សមត្ថកិច្ច​ ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់ ​​ជា​ករណី​លួច​រថយន្ត​

សមត្ថកិច្ច​ ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់ ​​ជា​ករណី​លួច​រថយន្ត​



ភ្នំពេញ ​៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ បន្ទាប់ពី​អ្នក​បើក​ និង​អ្នក​រួម​ដំណើរ​ក្នុង​រថ​យ​ន្ត​ ម៉ាក​កាមរី​បា​ឡែ​ន​ ត្រូវ​បាន​​គេ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​ ដោយ​សង្ស័យ​ថា ​បុរស​២​នាក់ ​បាន​លួច​រថយន្ត​របស់​គេ​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២​និង៣០នាទី ថ្ងៃត្រង់​ទី​២៩ ​ខែ​មីនា ឆ្នាំ២០១៦ នៅ​ចំណុច​រង្វង់​មូល​កាំភ្លើង​គួច​កាណុង សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេ​ញ។​

នគរបាល​ស្រះចក​បាន​ឲ្យ​ដឹង​ថា បុរស​សង្ស័យ​ទាំង២​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទី១​ឈ្មោះ​ ជា វណ្ណ​ឌឹ​ន ភេទ​ប្រុស អាយុ​៤៥ឆ្នាំ ស្នាក់នៅ​ភូមិ​ចំ​បី ស្រុក​អង្គរជ័យ ខេត្តកំពត។​ ទី២ឈ្មោះ​សន ស៊ី​វុ​ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។​ ចំណែកឯ​ភាគី​ខាង​ម្ចាស់​រថយន្ត​គឺជា​ម្ចាស់​ការ៉ាស់​លក់​រថយន្ត ​យីហោ​កោះ​កែវ​។​

មន្ត្រី​នគរបាល​បាន​បន្ត​ទៀត​ថា​ នៅមុន​ពេល​ឃាត់ខ្លួន​បុរស​សង្ស័យ​ទាំង២​នាក់​នេះ​គឺ​ម្ចាស់​ការ៉ាស់​លក់​រថយន្ត ​យីហោ​កោះ​កែវ​ ​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​រថយន្ត​មួយ​គ្រឿង​ ម៉ាក​កាមរី​បាឡែន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2Q-2625 ដែល​រថយន្ត​នេះ ​ត្រូវ​បាន​ស្ត្រី​ម្នាក់​ជួល​សម្រាប់​ជិះ​ក្នុង​មួ​យ​ខែ​តម្លៃ​៥០០$ បាន​រយៈពេល​ជិត២​ខែ ​ស្រាប់តែ​ស្ត្រី​រូប​នោះ​មិន​យក​លុយ​មក​បង់ថ្លៃ​រថយន្ត​ ​ទើប​ម្ចាស់​រថយន្ត​ដើររក​រថយន្ត​របស់​ខ្លួន​ ស្រាប់តែ​ប្រទះឃើញ​បុរស​២នាក់ ​កំពុងតែ​ជិះ​ ហើយក៏​ប្ដឹង​សម​ត្ថ​កិច្ច​ឲ្យ​ឃាត់ខ្លួន​តែម្ដង​។​

បើ​តាម​ប្រភព​ពី​ភាគី​ខាង​ម្ចាស់​ការ៉ាស់​លក់​រថយន្ត ​យីហោ​​កោះ​កែវ ​​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ គាត់​បាន​ជួល​រថយន្ត​ខាង​លើ​នេះ​ឲ្យ​ទៅ​ស្ត្រី​ម្នាក់​ ជិះ​ក្នុង​មួយ​ខែ​តម្លៃ៥០០$​ ហើយ​ទើបតែ​ជួល​​ជិះ​បាន២ខែ​ស្រាប់តែ​អ្នក​ជួល​មិន​យក​លុយ​មក​បង់​ មានការ​សង្ស័យ​ក៏​ប្ដឹង​សមត្ថកិច្ច ​និង​ដើររក​ខ្លួនឯង​ទើប​ឃើញ​រថយន្ត​នៅ​អ្នក​ផ្សេង​ជិះ​ទៅវិញ​។​
គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្រោយពី​សាកសួរ​បុរស​សង្ស័យ​ទាំង​២នាក់​រួចហើយ ​ពួកគេ​បាន​សារភាព​ថា​រថយន្ត​នេះ​បាន​ខ្ចី​ពី​ក្មួយ​ស្រី ​ឈ្មោះ ​ភ័ក្រ អាយុ​ប្រហែល៣០​ឆ្នាំ ស្នាក់នៅ​បុរី​ចំការ​ដូង ខណ្ឌដង្កោ យ​ក​ទៅ​ញុំាការ​គេ​នៅ​ខេត្តកំពង់ឆ្នាំង ស្រាប់តែ​ត្រលប់​មកវិញ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​ ហើយ​រថ​យន្ត​នេះ​ ត្រូវ​បាន​យក​ទៅ​បញ្ចាំ ​នៅ​កាស៊ី​ណូ ណាហ្គា​វើ​ល​៕​

សមត្ថកិច្ច​ ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់ ​​ជា​ករណី​លួច​រថយន្ត​