និយោជក ជំរុញ​ឲ្យ​កែសម្រួល លើ​សេចក្តីព្រាងច្បាប់ សហជីព​

ភ្នំពេញ:
បន្ទាប់ពី​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើកចុងក្រោយ​លើ​សេចក្តីព្រាងច្បាប់​ស្ដីពី​សហជីព​បាន​កន្លង​ផុត​ទៅ ដូច្នេះ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​ទំនង​នឹងត្រូវ​បានដាក់​ឲ្យ​សភា​អនុម័ត​ក្នុងពេល​ឆាប់ៗ​នេះ​បើទោះបី​ជាមាន​មាត្រា មួយចំនួន មាន​ភាពចម្រូងចម្រាស់​ក្តី​។

​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) និង សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បន្ត​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល កែប្រែ​មាត្រា​មួយចំនួន​នៃ​សេចក្តីព្រាងច្បាប់​សហជីព​នេះ​ដែល​ច្បាប់​នេះ​ចែង ពី​លក្ខខណ្ឌ ក្នុងការ​បង្កើត​សហជីព ប្រភព​ថវិកា និង​ដំណើរការ​របស់​សហជីព ដើម្បី​ធានា​ឲ្យ​បាន​នូវ​ផលប្រយោជន៍​ទាំង​កម្មករ​-​និយោជិត និង​និយោជក នៅ​កម្ពុជា ជាពិសេស​ជន​ដែល​ឋិត​នៅក្នុង​វិស័យ​កាត់ដេរ ដែលជា​វិស័យ​សំខាន់ និង​ធំជាងគេ​នៃ​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា​។

​ការកែសម្រួល​ដ៏​សំខាន់​ដែល​និយោជក​ចង់បាន​នោះ គឺ​នៅត្រង់​មាត្រា ១០ ដែល​កំណត់​ពី ការបង្កើត​សហជីព​។

សេចក្តីព្រាងច្បាប់​បច្ចុប្បន្ន បាន​ចែងថា សហជីព​មូលដ្ឋាន​មួយ​ត្រូវបាន​បង្កើតឡើង​ដោយ​កម្មករ​-​និយោជិត​នៅក្នុង​សហគ្រាស ឬ​គ្រឹះស្ថាន​មូលដ្ឋាន​នោះ​ចំនួន ត្រឹមតែ ១០ (​ដប់​) នាក់​។​

​លោក វ៉ាន់ ស៊ូ​អៀង ដែលជា​ប្រធាន CAMFEBA និង​ជា​ប្រធាន GMAC បាន​មានប្រសាសន៍ថា​៖ “​សម្រាប់​កន្លែងធ្វើការ​មួយកន្លែង ដូចជា​រោងចក្រ​កាត់ដេរ​ជាដើម ដែលមាន​កម្មករ​-​និយោជិត រាប់ពាន់នាក់ អ្នក​អាច​នឹង​មើលឃើញ​សហជីព​រាប់សិប​សហជីព​បាន​បង្កើតឡើង​។​

​លោកអ្នក​ប្រហែលជា​អាច​ស្រមើល​ស្រមៃ​ឃើញថា​តើ​នឹងមាន​ភាព​រញ៉េរញ៉ៃ​យ៉ាងណា ក្នុងករណី​ដែល សហជីព​មាន​សមាជិក​តិច អាច​បំផ្លាញ​ទំនាក់ទំនង​ការងារ បើទោះបីជា​សហជីព​មាន​សមាជិក​ភាគច្រើន​មិន​គាំទ្រ​ពួកគេ​ក្តី​”​។

​លោក វ៉ាន់ ស៊ូ​អៀង បាន​បន្តទៀតថា ភាគី​និយោជក​បានស្នើ​ថា ដើម្បី​ធានាថា​កម្មករ​មាន​តំណាង​ត្រឹមត្រូវ ហើយ​និយោជក អាច​ជួបចរចា​ជាមួយនឹង​សហជីព​ដែលមាន​ភាពជា​តំណាង​ពិតប្រាកដ លុះត្រា​សហជីព​អាច​កកើត​បាន​ក្នុង​លក្ខខណ្ឌ ដែល​សហជីព​នោះ​មាន​សមាជិក​ជា​កម្មករ​-​និយោជិត​ចំនួន ២០% នៃ​កម្លាំង  ពលករ​សរុប​ក្នុង​សហគ្រាស​មួយ​ហ្នឹង​។​

​ទន្ទឹមនឹងនេះ CAMFEBA និង GMAC ក៏​ជំរុញ​ឲ្យ​មានការ​កែសម្រួល​លើ​មាត្រា ១៩ នៃ​សេចក្តីព្រាងច្បាប់​សហជីព ដែល​ចែងថា​មានតែ​តុលាការ​ការងារ​ប៉ុណ្ណោះ ដែល​អាច​ព្យួរ​បញ្ជិការ​សហជីព​មិន​ឲ្យ​ប្រតិបត្តិការ ប្រសិនបើ​សហជីព​ត្រូវបាន​រកឃើញថា បាន​អនុវត្ត​ការងារ​ដោយ​រំលោភ​លើ​ច្បាប់​។

​សមាគម​និយោជក​ទាំងពីរ បាន​លើកឡើងថា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គួរ​មាន​សិទ្ធិ​សម្រេច​ព្យួរ​បញ្ជិការ​របស់    សហជីព​ដែល​បាន​រំលោភ​លើ​ច្បាប់ ពីព្រោះ​ដំណើរការ​នៃ​នីតិវិធីតុលាការ​អាច​ចំណាយពេល​វេលា​យូរ ជាពិសេស​នៅពេលដែល​តុលាការ មាន​បន្ទុក​ការងារ​ច្រើន​។​

​មាត្រា ២០ នៃ​សេចក្តីព្រាងច្បាប់​នេះ ក៏​បង្កក្តី​ព្រួយបារម្ភ​សម្រាប់​និយោជក​ផងដែរ​ពីព្រោះ​ច្បាប់​នេះ បានកំណត់ កម្រិត​អប់រំ ទាប​ពេក សម្រាប់​មេដឹកនាំ​សហជីព​ដែល​ត្រូវ​កាន់​តួនាទី​គ្រប់គ្រង ក្នុង​សហជីព​មួយៗ​។​

​សេចក្តីព្រាងច្បាប់​គ្រាន់តែ​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព​ចេះ​អាន និង​សរសេរ​ភាសា​ខ្មែរ និង​ធ្វើ​សេចក្តីប្រកាស​ផ្ទាល់ខ្លួន​ថា មិន​ធ្លាប់​ទទួលទោស​ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​។​

​ទោះជា​យ៉ាងណា CAMFEBA និង GMAC ក៏បានផ្ដល់​ការគាំទ្រ​ដល់​មាត្រា​មួយចំនួន​នៅក្នុង​សេចក្តីព្រាងច្បាប់​នេះ​ផងដែរ ដែល​មាត្រា​ទាំងនោះ​កំពុងតែ​ត្រូវបាន​ជំទាស់​ដោយ​តំណាង​សហជីព​ជាពិសេស​ត្រង់​មាត្រា​ដែល​តម្រូវ​ឲ្យ​សហជីព ធ្វើ​របាយការណ៍ ហិរញ្ញវត្ថុ សម្រាប់​ដំណើរការ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​និយោជក​ក៏​សម្ដែង​ការគាំទ្រ​ខ្លាំង​ចំពោះ​មាត្រា ដែល​តម្រូវ​ឲ្យ​មានការ​បោះឆ្នោត​ជាសម្ងាត់​ដោយ​សំឡេង​យ៉ាងតិច ៥០%+១ នៃ​សមាជិក​ដែល​ចូលរួម​កិច្ចប្រជុំ​សម្រេច​ធ្វើ​កូដកម្ម ហើយ​នេះ ជា​មាត្រាមួយ​ដែល សហជីព​កំពុងតែ​ជំទាស់​ផងដែរ​៕​