ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​កិច្ចប្រជុំ ជាមួយ​ដៃគូរ​ម្ចាស់ជំនួយ ស្តីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​

ភ្នំពេញ:
យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួងពាណិជ្ជកម្ម ចេញ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ បានអោយដឹងថា ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​កិច្ចប្រជុំ ជាមួយ​ដៃគូរ​ម្ចាស់ជំនួយ ស្តីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម នា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ដោយមាន​ការចូលរួម​ពី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង​ជាម​ន្ត្រី​បង្គោល​នៃ​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម ប្រចាំ​ប្រទេស​កម្ពុជា (EIF Focal Point for Cambodia) និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ក្នុង​សេចក្តីជូនដំណឹង​ខាងលើ​បានអោយដឹង​បន្តថា គោលបំណង​នៃ​សន្និសីទ​នៅថ្ងៃនេះ​គឺ ១. បង្ហាញជូន​ដៃគូ​ម្ចាស់ជំនួយ នូវ​ផែនការ​យុទ្ធសាស្ត្រ​អាទិភាព សម្រាប់​ជំនួយ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល ២០១៦-២០២០ ២. ស្វែងរក​មតិយោបល់​ត្រឡប់​ពី​ដៃគូ​អភិវឌ្ឍន៍ និង ៣. បង្កើត​ផែនការ​អនុវត្តន៍​នៅ​ជំហាន​បន្ទាប់​ដោយ​ផ្តោតលើ​ប្រសិទ្ធភាព​ជំនួយ​។​

​រាជរដ្ឋាភិបាល​កម្ពុជា (RGC) បានដាក់​ចេញ​នូវ​កំណែទម្រង់សេដ្ឋកិច្ច​យ៉ាងសំខាន់​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយនេះ និង​បាន​គាំទ្រ​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម ដែលជា​សសរស្តម្ភ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឆ្ពោះទៅរក​ការអនុវត្ត​បាន​ពេញលេញ​ស្របតាម​លក្ខ​ណ្ឌ​នៃ​សមាជិកភាព​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ឆ្នាំ ២០០៤ ។

​ជា​លទ្ធផល ប្រទេស​កម្ពុជា​សម្រេចបាន​វឌ្ឍនភាព​អភិវឌ្ឍ​គួរឱ្យកត់សម្គាល់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ធានាថា​វិស័យ​ពាណិជ្ជកម្ម​ជា​ក្បាលម៉ាស៊ីន​កំណើន​សេដ្ឋកិច្ចជាតិ ។ ដោយ​ទទួលបាន​ការគាំទ្រ​ជារួម​ពី​ដៃគូរ​អភិវឌ្ឍន៍ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ន៍ព​ណិ​ជ្ជ​កម្ម និង​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការបង្កើតឡើង​នូវ​យន្តការ​កម្មវិធី​អភិក្រម​គ្របដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម (Trade SWAp) នៅ​ឆ្នាំ ២០០៨ ។ ដៃគូរ​អភិវឌ្ឍន៍ និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​យល់ឃើញ​ដូចគ្នា​ថា កម្មវិធី Trade SWAp បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​កំណត់​ចំនុច​អាទិភាព​ពាណិជ្ជកម្ម​ជាតិ​គាំទ្រ​ពលរដ្ឋ​ក្រីក្រ លើកកម្ពស់​គុណភាព​កិច្ចសន្ទនា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ លើសពីនេះ​ទៀត ជាមួយ​វិស័យ​ឯកជន ព្រមទាំង​កាត់បន្ថយ​ការទទួលខុសត្រូវ​ស្ទួន​គ្នា និង​បង្កើន​បានជា​កម្លាំង​រួមគ្នា​មួយ​ក្នុងចំណោម​ដៃគូរ​ម្ចាស់ជំនួយ​ផ្សេងគ្នា ។​

​ក្រសួងពាណិជ្ជកម្ម (MoC) តាមរយៈ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ (DICO) ដែលជា​អង្គភាព លេខាធិការដ្ឋាន​កម្មវិធី Trade SWAp និង​មាន​ភារកិច្ច​ទទួលខុស​ត្រូវ​ក្នុងការ​សម្របសម្រួល​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម (Aid for Trade) ចំពោះ​ប្រទេស​កម្ពុជា និង​មាន​ភារកិច្ច​ត្រួតពិនិត្យ វាយតម្លៃ​ពី​ផលប៉ះពាល់​រយៈពេល​វែង និង​មធ្យម​សម្រេចបាន​ក្រោម​កម្មវិធី​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ។​

​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ (DICO) បាន​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ផែនការ​រយៈពេល​មធ្យម​សម្រាប់​ជំនួយ​ពាណិជ្ជកម្ម​ឆ្នាំ ២០១៦-២០២០ (Aka MTP) នៅ​ខែមីនា ឆ្នាំ ២០១៥ និង​គាំទ្រ​ថវិកា​ដោយ​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម (EIF) ។ ការបង្កើត​ផែនការ​រយៈ​មធ្យម​នេះ ស្រប​ពេលដែល DICO កំពុង​ត្រៀម​បញ្ចប់​ការអនុវត្ត​កម្មវិធី​គាំទ្រ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម (TDSP) និង EIF ជំហាន ១ ។ កម្មវិធី​ទាំងពីរ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​អង្គភាព​ដទៃទៀត​របស់​រដ្ឋាភិបាល ដើម្បី​អនុវត្ត​របៀបវារៈ​ពាណិជ្ជ​កម្ម ។​

​ផែនការ​រយៈពេល​មធ្យ​ម (MTP) បានកំណត់ និង​បាន​ផ្តោតលើ​សកម្មភាព​កន្សោម​អាទិភាព ១០ ដើម្បី​បន្ត អនុវត្តន៍​សកម្មភាព ផែនទី​បង្ហាញផ្លូវ​រប​ស់ Trade SWAp ។ បច្ចុប្បន្ន សកម្មភាព​កន្សោម​អាទិភាព​ចំនួន ៥ បាន​បង្កើត និង​អនុម័ត​ជា ផ្លូវការ​ដោយ អនុគណៈកម្មការ​អភិវឌ្ឍ​ន៍​ពាណិជ្ជកម្ម និង​វិនិយោគ​ពាក់ព័ន្ធ​ពាណិជ្ជកម្ម (SSC-TD-TRI) នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ផែនការ​រយៈ​មធ្យម​នេះដែរ នឹង​ពិភាក្សា​លម្អិត​ពី​កម្មវិធី​ថ្មី​ស្វែងរក​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម នៅ​ប្រទេស​កម្ពុជា រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​។ ថវិកា​ប៉ាន់ស្មាន​សម្រាប់​យកមក​អនុវត្តន៍​សកម្មភាព​ក​ន្សោ​ម​អាទិភាព​ទាំង ៥ ប្រហែល ៣០ លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ​។​

​ដើម្បី​បន្តសកម្មភាព​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​បរិបទ​នៃ​ការអនុវត្តន៍​ផែនការ​រយៈពេល​មធ្យម ក្រសួងពាណិជ្ជកម្ម តាមរយៈ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ កំពុង​ត្រៀមខ្លួន​ស្វែងរក​ប្រភព​គាំទ្រ​ពី​ម្ចាស់ជំនួយ ជាពិសេស​ម្ចាស់ជំនួយ​បច្ចុប្បន្ន និង​ម្ចាស់ជំនួយ​ថ្មីៗ​ទៀត ដើម្បី​សម្រេចបាន​គោលដៅ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល ពាក់កណ្តាល​មធ្យម ក្នុងចំណោម ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs)៕