លោក​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី​ រង​ការ​ចោទ​ប្រកាន់ថា កំពុង​ចាក់​ដី​លុប​បឹង​យក​ធ្វើជា​កម្មសិទ្ធិ

លោក​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី​ រង​ការ​ចោទ​ប្រកាន់ថា កំពុង​ចាក់​ដី​លុប​បឹង​យក​ធ្វើជា​កម្មសិទ្ធិ



មណ្ឌលគិរី ​៖ ​បឹង​សម្រាប់​ស្តុក​ទឹក​មួយ​កន្លែង​តាំងពី​បុរាណ​ស្ថិតនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោរម្យ ​ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី​ចាក់​ដី​លុប​បឹង​​ស្ទើរ​បាត់​ភស្តុតាង​ទាំងស្រុង យក​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ ករណី​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​អាច​អាជ្ញាធរ​ ក្រុង​ សង្កាត់ ​ឃុបឃិត​គ្នា​ស្ងាត់ៗ​ ជាមួយ​លោក​សាន់​ដា​រឹទ្ធ ​ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​គ្រា​ដែល​ពួកគាត់​បាន​ឃើញ​មន្ត្រី​អាង​អំណាច ​ជា​ប្រធាន​មន្ទីរ ​យក​ដី​មក​លុប​បឹង​នេះ​ មក​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួន​បែបនេះ។

ប្រជាពលរដ្ឋ​បន្ត​ថា​ បឹង​នេះ​ ផ្ទៃដី​របស់​វា​មាន​​ទំហំ​១​ហិកតា ​ហើយ​​បើសិនជា​អាជ្ញាធរ​ខេត្ត ក្រុង គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ​នោះ ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​ទីតាំង​ខាង​លើ​នេះ ​វា​អាច​ប្រឈម​ទៅ​រក​ការបាត់បង់។ ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លើ​រឿង​នេះ ​និង​ឈាន​ទៅ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​សាក់ ហ៊ាន ​ចៅសង្កាត់​ស្ពាន​មានជ័យ​ឲ្យ​ដឹង​ថា ទីតាំង​នោះ​ឮ​ថា​គេ​ទិញ​ត​ពី​មន្ត្រី​សុរិយោដី ហើយ​លោក​ចៅ​សង្កាត់​បង្វែរ​ឲ្យ​សួរ​ទៅ​​​​​អ្នកទិញ​នោះ។

លោក​ឡុង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ បាន​ថ្លែង​ប្រាប់​ថា ទីនេះ​វា​មិន​មែន​ជា​បឹង​ទេ វា​ជា​អូរ ឬ ច្រប់។

លោក​ឈឹម កាន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ថា ​គ្រា​ដែល​មាន​បុគ្គល​ណាមួយ​ បាន​​​ប្រព្រឹត្តិ​យក​ដី​ចាក់​លុប​បឹង អូរ ឬ ត្រពាំង ស្ទឹង​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​គឺជា​រឿង​ខុសច្បាប់ លោក​កំពុង​ចាត់ចែង​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក​ចុះ​ស្រាវជ្រាវ ​និង​ពិនិត្យ​រាយការណ៍​ជូន​សាលាខេត្ត។

លោក​ម៉ៅ ធនារ​ក្ស ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ប្រាប់​ថា រូបលោក​ផ្ទាល់​ ក៏​ដូចជា ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ទីតាំង​ខាង​លើ​នេះ​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ នៅ​ពេល​គេ​ចាក់​បំពេញ​បឹង​លែង​មាន​ផ្លូវទឹក នៅ​ពេល​ដែល​ដល់​រដូវវស្សា​ទឹក​អាច​ជន់​លិច​ហូរ​កាត់​ថ្នល់​ ឬ​ជន់​លិច​ផ្ទះសម្បែង​របស់​អ្នកភូមិ​ទៀត​ផង។

លោក​ស្វាយ សំ​អ៊ាង ​អភិបាល​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី២៩ ​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ​ថា លោក​បាន​ធ្វើ​ការ​ស្ដីបន្ទោស​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ខេត្ត​​ហើយ។ រឿង​នេះ​វា​ជា​សមត្ថកិច្ច​របស់​លោក​សង្កាត់ លោក​ ក្រុង មិន​ត្រូវ​នាំគ្នា​ដេកលក់​ស្រួល​ពេក​ទេ ត្រូវ​ធ្វើ​ការ​ត្រួតពិនិត្យ​លើ​កិច្ចការ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ធ្វើជា​របាយការណ៍​រាយការណ៍​មក​ខេត្ត។ លោក​បាន​បន្ត​ថា ស្ទឹង បឹង អូរ វា​ជា​សម្បត្តិ​របស់​រដ្ឋ ​ខេត្ត​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ពិនិត្យ​នៅ​ទីតាំង​មួយ​នេះ ហើយ​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់។

លោក​សាន់ ដា​រឹទ្ធ ​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​ឲ្យ​ដឹង​ថា ​រូប​គាត់​កំពុង​ស្ថិតនៅ​ខេត្ត​ពោធិ៍សាត់ ​ចាំ​គាត់​ត្រឡប់​មកពី​ខេត្ត​ពោធិ៍សាត់​វិញ ​បើ​ខាង​កាសែត​ចង់​ដឹង ចាំ​គាត់​និយាយ​ពី​ផ្លូវ​ច្បាប់​ឲ្យ​អ្នក​កាសែត​បាន​យល់។

គួរ​បញ្ជាក់​ថា ​​កាលពី​ថ្ងៃ​ទី​២៨ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​អំពាវនាវ​​មួយ ​ឲ្យ​អាជ្ញាធរ ស្រុក ខណ្ឌ ខេត្ត ក្រុង ជួយ ទប់ស្កាត់​ការ​ចាក់​ដី លុប​ទឹក​បឹងបួ ធនធាន​ធម្មជាតិ នានា ខណៈ​ស្ថានភាព អាកាសធាតុ កំពុងតែ​មានការ ប្រែប្រួល​ខ្លាំង​ណាស់ ជាពិសេស​ធាតុអាកាស ក្តៅ​ហួតហែង ខ្លាំង។

យោង​តាម​សេចក្ដី​អំពាវនាវ​របស់ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ខាង​លើ​​នោះ ​បាន​ឲ្យ​ដឹង​ថា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ​​ជានិច្ចកាល​ តែង​បាន​ចូលរួម​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​​ទឹក​ ដើម្បី​បម្រើ​ដល់​ បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង ព្រះរាជាណាចក្រ ​កម្ពុជា តាម​គោលការណ៍​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។ តែ​អ្វី​ ដែល​ជា​ការ​កត់​សម្គាល់​ នោះ​ឃើញ​ថា ចលនា ឬ​ទំនាស់ ដែល​កើតឡើង​ស្ដីពី​សកម្មភាព​លុប​បឹងបួ ​ធម្មជាតិ ដោយ​បុគ្គល​មួយ​ចំនួន ​បាន​កើត​ឡើងជា ហូរហែ។ ក្នុង​ន័យ​នេះ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សូម​ធ្វើការ​អំពាវនាវ។

១.រាល់​ការ​លុប​បឹងបួ​ មិនមែន​មាន​ន​ន័យ​ថា អាក្រក់​ទាំងអស់​នោះ​ទេ តែ​គួរ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ព្រោះថា ការ​អភិរក្ស ត្រូវ​បាន​ផ្សាភ្ជាប់​នឹង​ការ​អភិវឌ្ឍ។ ២.“​អ្នក​ ដែល​ដឹង​រឿង​ហ្នឹង​(​លុប​បឹង​)​ជាងគេ​គឺ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ដូចនេះ មុននឹង សម្រេច ឬ​មាន​វិធានការ​យ៉ាងណា​នោះ សុំ​ពិនិត្យ​លើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ពាក់ព័ន្ធ​ឲ្យ​បាន​ច្បាស់​ជាមុន​សិន​” ។ ៣. ​បឹងបួ​ធម្មជាតិ​ទាំង​អស់​ជា​របស់​រដ្ឋ ចង់​មាន​វិធានការ​យ៉ាង​ណា​នោះ គឺ​មាន​តែ​ប្រមុខ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ ដែល​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច។ ៤. «​សូមមេត្តា​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ ព្រោះ​អាកាសធាតុ មានការ​ប្រែប្រួល​ខ្លាំង​ណាស់​»៕

លោក​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី​ រង​ការ​ចោទ​ប្រកាន់ថា កំពុង​ចាក់​ដី​លុប​បឹង​យក​ធ្វើជា​កម្មសិទ្ធិ

លោក​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី​ រង​ការ​ចោទ​ប្រកាន់ថា កំពុង​ចាក់​ដី​លុប​បឹង​យក​ធ្វើជា​កម្មសិទ្ធិ

លោក​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី​ រង​ការ​ចោទ​ប្រកាន់ថា កំពុង​ចាក់​ដី​លុប​បឹង​យក​ធ្វើជា​កម្មសិទ្ធិ

លោក​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី​ រង​ការ​ចោទ​ប្រកាន់ថា កំពុង​ចាក់​ដី​លុប​បឹង​យក​ធ្វើជា​កម្មសិទ្ធិ

លោក​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី​ រង​ការ​ចោទ​ប្រកាន់ថា កំពុង​ចាក់​ដី​លុប​បឹង​យក​ធ្វើជា​កម្មសិទ្ធិ