ព្រឹក​ថ្ងៃ​ទី​៣០​មីនា​ សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ ករណី​នាំ​គ្រឿងញៀន​ចូល​គុក​ព្រៃ​.ស​

ព្រឹក​ថ្ងៃ​ទី​៣០​មីនា​ សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ ករណី​នាំ​គ្រឿងញៀន​ចូល​គុក​ព្រៃ​.ស​



ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​នាំ​គ្រឿងញៀន​ចូល​ពន្ធនាគារ​ព្រៃ​.ស។

ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន ទី​១​-ឈ្មោះ ប៉ាក់ សុខ​ហេង ហៅ​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៨៩ ក្រុម​២ ភូមិ​ឃ្លះ​សណ្តាយ សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ ។ ទី​២​-ឈ្មោះ ខឹម ចន្ថា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ឃ្លះ​សណ្តាយ សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ។ និង​ទី​៣-​ឈ្មោះ ជួរ សូ​ទ្រី ហៅ​ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​របរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ឃ្លះ​សណ្តាយ សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ ដោយ​បាន​ទទួល​ព័ត៌មាន​ពី​កម្លាំង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​.ស នៅ​មណ្ឌល​អប់រំ​កែប្រែ (​ម​១) ស្ថិត​នៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ដែល​មាន​ជនសង្ស័យ​ឈ្មោះ ប៉ាក់ សុខ​ហេង ហៅ ហេង បាន​មក​សួរសុខទុក្ខ​បងប្រុស​ឈ្មោះ ប៉ាក់ សំណាង អាយុ​៣៧​ឆ្នាំ ដែល​ជាប់ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ (​ម​១) ពី​បទ​កាន់កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត។

នៅ​ក្នុង​ពេលនេះ ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​.ស ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់ ដែល​ជនសង្ស័យ​ឈ្មោះ ប៉ាក់ សុខ​ហេង ហៅ ហេង លាក់​ទុក​នៅ​ក្នុង​ជើងខោ​ខាងឆ្វេង ដែល​មូរ​ឡើង​ត្រឹម​កំភួនជើង ទើប​ធ្វើការ​ឃាត់ខ្លួន ​រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ព្រៃវែង បញ្ជូន​បន្ត​មក​កាន់​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ ចាត់ការ​តាមច្បាប់។

សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ក្រោយពី​ធ្វើការ​សាកសួរ​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជន​សង្ស័យ ទើប​សមត្ថកិច្ច​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បន្ត​ទៀត កាលពី​វេលា​ម៉ោង ១៣​និង​៣០​នាទី​រសៀល​ថ្ងៃខែ​ដដែល នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ ទី​១​-ឈ្មោះ ខឹម ចន្ថា ហៅ ម៉ាប់ និង​ទី​២​-ឈ្មោះ ជួរ សូ​ទ្រី ហៅ ជា។ ចំណែក​សម្ភារៈ​ដកហូត​រួមមាន ម៉ូតូ​ចំនួន​២​គ្រឿង ទូរស័ព្ទ​ដៃ​២​គ្រឿង និង​លុយ​ខ្មែរ​ចំនួន​១៥.០០០​រៀល។

សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​ផ្ដន្ទាទោស​តាម​នីតិវិធី ៕