ប្រតិបត្តិការ​យោធា​ចំណាយ​ប្រាក់​ច្រើន​បំផុត​5​ចាប់តាំងពី​ឆ្នាំ​1950​មក

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ខាងក្រោម​នេះ​ជា​ប្រតិបត្តិការ​យោធា​ចំណាយ​ប្រាក់​ច្រើន​បំផុត​៥​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក ។

កាលពី​ស​ប្តា​ហ៍​មុន ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ប្រកាស​ថា ការ​ចំណាយ​របស់​ក្រុង​មូ​ស្គូ​សម្រាប់​ប្រតិបត្តិការ​យោធា​៥​របស់​ខ្លួន​នៅ​ស៊ី​រី​មាន​ដល់​៣​ពាន់​លាន​រូ​ប្លិ៍ (​ប្រមាណ​ជា​៤២០​លាន​អឺ​រ៉ូ​) ។

ដើម្បី​ផ្តល់​ឱ្យ​អ្នក​អាន​នូវ​គំនិត​ទាក់ទិន​នឹង​ទឹកប្រាក់​នេះ ទីភ្នាក់ងារ​ព័ត៌មាន SPUTNIK បាន​លើកយក​បណ្តា​ប្រតិបត្តិការ​យោធា​ដែល​ចំណាយ​ខ្ពស់​បំផុត​ដោយ​យ​មិន​គិត​ពី​សង្គ្រាមលោក​ទាំង​២ ។

គឺ​សហរដ្ឋ​អា​​មេ​រិ​ក​ដែល​ជា​អ្នក​នាំមុខ​គេ បើ​គិត​ពី​ចំនួន​ប្រតិបត្តិការ​យោធា​ដែល​ធ្វើ​នៅ​ក្រៅ​ដែនដី​ជាតិ​របស់​ខ្លួន ។ យោង​តាម​ផ្នែក​ស្រាវជ្រាវ​របស់​សភា​អា​មេ​រិ​កថា ចាប់​តាំង​ពី​ដើម​រៀង​មក សហរដ្ឋអាមេរិក​បាន​ចូលរួម​តែឯង ឬ​ក្នុង​ផ្ទៃ​ក្រុមចម្រុះ​អន្តរជាតិ ក្នុង​ជម្លោះ​ជិត​២៥០​នៅ​ឯ​បរទេស ។ ក្នុង​ចំណោម​ប្រតិបត្តិការ​យោធា ដែល​ចំណាយ​ប្រាក់​ច្រើន​បំផុត​៥ ចាប់តាំងពី​ឆ្នាំ​១៩៥០​មក​មាន ៖

-​ចំណាត់​ថ្នាក់ទីមួយ​គឺ​សង្គ្រាម​នៅ​អីុរ៉ា​ក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ចំណាយ​ប្រាក់​រវាង​ពី​៨៩៣​ពាន់​លាន​ទៅ​៥.៤០០​ពាន់​លាន​អឺ​រ៉ូ ។

ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០០១ ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស ប្រកាស​ពី​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​មួយ ។ នោះ​ជា​ប្រតិ​បត្តិ​ការ​ឈ្មោះ ENDURING FREEDOM ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អា​​មេ​រិ​ក​ក្នុង​តំបន់​ផ្សេង​ៗ​នៃ​ពិភពលោក​គឺ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន អីុ​រ៉ា​ក់ ប៉ា​គី​ស្ថាន សូ​ម៉ា​លី យេ​ម៉ែ​ន ឥណ្ឌូ​ណេ​ស៊ី និង​ហ្វ៊ី​លី​ពី​ន​។ កាលពី​ឆ្នាំ​២០១០ ផ្នែក​ស្រាវជ្រាវ​របស់​សភា​អា​មេ​រិ​កបាន​ប៉ាន់​ប្រមាណ​ពី​ការ​ចំណាយ​សម្រាប់​ប្រតិបត្តិការ​នេះ​ថា មាន​ដល់​១.១៤៧​ពាន់​លាន​ដុល្លារ (​ក្បែរ​១០០០​ពាន់​លាន​អឺ​រ៉ូ​) ។ ក៏​ប៉ុន្តែ​ទឹកប្រាក់​នេះ​មិន​រាប់​បញ្ចូល​ទឹកប្រាក់​នៃ​ការ​ចំណាយ​លើ​ការ​ថែទាំ និង​ព្យាបាល​បណ្តា​ទាហាន​របួស ការ​ចំណាយ​សម្រាប់​ជន​ពិការ ប្រាក់​សោធន​និវត្តន៍ ព្រមទាំង​ពី​ការ​ប្រាក់​ដែល​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ខ្ចី​សម្រាប់​ធ្វើសង្គ្រាម​ទាំងនេះ​ទេ ។ ពួក​អ្នកឯកទេស​នៃ​សាលា HARVARD KENNEDY SCHOOL OF GOVERNMENT (HKS) វាយតម្លៃ​លើ​ការ​ចំណាយ​សម្រាប់​ការ​ចូលរួម​របស់​សហរដ្ឋ​អា​េ​ម​រិ​ក​ក្នុង​ជម្លោះ​នៅ​អីុ​រ៉ា​ក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា មាន​រវាង​ពី​៤.០០០​ពាន់​លាន​ទៅ​៦.០០០​ពាន់​លាន​ដុល្លារ (៣.៧០០​ពាន់​លាន ទៅ​៥.៤០០​ពាន់​លាន​អឺ​រ៉ូ​) ។

ក្នុង​ឆ្នាំ​២០១៥ ពួក​អ្នកឯកទេស​នៃ​អង្គការក្រៅរដ្ឋាភិបាល NATIONAL PRIORITIES PROJECT បាន​គណនា​ពី​ការ​ចំណាយ​របស់​សហរដ្ឋ​អា​មេ​រិ​ក​សម្រាប់​ប្រតិបត្តិការ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា គិត​ជា​មធ្យម​៤​លាន​ដុល្លារ ក្នុង​មួយ​ម៉ោង ។ ប្រតិបត្តិការ​របស់​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​នៅ​អីុ​រ៉ា​ក់​កំពុង​បន្ត​ទៀត ។

-​ចំណាត់ថ្នាក់​ទី​២ គឺ​សង្គ្រាម​នៅ​វៀតណាម​ប្រមាណ​៦៥៩,២​ពាន់​លាន​អឺ​រ៉ូ ។ ដើម្បី​ធ្វើសង្គ្រាម​នេះ សហរដ្ឋ​អា​មេ​រិ​កបាន​បញ្ជូន​ទ័ព​ទៅ​វៀតណាម​ជិត​៥៥០.០០០​នាក់ ។ យុទ្ធនាការ​យោធា​នេះ​មាន​រយៈពេល​៨​ឆ្នាំ ដែល​អា​មេ​រិ​ក​ត្រូវ​ចំណាយ​ប្រាក់​៧៣៨​ពាន់​លាន​ដុល្លារ (៦៥៩,២​ពាន់​លាន​អឺ​រ៉ូ​) ហើយ​ទាហាន​អា​មេ​រិ​ក​៥៨.០០០​នាក់​ស្លាប់ ។ ប្រធានបទ​ពី​សង្គ្រាម​វៀតណាម​លើក​ឡើង​ក្នុង​ខ្សែភាពយន្ត​ដល់​ជាង​៥០០​រឿង ដែល​ផ្តល់​នូវ​ស្លាកស្នាម​ជូរ​ចត់​បំផុត​ក្នុង​សង្គម​អា​មេ​រិ​ក ។ ផលវិបាក​នៃ​សង្គ្រាម​នៅ​វៀត​ណាម​​ញ៉ាំង​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ជា​ច្រើន​នាក់​បដិសេធ​មិន​គាំទ្រ​សង្គ្រាម​អូស​បន្លាយពេល​យូរ​នេះ ។

-​ចំណាត់ថ្នាក់​ទី​៣ គឺ​សង្គ្រាម​នៅ​កូរ៉េ​ចំណាយ​៣០៦,៦​ពាន់​លាន​អឺ​រ៉ូ ។ ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​១៩៥០ កងទ័ព​កូរ៉េ​ខាងជើង​បាន​ឆ្លងកាត់​ខ្សែស្រប​ទី​៣៨ ហើយ​ធ្វើការ​វាយលុក​ប្រឆាំង​កូរ៉េ​ខាងត្បូង ។ នា​ថ្ងៃ​ដដែល​នោះ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​អនុម័ត​ដោយ​៩​សំឡេង​នូវ​គម្រោង​ដំណោះស្រាយ​មួយ​របស់​អា​មេ​រិ​ក ដែល​គ្រោង​ផ្តល់​ជំនួយ​យោធា​ដល់​កូរ៉េ​ខាងត្បូង ។ អ​.​ស​.​ប បាន​បញ្ជូន​ទៅ​កាន់​តំបន់​នេះ​នូវ​កងកម្លាំង​ជើង​គោក​ដែល​ភាគច្រើន​ជា​ទាហាន​អា​មេ​រិ​ក ហើយ​កងកម្លាំង​នេះ ស្ថិត​ក្រោម​បញ្ជា​របស់​ឧត្តមសេនីយ៍ DOUGLAS MACARTHUR ។ កងទ័ព​កូរ៉េ​ខាងជើង​ត្រូវ​វាយ​រុញច្រាន ។ អន្តរាគមន៍​យោធា​របស់​ចិន​អាច​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​វិល​មក​កាន់​ទីលានប្រយុទ្ធ​ជា​ថ្មី​នាំ​ឱ្យ​មានការ​យឺតយ៉ាវ​ក្នុង​ការ​បញ្ចប់​ជម្លោះ ។ សង្គ្រាម​រយៈពេល​៣​ឆ្នាំ​បាន​បញ្ចប់​តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​មួយ​ក្នុង​ឆ្នាំ​១៩៥៣ ។

ការ​ប្រយុទ្ធ​គ្នា​នៅ DAEGU ជា​ចំណុចខ្លាំង​បំផុត​នៃ​សង្គ្រាម​នេះ ។ យន្តហោះ​ទម្លាក់​គ្រាប់បែក B-29 ដល់​ទៅ​១០០​គ្រឿង ទម្លាក់​គ្រាប់បែក​ទម្ងន់​២៣០​គីឡូក្រាម ដល់​ជាង​៣.០០០​គ្រាប់ និង​គ្រាប់បែក​ទម្ងន់​៤៥០​គីឡូក្រាម ១៥០​គ្រាប់ ។ សង្គ្រាម​កូរ៉េ​ញ៉ាំង​ឱ្យ​សហរដ្ឋ​អា​មេ​រិ​ក​ចំណាយ​អស់ប្រាក់​៣៤១​ពាន់​លាន​ដុល្លារ (៣០៤,៦​ពាន់​លាន​អឺ​រ៉ូ​) ហើយ​ទាហាន​អា​មេ​រិ​ក​ជាង​៣៤.០០០​នាក់​ស្លាប់ ។

-​ចំណាត់ថ្នាក់​ទី​៤ ប្រតិបត្តិការ​ព្យុះ​វាល​ខ្សាច់ ពោល​គឺ​សង្គ្រាម​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​ដែល​ចំណាយ​ប្រាក់​៩១​ពាន់​លាន​អឺ​រ៉ូ ។ សង្គ្រាម​ឈូង​សមុទ្រ (១៩៩០-១៩៩១) អាច​ចាត់ទុកជា​ជម្លោះ​យោធា​ខ្លី​បំផុត​មួយ នៃ​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អា​មេ​រិ​ក ។ ប្រតិបត្តិការ​ព្យុះ​វាល​ខ្សាច់​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​អា​មេ​រិ​ក​មាន​រយៈពេល​ត្រឹម​៤២​ថ្ងៃ ដែល​បញ្ចប់​តាម​រយៈ​ការ​រំដោះប្រទេស​គុយ​វ៉ែត និង​ការ​ចាកចេញ​របស់​កងទ័ព​អីុ​រ៉ា​ក់​ពី​ប្រទេស​នេះ ។ ក្នុង​ប្រតិបត្តិការ​នោះ​ក្រុមចម្រុះ​នាំមុខ​ដោយ​កងទ័ព​អា​មេ​រិ​ក បាន​ប្រើ​ប្រាស់​យន្តហោះ​ប្រយុទ្ធ​ទម្លាក់​គ្រាប់បែក​មាន​ឧបករណ៍​តម្រង់​ច្បាស់ ព្រមទាំង​មធ្យោបាយ​អេ​ឡិច​ត្រូ​និក​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ ។ យោង​តាម​ផ្នែក​ស្រាវជ្រាវ​របស់​សភា​អា​មេ​រិ​កថា ប្រតិបត្តិការ​ព្យុះ​វាល​ខ្សាច់ សហរដ្ឋ​អា​មេ​រិ​ក​ត្រូវ​ចំណាយ​ប្រាក់​១០២​ពាន់​លាន​ដុល្លារ (៩១​ពាន់​លាន​អឺ​រ៉ូ​) ហើយ​ទាហាន​អា​មេ​រិ​ក​២៩៨​នាក់​ស្លាប់ ។

-​ចំណាត់ថ្នាក់​ទី​៥ គឺ​ប្រតិបត្តិការ​របស់​អូតង់​នៅ​យូ​ហ្គោ​ស្លា​វី ដែល​ចំណាយ​ប្រាក់​៣៨,៤​ពាន់​លាន​អឺ​រ៉ូ ។ សង្គ្រាម​នៅ​កូ​សូ​វ៉ូ​បាន​បញ្ចប់​ក្នុង​ខែមិថុនា ឆ្នាំ​១៩៩៩ បន្ទាប់​ពី​ប្រតិ​បត្តិ​ការ​ឈ្មោះ ALLIED FORCE របស់​អូតង់​រយៈពេល​៧៨​ថ្ងៃ ។ ក្នុង​ប្រតិបត្តិការ​នេះ​កង​យន្តហោះ​អូតង់​បាន​វាយប្រហារ​លើ​បណ្តា​ទីតាំង​យោធា និង​ស៊ី​វិល​របស់​សាធារណ​រដ្ឋ​សហព័ន្ធ​យូ​ហ្គោ​ស្លា​វី ។ យោង​តាម​បណ្តា​អ្នកកាសែត​របស់ BBC និង​បណ្តា​អ្នកកាសែត​របស់​ទស្សនាវដ្តី​អង់គ្លេស JANE’S ថា ការ​វាយប្រហារ​ទាំងនេះ​អូតង់​ត្រូវ​ចំណាយ​ប្រាក់​ជិត​៤៣​ពាន់​លាន​ដុល្លារ (​ប្រមាណ​៣៨,៤​ពាន់​លាន​អឺ​រ៉ូ​) ។ កង​យន្តហោះ​អូតង់​ទម្លាក់​គ្រាប់បែក​ជាង​២៣.០០០​គ្រាប់ កម្ទេច​ជិត​៥០%​នៃ​សមត្ថភាព​ព​ផលិតកម្ម​របស់​ប្រទេស​នេះ ហើយ​បង្ក​ការ​ខូចខាត ដែល​ពួក​អ្នក​ជំនាញការ​អង់គ្លេស​ប៉ាន់​ប្រមាណ​ថា ក្នុង​ទំហំ​យ៉ាងតិច​១​ពាន់​លាន​ដុល្លារ ។ យោង​តាម​អាជ្ញាធរ​យូ​ហ្គោ​ស្លា​វី​ថា ជន​ស៊ី​វិល​ជាង​១.៦០០​នាក់​ស្លាប់ និង​ជិត​១០.០០០​នាក់​រង​របួស ៕