ផ្សារ​ទំនើប​សូរិយា​ នឹង​ប្ដូរ​ឈ្មោះ​ទៅជា សូរិយា សេន​ធ័​រ ភ័ន​ធ៍ (SORYA Center Point)

ផ្សារ​ទំនើប​សូរិយា​ នឹង​ប្ដូរ​ឈ្មោះ​ទៅជា សូរិយា សេន​ធ័​រ ភ័ន​ធ៍ (SORYA Center Point)



ភ្នំពេញ ៖ ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​​ផ្សារ​ទំនើ​ប​សូរិយា​នឹង​ធ្វើ​ការ​កែប្រែ​មុខមាត់​ថ្មី ទៅជា​ផ្សារ​ទំនើប​ទេសចរណ៍​ដំបូង​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជា ដោយ​តាម​គម្រោង​នឹង​ធ្វើ​ការ​កែ​ទម្រង់ និង​កែលំអ​ទាំងស្រុង ហើយ​មួយ​ផ្នែក​នៃ​ការ​កែ​ទម្រង់​នោះ​គឺជា​ការ​រចនា​តាម​ស្ថាបត្យកម្ម​ល្បីៗ​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នា​សតវត្សរ៍​ទី​៦០​។​

​ ​លោក វ៉ាន់ ឆា​រស៍​ជួន តំណាង​ម្ចាស់​ភាគហ៊ុន​នៃ​សូរិយា សេន​ធ័​រ ភ័ន​ធ៍​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ផែនការ​កំណែទម្រង់ និង​កែលំអ​សូរិយា សេន​ធ័​រ ភ័ន​ធ៍​(​អតីត​ផ្សារ​ទំនើប​សូរិយា​) ​នៅ​ថ្ងៃទី​២៩​ ខែមីនា ​ឆ្នាំ​២០១៦​ នៅ​វិមាន​កាណាឌីយ៉ា​។ ​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ស្របតាម​ផែនការ​កែទម្រង់ និង​កែលំអ​នេះ ផ្សារ​ទំនើប​សូរិយា​នឹង​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅជា សូរិយា សេន​ធ័​រ ភ័ន​ធ៍ (SORYA Center Point) ដែល​ក្នុង​នោះ ​យើង​បាន​បែងចែក​ប្រភេទ​ទំនិញ​ទៅតាម​ជាន់​នីមួយ​ៗ​ដូចជា​ ជាន់​ផ្ទាល់​ដី​ប្រជុំ​ទៅ​ដោយ​ផលិតផល​ម៉ាក​ល្បីៗ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ដែល​ក្នុង​នោះ​រួម​មាន​ ភោជនីយដ្ឋាន ហាង​លក់​គ្រឿងអលង្ការ គ្រឿងសំអាង ផ្សារ​ទំនើប ធនាគារ និង​ជាទី​ប្រជុំជន​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​។​ ជាន់​ទី​១ គ្រឿង​ប្រើប្រាស់​សម្រាប់​នារី សំលៀកបំពាក់ កា​បូ​ប និង​ស្បែកជើង​។ ​ជាន់​ទី​២ គ្រឿង​ប្រើប្រាស់​សម្រាប់​ បុរស និង​កុមារ ព្រមទាំង​មាន​មណ្ឌល​កម្សាន្ត​សម្រាប់​កុមារ​តូចៗ​ផង​ដែរ​។ ​ជាន់​ទី​៣ គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ​។ ​ជាន់​ទី​៤ អាហារដ្ឋាន និង​ផ្សារ​ទេសចរណ៍ ដែល​មាន​រចនាបថ​ដក​ស្រង់​ចេញពី​ស្នាដៃ​ស្ថាបត្យកម្ម​មួយចំនួន​នា​ទសវត្សរ៍​ទី​៦០​ដូចជា​សាល​មហោស្រព​ចតុមុខ ផ្សារ​ធំ​ថ្មី ស្ថានីយ​រាជាយស្ម័យាន អាគារ​ប្រៃសណីយ៍ និង​សំណង់​អាគារ​ដទៃទៀត ដើម្បី​ផ្សព្វផ្សាយ​នូវ​កិត្យានុភាព​កេរ្តិ៍ដំណែល និង​វប្បធម៌​ពិតៗ​របស់​ខ្មែរ​។​ ជាន់​ទី​៥ រោងភាពយន្ត និង​មណ្ឌល​កម្សាន្ត ព្រមទាំង​បន្ថែម​ឲ្យ​មាន​នូវ​ក្លិប​ហាត់ប្រាណ ស្ទីម​ និង​សូណា ​ថែម​ទៀត​។​
​ ​
លោក ​ត្រាក់ ថៃសៀង អភិបាលរង​រាជធានី​ភ្នំពេញ ដែល​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុង​សន្និ​សី​ទ បាន​ប្រសាសន៍​ថា តាមរយៈ​ផែនការ​កំណែ​ទម្រង់​នេះ​សូរិយា សេន​ធ័​រ ភ័ន​ធ៍ នឹង​ចូលរួម​ចំណែក​កាន់តែ​សកម្ម​ក្នុង​ការ​លើកស្ទួយ​សោភណភាព​រាជធានី ក៏​ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផង​ដែរ​។​
​ ​
គួរ​រំលឹក​ថា ផ្សារ​ទំនើប​សូរិយា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាងសង់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០០៣ ​ក្នុង​ផ្ទៃក្រឡា​សរុប​ប្រមាណ​៤០០០០​ម៉ែត្រការ៉េ និង​មាន​កម្ពស់​៨​ជាន់ ជា​ផ្សារ​ទំនើប​ដំបូង​គេ​ ដែល​មាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ ជណ្ដើរយន្ត និង​មាន​ទីធ្លា​ចត​រថយន្ត​ដ៏​ធំ​ទូលាយ​។ ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ ផ្សារ​ទំនើប​សូរិយា​ បាន​ចូល​រួម​ចំណែក​យ៉ា​ង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​ការ​ទាក់ទាញ​វិនិយោគិន និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​៕​