ភ្នាក់​ងារ​ FBI ប្រាប់​ថា​ខ្លួន​អាច​ដោះ​កូដ​ទូរស័ព្ទ iPhone របស់​ភេរវជន​បាន​ហើយ ដោយ​មិន​ចាំ​បាច់​មាន​ការ​ជួយ​ពី Apple

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃច័ន្ទ​ម្សិលមិញ​ថា ខ្លួន​បាន​ បំបែក​កូដ​ទូរស័ព្ទ​ iPhone មួយ​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​ភេរវជន​មួយ​រូប​ ដែល​បាញ់​ប្រហារ​នៅ​ក្នុង​ទីក្រុង San Bernardino ដែល​នេះ​ជា​ការ​បញ្ចប់​ការ​ប្រឈម​មុខ​ ដ៏​ចម្រូងចម្រាស​ រវាង​រដ្ឋាភិបាល និង ក្រុមហ៊ុន Apple។ ក្រសួង​យុត្តិធម៌​ បាន​ប្រាប់​ទៅ​កាន់​តុលាការ​សហព័ន្ធ​ថា​ ខ្លួន​លែង​ត្រូវ​ការ​ ការ​ជួយ​ពី​ក្រុមហ៊ុន Apple ទៀត​ហើយ​ ចំពោះ​ការ​ស្នើ​សុំ​ជំនួយ​ពី Apple នោះ​ក៏​ត្រូវ​បាន​ដក​ចេញ​វិញ​ដែរ។

 

បើ​យោង​តាម​ក្រសួង​យុត្តិធម៌​អាមេរិក​ការ​ដក​ពាក្យ​ស្នើ​សុំ​ជំនួយ​ពី Apple គឺ​ដោយ​សារ​ភ្នាក់ងារ FBI ទទួល​បាន​ជោគជ័យ​ ដើម្បី​ការ​ចូល​ទៅ​មើល​ព័ត៌មាន​ ក្នុង​ទូរស័ព្ទ iPhone នោះ​បាន​ហើយ។ ចំពោះ​ក្រុមហ៊ុន Apple វិញ​តែង​រក្សា​ជំហរ​ខ្លួន​ឯង​ជាប់​ជា​និច្ច​ក្នុង​ការ​ប្រឆាំង នឹង​រដ្ឋាភិបាល ក្នុង​ការ​ជួយ​ដោះ​កូដ​ទូរស័ព្ទ​តាម​រយៈ​ការ​អភិវឌ្ឍ​កម្មវិធី​ពិសេស​មួយ​ ផ្តល់​ជូន​ទៅ​ឲ្យ​ភ្នាក់ងារ​ FBI ដោយ​ក្រុមហ៊ុន Apple បាន​បក​ស្រាយ​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​បើក​ចំហ​ទ្វា​ក្រោយ​ នៃ​ផលិត​ផល iPhone ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បាត់​បង់​ការ​គាំ​ទ្រ​ពី​អ្នក​ប្រើប្រាស់។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com