ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​អភិវឌ្ឍ​បឹង​ធម្មជាតិ​នៅ​កំពង់ចាម​ជា​តំបន់​ទេសចរណ៍

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងធំ ដែល​ជា​បឹង​ធម្មជាតិ​ធំ​មួយ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កែច្នៃ​តំបន់​បឹង​មួយ​នេះ ឱ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ។ ពួកគាត់​លើក​ឡើង​ថា ប្រសិនបើ​តំបន់​នេះ​ក្លាយ​ជា​តំបន់​កម្សាន្ត គឺ​អាច​ផ្ដល់​អត្ត​ប្រយោជន៍​ជា​ច្រើន​ដល់​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ តាម​រយៈ​ការ​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរណ៍។ មិន​តែ​ប៉ុណ្ណោះ អាច​ទប់ស្កាត់​មិន​ឱ្យ​មាន​ករណី​បទល្មើស​នេសាទ​ផ្សេងៗ​ទៀត​ផង។

មាន​ហេតុផល​ជា​ច្រើន​ដែល​នាំ​ឱ្យ​ពលរដ្ឋ​រស់​នៅ​ជាប់​មាត់​បឹងធំ នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ស្នើ​ឱ្យ​អាជ្ញាធរ​គិតគូរ​កែច្នៃ​តំបន់​ធម្មជាតិ​មួយ​នេះ ឱ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍។ ហេតុផល​ទាំង​នោះ​រួម​មាន ផ្ទៃ​បឹង​ដ៏​ល្វឹងល្វើយ​ប្រៀប​ដូច​ទៅ​នឹង​ផ្ទៃ​បឹង​ទន្លេសាប ហើយ​មាន​ទឹក​នៅ​ជាប់​ជានិច្ច ទាំង​រដូវ​ប្រាំង និង​រដូវ​​វស្សា។ ក្រៅ​ពី​នេះ មាន​តំបន់​ព្រៃ​លិច​ទឹក​រាប់​រយ​ហិកតារ​ដែល​ជា​ជម្រក​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​កំពុង​រស់​នៅ។ មិនតែប៉ុណ្ណោះ ភ្ញៀវ​ទៅលេង​កម្សាន្ត​នៅ​តំបន់​បឹង​ធំ អាច​ស្វែង​យល់​ពី​របៀប​របប​រស់​នៅ​របស់​អ្នក​ស្រុក និង​អាច​ទស្សនា​ពី​សកម្មភាព​នេសាទ​របស់​អ្នក​ភូមិ។ បន្ថែម​ពី​នេះ ក៏​មាន​ជា​កន្លែង​លេង​ទឹក ឬ​ជិះ​ទូក​លេង​កម្សាន្ត​នៅ​តាម​បឹង និង​អាច​ទៅ​លេង​កោះ​មួយ​ឈ្មោះ កោះ​លោក​យាយម៉ៅ ជាដើម។

ពលរដ្ឋ​រស់​នៅ​ភូមិ​កំពង់សំណាញ់ លោក ង៉ាន់ ឡូញ មាន​ប្រសាសន៍​ថា កន្លង​មក​មាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ រួម​ទាំង​សិស្សានុសិស្ស​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​បឹង​ធំ ប៉ុន្តែ​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ។ លោក​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​រៀបចំ​តំបន់​បឹង​ធំ ឱ្យ​បាន​ប្រសើរ នោះ​អាច​នឹង​មាន​មនុស្ស​ទៅ​លេង​ច្រើន ហើយ​អាច​ទប់ស្កាត់​បទល្មើស​នេសាទ​មិន​ឱ្យ​កើត​មាន​ឡើង៖ «ភាគ​ច្រើន​អ្នក​ស្រុក​នៅ​ហ្នឹង ថា​ធ្វើ​ជា​តំបន់​ទេសចរណ៍​ហ្នឹង​បាន។ បើ​បាន​កើត​ជា​តំបន់​ទេសចរណ៍ គឺ​គ្រាន់​បើ​ជាង ព្រោះ​រាល់​ថ្ងៃ​ហ្នឹង​ដូច​ពួក​គាត់​និយាយ​ហ្នឹង​ថា បើ​អ្នក​ត្រូវ​ជាមួយ​ជលផល រស់​ទៅ តែ​អ្នក​មិន​ត្រូវ​ ពិបាក​ទៅ»

បឹង​ធំ ជា​បឹង​មួយ​ដែល​មាន​ទំហំ​ទទឹង​ប្រមាណ ៤​គីឡូម៉ែត្រ និង​បណ្ដោយ​ប្រមាណ ៨​គីឡូម៉ែត្រ ជាប់​ស្រុក​ចំនួន​៣ នៅ​ក្នុង​ខេត្ត​កំពង់ចាម រួម​មាន​ស្រុក​កងមាស ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ។ បឹង​មួយ​នេះ បាន​ផ្ដល់​ជា​ប្រភព​ទឹក​សម្រាប់​រួម​ចំណែក​ដល់​ប្រជាកសិករ​ដែល​រស់​នៅ​ជាប់​បឹងធំ ទាំង​បី​ស្រុក ក្នុង​ការ​ធ្វើ​កសិកម្ម​ទៀត​ផង។ ​បច្ចុប្បន្ន ផ្នែក​ខ្លះ​នៃ​បឹងធំ ត្រូវ​បាន​ខាង​មន្ត្រី​ជំនាញ​ជលផល​រក្សា​ទុកជា​តំបន់​ព្រៃ​ការពារ ឬ​តំបន់​បឹង​អភិរក្ស ដូចជា​បឹង​ព្រលឹត ដែល​មាន​ទំហំ ២៣១​ហិកតារ ហើយ​មាន​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ​ផង។

មន្ត្រី​សម្របសម្រួល​អង្គការ​សាមគ្គី ខេត្ត​កំពង់ចាម លោក ស៊ីម ហុន ដែល​ធ្វើ​ការងារ​ស្និទ្ធ​ជាមួយ​ប្រជា​សហគមន៍​នេសាទ​បឹង​ធំ មាន​ប្រសាសន៍​ថា កន្លង​មក​សហគមន៍​មាន​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា កម្សាន្ត​សហគមន៍។ គម្រោង​នេះ មាន​គោលបំណង​ធ្វើ​យ៉ាង​ណា​ទាក់ទាញ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ អាច​មក​ទស្សនា​កម្សាន្ត​តំបន់​បឹង​ធំ​បាន ប៉ុន្តែ​លោក​ថា ផែនការ​នេះ​មិន​ទាន់​បាន​ចេញ​ជា​រូបរាង ពីព្រោះ​មិន​មាន​ថវិកា​សម្រាប់​អនុវត្ត​គម្រោង។

លោក​ថា ប្រសិនបើ​គម្រោង​នេះ​ដំណើរការ ឬ​តំបន់​បឹង​ធំ ក្លាយ​ជា​តំបន់​ទេសចរណ៍ ប្រជា​សហគមន៍​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន៖ «អ៊ីចឹង​ប្រជាជន​គាត់​ជា​អ្នក​នេសាទ​អី គាត់​រក​នេសាទ​បាន​ស្រួល។ ទី​ពីរ វា​ផ្ដល់​ជា​មុខ​របរ​មួយ​ដល់​សហគមន៍​ហ្នឹង»

បឹង​ធំ កំពង់ចាម ៨៥៥ ២០១៦
ទូក​នេសាទ​របស់​ពលរដ្ឋ​ចត​នៅ​មាត់​បឹងធំ ក្នុង​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១៦។ RFA/Saut Sokprathna

 

បន្ថែម​លើ​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ ដែល​តែងតែ​ធ្វើ​ការងារ​ជាមួយ​ពលរដ្ឋ​នៅ​ជុំវិញ​បឹង​ធំ លោក នាង សុវ៉ាត មើល​ឃើញ​ថា បឹង​ធំ គឺ​មាន​សក្ដានុពល​ជា​ច្រើន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​កម្សាន្ត។ លោក​បន្ត​ថា ពេល​ណា​តំបន់​មួយ​នេះ​ក្លាយ​ជា​តំបន់​ទេសចរណ៍ គឺ​ជួយ​ស្ដារ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ច្រើន​នឹង​អាច​ធ្វើ​ឱ្យ​ពួកគាត់​យល់​ពី​តម្លៃ​ធនធាន​ធម្មជាតិ​ទាំង​នោះ ហើយ​កាន់​ជំរុញ​ឱ្យ​អ្នក​ស្រុក​ចូល​រួម​ថែរក្សា​ធនធាន​ជលផល ដូចជា​ត្រី ព្រៃ​លិច​ទឹក និង​ពពួក​សត្វ​ស្លាប ជាដើម៖ «ទេសចរណ៍​មាន​ច្រើន ខ្ញុំ​គិត​ថា នៅ​តំបន់​នេះ​រាប់​ម៉ឺន​នាក់ រាប់​ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ ពីព្រោះ​ឥឡូវ​នេះ ក៏​មាន​មនុស្ស​មួយ​ចំនួន ក្មេង​មួយ​ចំនួន​គេ​មក​ដល់​ដែរ»

លោក​បន្ថែម​ទៀត​ថា ជំហាន​ដំបូង រាជរដ្ឋាភិបាល​ត្រូវ​កសាង​ផ្លូវ​ទៅ​កាន់​មាត់​បឹង​ឱ្យ​បាន​ស្រួល រៀបចំ​កន្លែង​សម្រាប់​លេង​ទឹក កន្លែង​សម្រាក កន្លែង​បរិភោគ​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ ព្រម​ទាំង​ថែរក្សា​សន្តិសុខ​ឱ្យ​បាន​ប្រសើរ​ជាដើម។ ទាក់ទង​បញ្ហា​នេះ មន្ត្រី​ផ្នែក​ជលផល និង​អាជ្ញាធរ​ខេត្ត​កំពង់ចាម សម្ដែង​ការ​គាំទ្រ​ទាំង​ស្រុង។

នាយ​ខណ្ឌ​ជលផល​កំពង់ចាម លោក អ៊ុក ណារិន មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ រួម​នឹង​សង្គម​ស៊ីវិល ពីព្រោះ​ទស្សនៈ​វិស័យ​របស់​មន្ត្រី​ជលផល អភិរក្ស​ផ្នែក​ខ្លះ​នៃ​បឹង គឺ​រក្សា​ពពួក​សត្វ​ស្លាប​ឱ្យ​នៅ​គង់វង្ស​បាន​ច្រើន ដើម្បី​អភិវឌ្ឍ​ទៅ​តំបន់​ទេសចរណ៍​សត្វ​ស្លាប ដូច​នៅ​តំបន់​បឹង​ទន្លេសាប៖ «កន្លែង​ហ្នឹង បង​មើល​ឃើញ​ជា​កន្លែង​អភិរក្ស​ជលផល​ហ្នឹង ជា​គោលដៅ​ទី​មួយ។ ទី​ពីរ ជា​តំបន់​ទេសចរណ៍​ហ្នឹង​ហើយ និង​ទី​បី ជា​កន្លែង​ស្តុក​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ»

​បច្ចុប្បន្ន​ផ្នែក​ខ្លះ​នៃ​បឹង​ធំ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ជលផល កំពុង​បោះ​បង្គោល​ដើម្បី​កំណត់​ថា ជា​តំបន់​អភិរក្ស​ជា​បណ្តើរៗ។ ជាមួយ​គ្នា​នេះ អភិបាលរង​ខេត្ត​កំពង់ចាម លោក ជីម លាវ បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​ដើម្បី​អភិវឌ្ឍន៍​តំបន់​មួយ​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ។ មិន​តែ​ប៉ុណ្ណោះ អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​តំបន់​ខ្លះ​ពី​ចំណុច​ផ្លូវជាតិ​លេខ​៧ ចូល​ទៅ​កាន់​មាត់​បឹង​ធំ ហើយ​គម្រោង​ធ្វើ​ផ្លូវ​នៅ​តំបន់​ផ្សេងៗ​ទៀត នឹង​អាច​មាន​ជា​បន្តបន្ទាប់៖ «អាជ្ញាធរ​ខេត្ត​គាំទ្រ​មួយ​រយ​ភាគរយ​ហើយ។ អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ​រហូត​ដល់​មាត់​បឹង​ធំ​ហ្នឹង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ»

មន្ត្រី​សង្គម​ស៊ីវិល​ពន្យល់​ថា បច្ចុប្បន្ន ប្រជា​នេសាទ​រស់​នៅ​បរិវេណ​ជាប់​មាត់បឹង​ធំ​មួយ​ចំនួន បាន​ក្លាយ​ជា​ជនរងគ្រោះ ដូចជា​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក ជំពាក់​បំណុល​ធនាគារ បន្ទាប់​ពី​ទិន្នផល​ត្រី​ក្នុង​បឹង​កាន់​តែ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​នាំ​ឱ្យ​ពួកគាត់​បាត់បង់​ចំណូល​ពី​ការ​នេសាទ។ ពួកគេ​រំពឹង​ថា ពលរដ្ឋ​នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​បាន ប្រសិន​គម្រោង​អភិវឌ្ឍន៍​តំបន់​មួយ​នេះ​ក្លាយ​ជា​ការពិត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។