រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់ របស់ក្រសួងអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ:

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកំណែទម្រង់ជោគជ័យរបស់ក្រសួងអប់រំយុវជន និងកីឡា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។ នេះជាការគូសបញ្ជាក់របស់ លោក យឹម ណុលឡា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ថ្លែងក្នុងពីធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៤-២០១៥ និងទិសដៅឆ្នាំសិក្សា២០១៥-២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី២៩ មិនានេះ ។
 
លោកយឹម ណុលឡា បានបញ្ជាក់ថា ការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោរដ៏សំខាន់ សម្រាប់សុខភាព និងភាពខ្លាំង រឹងមាំនៃសេដ្ឋកិច្ចជាតិ និងការអប់រំបង្កើតមូលធនមនុស្ស ប្រកបដោយគំនិតច្នៃប្រឌិត ដែលជាកត្តាដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះទៀត ការអភិវឌ្ឍធនធានមនុស្ស និងធានាបាននូវសមត្ថភាព ប្រកួតប្រជែងប្រកបដោយភាពជោគជ័យរបស់ប្រទេសជាតិនីមួយៗ ជាពិសេសនៅក្នុងយុគសម័យ នៃការកើនឡើងជាបន្តបន្ទាប់នៃតំបន់ភាវូបនីយកម្ម និងសាកលភាវូបនីយកម្ម ដែលជាតួអង្គដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសនានានៅលើពិភពលោក។ លោកបន្ថែមថា នាពេលបច្ចុប្បន្ន និងទៅអនាគត កម្ពុជាពិតជាត្រូវការជាចាំបាច់នូវធនធានមនុស្ស ប្រកបដោយភាពស្ទាត់ជំនាញគំនិតច្នៃប្រឌិត កម្រិតបច្ចេកទេសខ្ពស់និងរបកគំហើញថ្មីៗ ដើម្បីធានាបាននូវ សក្ដានុពល សម្រាប់ការប្រកួតប្រជែងជាអន្តរជាតិការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងនិរន្ដរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់ របស់ក្រសួងអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស