២០១៦​ នា​ពេល​ខាងមុខនេះ​ កាកបាទក្រហមកម្ពុជា​បាន​អំពាវនាវ​ដល់​សម្ដេច​ឯកឧត្តម​លោកជំទាវ​លោក​ឧកញ៉ា ​លោក​ លោកស្រី ​អ្នកនាង ​កញ្ញា ​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ ​បងប្អូន​ជន​រួម​ជាតិ​គ្រប់​មជ្ឈដ្ឋាន​ សូម​បន្ត​ចូលរួម​ជា​កម្លាំង​មនុស្សធម៌​តាម​ប្រពៃណី​ដ៏​ល្អ​នៃ​វប្បធម៌​ចែករំលែក​បរិច្ចាគ​ថវិកា​ដោយ​ទឹកចិត្ត​ជ្រះថ្លា​ដល់​កាកបាទក្រហមកម្ពុជា ​ដើម្បី​បុព្វហេតុ​ជួយ​ដល់​អ្នករងគ្រោះ​ និង​ងាយ​រង​គ្រោះ​។ ​នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កាកបាទក្រហមកម្ពុជា​ចុះ​ថ្ងៃទី​២៥ ​ខែមីនា ស្ដីពី​ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​។​

សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ បាន​ប្រកាស​ពី​ការ​ប្រារព្ធ​មិទ្ទីង​ថ្នាក់​ជាតិ​ ដើម្បី​អបអរ​ខួប​ទី​១៥៣​ទិវា​ពិ​ភព​លោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា ​ឆ្នាំ​២០១៦​ ក្រោម​ប្រធានបទ​«​កាក​បាទ​ក្រហម​កម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​»​ នៅ​ថ្ងៃទី​០៨​ ខែឧសភា ​នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន ​នាយករដ្ឋ​ម​ន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ បាន​ឲ្យ​ដឹង​បន្ត​ថា ​ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រ​ហម​៨​ឧសភា ​ឆ្នាំ​២០១៦ ​ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ចលនា​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រ​ហម​កៀងគរ​មូលនិធិ​ ដើម្បី​មាន​ធនធាន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​មនុស្សធម៌​ខាង​លើ​នេះ​នឹង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឥស្សរជន​មកពី​ស្ថាប័ន​នីតិប្បញ្ញតិ នីតិប្រតិបត្តិ​ តំណាង​អង្គ​ទូត​ដៃគូ ​សហប្រតិប​ត្តិ​ការ​នៅក្នុង​ និង​នៅ​ក្រៅ​ចលនា​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​វិស័យ​ឯកជន សប្បុរសជន​មកពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ និង​ក្រៅប្រទេស ​យុវជន​អ្នកស្ម័គ្រចិត្ត​ សមាជិក​ សមាជិកា ​កាកបាទក្រហម​ប្រមាណ​៤​ពាក់​នាក់​។​

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នោះ​បាន​បញ្ជាក់​ថា​ ក្នុង​តួនាទី​ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌ ​និង​ក្នុង​ស្ថានភាព ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​រង​ផល​ប៉ះពាល់​ពី​ការ​បម្រែ​ប​ម្រួល​អាកាសធាតុ​កំណើន​រលក​កម្ដៅ ​រួម​ទាំង​ផលវិបាក​ពី​សង្គ្រាម​បន្សល់ទុក​នៅ​មិនទាន់​អស់​ រួម​ទាំ​ង​បញ្ហា​អាទិភាព​ថ្មីៗ​កើតមាន​ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ អំពើ​ហិង្សា​នៅក្នុង​គ្រួសារ​ចំណាកស្រុក​​ ដែ​ល​ទាមទារ​ការ​ចូល​រួម​ទាំង​ស្មារតី​ធនធាន​ថវិកា ​និង​សម្ភារៈ​ចាប់ពី​បុគ្គលិក​ម្នាក់​ឡើង​ទៅ​កាក​បាទ​ក្រ​ហមកម្ពុជា ​«​សូម​អំពាវនាវ​សម្ដេច ​ឯកឧត្តម ​លោកជំទាវ ​លោក​ឧកញ៉ា​ លោក ​លោកស្រី​ អ្នកនាង​កញ្ញា​ មន្ត្រីរាជការ ​គ្រប់​លំដាប់​ថ្នាក់​បងប្អូន​ជន​រួម​ជាតិ​គ្រប់​មជ្ឈដ្ឋាន ​សូម​បន្ត​ចូលរួម​ជា​កម្លាំង​មនុស្ស​ធម៌​តាម​ប្រពៃណី​ដ៏​ល្អ​នៃ​វប្បធម៌​ចែករំលែក​បរិច្ចាគ​ថវិកា​ដោយ​ទឹកចិត្ត​ជ្រះថ្លា​ដល់​កាកបាទ​ក្រហម​ក​ម្ពុជា​ ដើម្បី​បុព្វហេតុ​ជួយ​ដល់​អ្នករងគ្រោះ ​និង​ងាយ​រងគ្រោះ​»​។​
​ ​
សេចក្ដីប្រកាស​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​មូលនិធិ​ដែល​កាកបាទក្រហមកម្ពុជា​ទាំង​ថ្នាក់​កណ្តាល ​និង​រាជធានី​ខេត្ត​ ទទួល​បាន ​និង​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​បន្ត​បេសកកម្ម​មនុស្សធម៌​ដ៏​ឧត្តុង្គឧត្តម​ធ្វើ​ប្រតិបត្តិ​ការ​ជួយ​សម្រាលទុក្ខ​លំបាក​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​បំផុត​ជា​រួម​មាន​អ្នករងគ្រោះ​ដោយ​មហន្តរាយ​ផ្សេងៗ​ជន​ពិការ​ចាស់ជរា​គ្មាន​ទីពឹង​កុមារ​កំព្រា​ស្ត្រី​មេម៉ាយ​អ្នក​ផ្ទុកមេរោគ​អេដស៍​ជំងឺអេដស៍​។​ល​។​ នៅ​តាម​សហគមន៍​ជនបទ​នានា​នៅ​ទូទាំង​ប្រទេស​ ដោយ​មិន​មាន​ការ​រើសអើង​បែ​ង​ចែក​ពូជសាសន៍​ ជំនឿ ​សាសនា​និន្នាការ​នយោបាយ​អ្វី​ឡើយ​ បាន​ឆាប់រហ័ស​ បាន​ទាន់​ពេល​វេលា​៕​

កាកបាទក្រហមកម្ពុជា​ អំពាវនាវ​ឲ្យ​បន្ត​ចូលរួម​បរិច្ចាគ​ថវិកា ​ជួយ​ដល់​អ្នករងគ្រោះ ​និង​ងាយ​រងគ្រោះ​
​ ​