ទោះបីជាអស់ជើង ទាំងសងខាង ក៏ដោយតែ នារីម្នាក់នេះ នៅតែអាចតស៊ូនិង ជួយជីវិតមនុស្ស បានយ៉ាងច្រើន ទៀតផង

ចិន៖ វាគឺជារឿងដ៏ គួរឲ្យរំជួលចិត្ត និងគួរឲ្យគោរពខ្លាំងបំផុត ក៏ព្រោះតែនារីម្នាក់ ដែលធ្លាក់ខ្លួនពិការ បាត់បង់ជើង ទាំងសងខាងទៅហើយនោះ ពុះពាររាល់ឧបសគ្គ រហូតដល់ក្លាយខ្លួនជា គ្រូពេទ្យជួយសង្រ្គោះជីវិត មនុស្សបានយ៉ាងច្រើន ទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកគ្រូពេទ្យដ៏អស្ចារ្យ ម្នាក់នេះមានឈ្មោះ Li Juhong អាយុ៣៧ឆ្នាំ រស់នៅតំបន់មួយ ក្បែរក្រុង Chongqing របស់ប្រទេសចិន បានកំពុងធ្វើឲ្យមនុស្ស ជាច្រើនមានការ ស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះទឹកចិត្ត និងភារកិច្ចរបស់គាត់ ដែលកំពុងតែមាន រាល់ថ្ងៃនេះ។

បើតាមការបញ្ជាក់បន្ថែម ពោលគឺថា ក្នុងអំឡុងឆ្នាំ១៩៨៣ ជាពេលដែល Li មានអាយុត្រឹម៤ឆ្នាំប៉ុណ្ណោះ ហើយនាងក៏បាន ជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ជាលទ្ធផល ជើងទាំង២របស់នាង ត្រូវបានគ្រូពេទ្យ កាត់ចោល។

ថ្វីបើធ្លាក់ខ្លួនក្លាយជា មនុស្សពិការ យ៉ាងណាក៏ដោយ Li មិនបានបាក់ទឹកចិត្តនោះឡើយ នាងតស៊ូរហូតដល់ អាចប្រើប្រាស់កៅអីឈើ ធ្វើជាជំនួយសម្រាប់ ការធ្វើដំណើរ របស់ខ្លួន។

ដោយសារតែហេតុការណ៍អាក្រក់ នាំឲ្យ Li បាត់បង់ជើងទាំង២ ទើបនាងបានសម្រេច ជ្រើសរើសចូលសិក្សាផ្នែក វេជ្ជសាស្ត្រ និងតស៊ូរហូតបញ្ចប់ការសិក្សា។ ក្នុងឆ្នាំ២០០១ Li បានចាប់ផ្តើមការងារ នៅក្នុងគ្លីនិកមួយកន្លែង នាឯភូមិ Wadian ហើយនោះក៏ជា ចំណុចចាប់ផ្តើមនៃ កិច្ចការដ៏អស្ចារ្យ របស់នាងផងដែរ។

ជារៀងរាល់ថ្ងៃ Li ត្រូវមើលថែជំងឺ មនុស្សជាច្រើន ហើយភាគច្រើន នាងត្រូវចុះទៅដល់ផ្ទះ របស់អ្នកជំងឺទាំងនោះ ទៀតផង ដែលនេះគឺជា រឿងដ៏ពិបាកមួយ ព្រោះថាការធ្វើដំណើរ គឺពិបាកសម្រាប់ Li តែពេលខ្លះ ក៏មានភាពងាយស្រួល មួយចំនួនផងដែរ ព្រោះថាប្តីរបស់នាង បានជួយនាង ដើម្បីធ្វើដំណើរ ទៅមើលជំងឺ។ 

ក្នុងអាជីពការងារ ប្រហែលជាជាង ១៥ឆ្នាំមកហើយនេះ Li បានមើលថែ និងជួយជីវិតអ្នកស្រុក អ្នកភូមិ ប្រហែលជា ៦,០០០នាក់ មកហើយ។ ជាមួយគ្នានេះដែរ Li ក៏បាននិយាយ ប្រាប់ឲ្យដឹងថា “បើប្រៀបជាមួយអ្នកដទៃ ខ្ញុំមានការលំបាក ច្រើនខ្លាំងណាស់ តែខ្ញុំតែងខ្សឹបប្រាប់ខ្លួនឯងថា ព្រះជួយតែអ្នក ដែលអាចជួយខ្លួនឯងបាន នោះទេ។ ឃ្លានេះហើយដែល តែងជំរុញទឹកចិត្ត ខ្ញុំរហូតមក”។

គូសបញ្ជាក់ផងដែរថា Li Juhong មានប្តី និងកូនប្រុសម្នាក់ អាយុ១២ឆ្នាំ ហើយនេះក៏ជារឿង សុភមង្គលមួយ សម្រាប់នារីដ៏អស្ចារ្យ ម្នាក់នេះផងដែរ៕

ទិដ្ឋភាពផ្សេងៗទៀត ក្នុងការតស៊ូ និងដំណើរជីវិត របស់អ្នកគ្រូពេទ្យ Li៖

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត