អាជ្ញាធរ​អប្សរា​ប្រាប់​អ្នកទេសចរ​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​ដំណើរ​កម្សាន្ត​នា​រដូវក្តៅ​

សៀមរាប​៖អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន បាន​ប្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ដំណើរ​កម្សាន្ត​មកកាន់​ខេត្តសៀមរាប​នា​រដូវក្តៅ​នេះ​។ អាកាសធាតុ​បន្ត​ឡើងក​ម្តៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ការណ៍​នេះ​គួរ​ភ្ញៀវទេសចរ​ទាំងអស់​ត្រូវ​មានការ​យល់ដឹង និង​ត្រៀម​សម្ភារ​មួយចំនួន​ដើម្បី​ការពារ​ខ្លួនឯង​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ និង​វិធាន​ការការពារ ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ខេត្តសៀមរាប ក្នុង​រដូវក្តៅ​ហួតហែង​នេះ​។ ដោយ​ពិនិត្យឃើញថា​បច្ចុប្បន្ន ពិសេស​ក្នុង​ខែមេសា​ខាងមុខ អាកាសធាតុ​នឹង​បន្ត​កើន​កម្តៅ និង​តំបន់​មួយចំនួន​អាចនឹងទទួល​សំពាធ​ខ្យល់​ក្តៅ​ខ្លាំង ដែល​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​នោះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ណែនាំ​និង​ឲ្យ​ភ្ញៀវ​យកចិត្តទុកដាក់​លើ​ប្រការ​មួយចំនួន​។​

​ប្រការ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ណែនាំ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៥ មីនា​នោះ រួមមាន ភ្ញៀវទេសចរ​ត្រូវ​ពិសា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ជៀសវាង​កើតមាន​បញ្ហា​សុខភាព​ណាមួយ​។ ត្រូវ​ពាក់មួក​ការពារ​កម្តៅថ្ងៃ ត្រូវ​ប្រើប្រាស់​ផលិតផល​ការពារ​ស្បែក ជៀសវាង​ផលប៉ះពាល់​ដោយ​កម្តៅថ្ងៃ និង​ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ និង​រលុង ដើម្បី​ងាយស្រួល​ដល់​ខ្លួន និង​ស្របតាម​ក្រម​ប្រតិបត្តិ​អង្គរ​។​

​ដូចគ្នានេះដែរ អាជ្ញាធរ​ជាតិ​អប្សរា ស្នើសុំ​កិច្ចសហការ​ជាមួយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍ ក្រុមហ៊ុន អ្នកបើកបរ​ដឹកជញ្ជូន​ភ្ញៀវ​។​ល​។ ត្រូវ​ណែនាំ និង​ចែករំលែក​ព័ត៌មាន​ដល់​ភ្ញៀវ​ទេសចរណ៍ កំណត់​កាលវិភាគ​ទស្សនា​ឲ្យ​បាន​សមរម្យ និង​ជៀសវាង​ដើរ​ច្រើន​កន្លែង​ក្នុង​មួយថ្ងៃ​...៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​