សម្ដេច ហេង សំរិន ទទួលបាន​ពានរង្វាន់​សន្តិភាព និង​ការអភិវឌ្ឍ នៃ​ការបម្រើ​ជាតិ​ជិត​៤០​ឆ្នាំ​

សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (UMA) បានប្រគល់​ពានរង្វាន់​សន្តិភាព និង​ការអភិវឌ្ឍជូន សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាក្រោម​ហេតុផល​ថា លោក​គឺជា​មេដឹកនាំ​ប្រទេស​ម្នាក់ ដែល​បាន​រំដោះប្រជាជន​ពីរ​បប​ផ្ដាច់ការ ហើយ​រៀបចំ​ប្រទេស​ឲ្យ​មាន​សន្តិភាព​។ ប្រធានរដ្ឋសភាចាត់ទុកថា នេះ​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​លោក ដែល​ត្រូវខិតខំ​អភិវឌ្ឍន៍​ប្រទេស​បន្ថែមទៀត​។​

លោក ប្រា​ស៊ីត សែន​រុងរឿងអគ្គលេខាធិការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ានបាន​ពន្យល់ថា បុគ្គល​ដែល​អាច​ទទួលបាន​ពានរង្វាន់​សន្តិភាព និង​ការអភិវឌ្ឍ​នេះ គឺជា​មនុស្ស​ល្អ​ដែល​​​ត្រូវបាន​ប្រជាជន​ក្នុងប្រទេស​ខ្លួន និង​ពិភពលោក​ទទួលស្គាល់​ស្នាដៃ​ដឹកនាំ​ និង​ការអភិវឌ្ឍ​ប្រទេស​។ លោក​ថាការប្រគល់​ពានរង្វាន់​នេះ ទៅ​នរណាម្នាក់​នោះ គឺ​ត្រូវមាន​ការប្រជុំ​ពិភាក្សាគ្នា​ជាមួយ​សមាជិក UMA ទាំងអស់ ដើម្បី​វាយតម្លៃ​ទៅលើ​ស្នាដៃ​ និង​ការដឹកនាំ​របស់​បុគ្គល​នោះ ដោយ​មិនមែន​ចេះតែ​ប្រគល់ជូន​អ្នកណាម្នាក់​ស្រេច​តែ​ចិត្ត​ឡើយ​។​

​និយាយ​ដល់​ការប្រគល់​ពាន់រង្វាន់​ជូន​ថ្នាក់ដឹកនាំ​កម្ពុជា​វិញ លោក ប្រា​ស៊ីត សែន​រុងរឿង ដែលមាន​បទពិសោធន៍​ជា​អ្នកកាសែត​ច្រើន​ឆ្នាំ និង​បាន​តាមដាន​សកម្មភាព​សម្ដេច ហេង សំរិន ច្រើន​ដែរនោះ អះអាងថា​ប្រធានរដ្ឋសភា​រូបនេះ ជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​ដទៃទៀត ដែលមាន​ស្នាដៃ​ដោយ​ការលះបង់​កម្លាំងកាយ​ចិត្ត​ខ្ពស់ ក្នុងការ​ជួយសង្គ្រោះ​ប្រជាជន​ពី​ទុក​វេទនា​ក្នុង​របប​សង្គ្រាម និង​រៀបចំ​ប្រទេស​ដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ននេះ​។​

​ក្រោយ​ពិធី​ប្រគល់​ពានរង្វាន់​សន្តិភាព និង​ការអភិវឌ្ឍ​ជូន​ សម្ដេច ហេង សំរិន ព្រឹក​នេះ អគ្គលេខាធិការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​រូបនេះ បានបញ្ជាក់​ដោយមាន​កា​របក​ប្រែ​សម្រួល​យ៉ាង​ដូច្នេះ​ថា​៖«​លក្ខន្តិកៈ​សំខាន់​គ្មានអ្វី​ច្រើន​ទេ គ្រាន់តែ​សម្លឹង​ឃើញថា​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​ទើប​ឆ្លងកាត់​ទុក្ខវេទនា​មកហើយ ដោយមាន​វីរៈបុរស​ដ៏​ឆ្នើម​ធ្វើ​ការជួយ​រំដោះ ដូច្នេះ​លោក​ចង់​ឲ្យ​ជា​ស្នាដៃ​មួយ​ដើម្បី​លើក​កិត្តិយស​ឲ្យ​ពិភពលោក​បាន​ស្គាល់ ហើយនឹង​នាំគ្នា​រួមគ្នា​កសាង​អំពើ​ល្អ ដើម្បី​ធ្វើការ​ជំរុញ​សន្តិភាព​។ ​ក្នុងនាម​លោក​ជា​អ្នកសារព័ត៌មាន គឺ​លោក​ជា​អ្នកតាមដាន​ថ្នាក់ដឹកនាំ ហើយ​នៅពេល​លោក​ឃើញ​ថ្នាក់ដឹកនាំ​ល្អ លោក​ត្រូវប្រគល់​(​ពានរង្វាន់​)​ទៅ​ឲ្យ​ថ្នាក់ដឹកនាំ»​។​

​ថ្លែង​ក្នុង​ពិធី​ទទួល​រង្វាន់​សន្តិភាព និង​ការអភិវឌ្ឍ​នេះ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ចាត់ទុកថា ពានរង្វាន់​នេះ គឺជា​កិត្តិយស និង​ជាការ​លើក​ទឹក​ដ៏​ធំធេង​ដល់​លោក ចំពោះ​ការបំពេញភារកិច្ច​បម្រើ​ប្រទេសជាតិ​កន្លងមក ហើយក៏​ជាការ​ជំរុញ​ទឹកចិត្ត​សម្ដេច​ឲ្យ​ខិតខំ​អស់ពី​កម្លាំងកាយ ចិត្ត បន្ថែមទៀត ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​។

«​ចំពោះ​កិត្តិយស​ដ៏​ធំធេង​ដែល​ខ្ញុំ​ទទួលបាន​ពេលនេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ចែករំលែក​ដល់​ប្រជាជាតិ​ទាំងមូល រួមជាមួយ​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​រួមគ្នា​តាំងពីដើម​រៀងមក ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ជាតិខ្មែរ​ទាំងអស់​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហេង សំរិន មុននឹង​លោក​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្នុង​ពិភព​លោក​ជ្រើស​រើសយក​មាគ៌ា​សន្តិភាព សេរីភាព និង​ប្រជាធិបតេយ្យ ដើម្បី​បង្កើត​ភាពសុខសាន្ត​ជូន​ពលរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេស​។​

​លោក ប្រា​ស៊ីត សែន​រុងរឿង បាន​បញ្ជាក់ថានេះ​ជា​លើកទីមួយ​ហើយ ដែល​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន សម្រេច​ប្រគល់​ពានរង្វាន់​សន្តិភាព និង​ការអភិវឌ្ឍ ជូន​សម្ដេច ហេង សំរិន សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។ បើតាម​លោក ប្រា​ស៊ីត សែន​រុងរឿង សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន នឹង​រៀបចំ​ប្រគល់​ពានរង្វាន់​សន្តិភាព និង​ការអភិវឌ្ឍ​ជូន​ថ្នាក់ដឹកនាំ​ដទៃទៀត ក្នុង​រយៈពេល​៤​ឆ្នាំ​ម្ដង​។​

​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (UMA) បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១០ នៅក្នុង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ។ សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​នេះ មានការ​ចូលរួម​ពី​ប្រទេស​ចំនួន​៥ ក្នុងនោះ​មាន​ថៃ ម​ក្ពុ​ជា ឡាវ វៀតណាម និង​មី​យ៉ាន​ម៉ា ដែលមាន​សមាជិក​៤,២៦៦​នាក់ ក្នុង​គោលបំណង​រួម​ពិភាក្សា​ផ្លាស់ប្ដូរ​គំនិត​គ្នា​ទៅវិញទៅ មក​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន ដើម្បី​ស្វែងរក ​និង​ប្រគល់​ពានរង្វាន់​ជូន អ្នកមានគុណ​សម្បត្តិ និង​ស្នាដៃ​នៅក្នុង​ភូមិភាគ​នៃ​តំបន់​នីមួយៗ៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​