កំពូលអ្នកប្រដាល់ «Nick Blackwell» សន្លប់ធំនៅពេទ្យ បន្ទាប់ពីប្រកួតចាញ់

បន្ទាប់ពីប្រកួតចាញ់ នៅក្នុងការប្រកួត ដើម្បីការពារខ្សែក្រវាត់ជើងឯក ខាងទំងន់មធ្យមរបស់ខ្លួន កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​មក កីឡាករប្រដាល់ជាតិអង់គ្លេស និក ប្លេកវែល (Nick Blackwell) បានដួលនៅលើ​ឆាក​ប្រកួត និង​ត្រូវ​ដឹក ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។ នៅទីនោះ ដែលរហូតមកដល់ថ្ងៃនេះ កីឡាករនៅមិនទាន់​ដឹងខ្លួន​នៅ​ឡើយ ក្រុម​គ្រូពេទ្យ​បាន​អះអាង​ថា កីឡាករបានរងគ្រោះ ព្រោះអាការៈ «ឈាមហូរចូល​ក្នុង​ខួរក្បាល»។
កំពូលអ្នកប្រដាល់ «Nick Blackwell» សន្លប់ធំនៅពេទ្យ បន្ទាប់ពីប្រកួតចាញ់

កីឡាករ និក ប្ល៊េកវែល បែកឈាមពេលប្រកួត ជាមួយកីឡាករ គ្រីស អឺប៊េង។ (រូបថត Sipa)

ទិដ្ឋភាព ដែល​ត្រូវបាន​ប្រព័ន្ធផ្សព្វផ្សាយ យកមកផ្សាយនៅក្នុងអត្ថបទ ឬរបាយការណ៍របស់ពួកគេ មាន​លក្ខណៈ​​គួរឲ្យ​រន្ធត់​ណាស់។ និក ប្ល៊េកវែល (Nick Blackwell) កីឡាករប្រដាល់ ដែលមានវ័យ២៥ឆ្នាំ បាន​ឡើង​ប្រកួត ដើម្បីការពារខ្សែក្រវ៉ាត់ ជើងឯកខាងទំងន់មធ្យម របស់ខ្លួន កាលពីយប់ថ្ងៃសៅរ៍។ ប៉ុន្តែ ការប្រកួត​លើក​នេះ មិន​មានផលល្អ សម្រាប់កីឡាករឡើយ ដោយហេតុថា កីឡាករម្ចាស់ខ្សែក្រវ៉ាត់ ត្រូវកីឡាករគូប្រជែង គ្រីស អឺប៊េង (Chris Eubank Jr) វាយសន្ធាប់គ្មានប្រណី។

នៅបំផុត កីឡាករ និក ប្ល៊េកវែល ត្រូវបានអាជ្ញាកណ្ដាល ប្រកាសឲ្យចាញ់ ក្នុងជុំទី១០ ព្រោះគ្រូពេទ្យបាន​អះអាង​ថា ភ្នែកខាងឆ្វេង របស់កីឡាករ និក ប៊្លេកវែល មិនអាចសម្លឹងមើលឃើញអ្វីទៀតទេ។ នៅក្នុងរូបភាព ដែល​ផ្សាយ​ផ្ទាល់ ក៏ដូចជារូបភាព ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ យកមកផ្សាយ នាពេលក្រោយមក បាន​បង្ហាញ​ថា ត្របកភ្នែក និងចិញ្ចើមភ្នែកខាងឆ្វេង របស់កីឡាករបានហើមប៉ោងឡើង។

កំពូលអ្នកប្រដាល់ «Nick Blackwell» សន្លប់ធំនៅពេទ្យ បន្ទាប់ពីប្រកួតចាញ់

ប៉ុន្តែហេតុការណ៍ កាន់តែមិនអនុគ្រោះ សម្រាប់កីឡាករ និក ប៊្លេកវែល ព្រោះបន្ទាប់ពី​អាជ្ញា​កណ្ដាល​ប្រកាស​ឲ្យ​ចាញ់រួច កីឡាករវ័យ២៥ឆ្នាំ បានដួលព្រូស ទៅលើសៃវៀនប្រកួត និងត្រូវបានដឹកទៅសង្គ្រោះជាបន្ទាន់ នៅឯ​មន្ទីរពេទ្យ។ នៅទីនោះ គ្រូពេទ្យបានអះអាងថា កីឡារដែលសន្លប់លែងដឹងខ្លួន មានអាការៈ«ឈាមហូរចូល​ក្នុង​ខួរ​ក្បាល» ហើយបានដាក់កីឡាករ នៅក្នុងការសង្គ្រោះ សម្រាប់អ្នកជំងឺធ្ងន់ធ្ងរ។

គួរបញ្ជាក់ដែរថា នៅក្នុងការប្រកួត មុនមកដល់ជុំទី៩ ឪពុករបស់កីឡាករ គ្រីស អឺប៊េង ដែលជាកីឡាករ​គូ​ប្រជែង ទំនងជាបានជួយសង្គ្រោះជីវិត របស់កីឡាករ និក ប្ល៊េកវែល ដោយបានស្រែកប្រាប់កូនខ្លួន នៅ​ពេល​ឲ្យទឹកថា៖ «ឥឡូវនេះ កូនឯង ឈប់វាយលើមុខវា តែកូនឯងត្រូវវាយ លើខ្លួនវាឲ្យច្រើន»។ បើតាមសំដីនេះ ដែល​ថតផ្សាយ ឮសូរនៅតាមទូរទស្សន៍ អ្នកតាមដានកីឡាប្រដាល់បានគិតថា ឪពុករបស់កីឡាករ គ្រីស អែប៊េង ដែល​ធ្លាប់​ជា អតីតម្ចាស់ខ្សែក្រវ៉ាត់ជើងឯក​ (ទំងន់មធ្យម) ដែរនោះ ទំនងជា​បាន​ដឹង​ពីចំណុចខ្យោយ របស់​​កីឡាករ និក ប្លេកវេល ហើយបើកូនគាត់ នៅបន្តវាយសន្ធាប់ ទៅលើក្បាលកីឡាករគូប្រជែងនោះ ​កីឡាករ និក ប្លេកវែល អាច​នឹង​​អស់​ជីវិត។

យ៉ាងណាក៏ដោយ បើតាមសារព័ត៌មាននានា ដែលចេញផ្សាយ ក្នុងប្រទេសអង់គ្លេស បានឲ្យដឹងថា ស្ថានភាព​ជំងឺ​របស់​កីឡាករ និក ប្ល៊េកវែល មានសភាពនឹងនរ និងមានសង្ឃឹមអាចសង្គ្រោះបាន។ ហើយការវះកាត់ខួរក្បាល ក៏មិន​ចាំបាច់​អ្វីដែរ៕

-----------------

» ទស្សនាឡើងវិញ នូវការប្រកួត ទាំង១០ជុំ របស់កីឡាករ និក ប្ល៊េកវែល និងកីឡាករ គ្រីស អឺប៊េង៖