អូ​បា​ម៉ា ត្រៀម​ជួប​មេដឹកនាំ ជប៉ុន ចិន កូរ៉េខាងត្បូង​ជជែក​រឿង​កូរ៉េខាងជើង​

​បញ្ហា​សន្តិសុខ​នៅ​នុយក្លេអ៊ែរ និង​បញ្ហា​កូរ៉េខាងជើង​នឹងត្រូវ​លើក​យមក​ពិភាក្សា​ក្នុងជំនួប ត្រីភាគី​រវាង​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា លោក ស៊ីន ហ្សូ​អា​បេ និង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ នៅ​ដាច់ដោយឡែក​ពី​កិច្ចប្រជុំ​កំពូល​សន្តិសុខ​នុយក្លេអ៊ែរ​នៅ​ថ្ងៃ​សុក្រ​ខាងមុខ​។ មេដឹកនាំ​ទាំងបី​នឹង​ស្វែងរក​ចំណាត់ការ​ឆ្លើយតប​ការគំរាមកំហែង​ពី​ក្រុង​ព្យុងយ៉ាង​និង​យុទ្ធសាស្ត្រ​សម្រាប់​រក្សា​សន្តិសុខ​ថ្ងៃ​អនាគត​។ តែ​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ លោក អូ​បា​ម៉ា ក៏​នឹង​ជួប​ជាមួយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ផងដែរ​ដើម្បី​ជជែក​គ្នា​ពី​បញ្ហា​ជាច្រើន​ក្នុងនោះ ក៏មាន​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដែរ​។ ចិន​ទំនងជា​នឹង​ស្នើ​ឲ្យ​មានការ​សន្ទនា​គ្នា​ឡើងវិញ​រឿង​នុយក្លេអ៊ែរ​រវាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន ។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ៖

​ថ្ងៃ ២៨ ខែមីនា​ម្សិលមិញ អ្នកនាំពាក្យ​សេត​វិមាន​លោក Josh Earnest បាន​បញ្ជាក់ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ជួប​ជជែក​ពិភាក្សា​លក្ខណៈ​ត្រីភាគី​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន ហ្សូ​អា​បេ នៅ​ដាច់ដោយឡែក​ពី​កិច្ចប្រជុំ​កំពូល​ស្តីពី​នុយក្លេអ៊ែរ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នា​ថ្ងៃ​សុក្រ​ខាងមុខ​។ ក្នុង​ថ្ងៃ​ជាមួយគ្នា លោក អូ​បា​ម៉ា ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង​ដែរ​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ កិច្ចប្រជុំ​កំពូល​សន្តិសុខ​នុយក្លេអ៊ែរ​ឆ្នាំនេះ​ត្រូវ​រៀបចំឡើង​ដោយ​ផ្តោតលើ​បញ្ហា​សន្តិសុខ​នុយក្លេអ៊ែរ​ជារួម ជាពិសេស​ធ្វើយ៉ាងណា​ទប់ស្កាត់​មិន​ឲ្យ​អាវុធ​នុយក្លេអ៊ែរ​ធ្លាក់ចូល​ក្នុង​ដៃ​ក្រុម​ភេរវជន ហើយ​មេដឹកនាំ​ប្រទេស​ច្រើនជាង ៥០ នឹងចូលរួម​ក្នុង​វេទិការ​អន្តរជាតិ​នេះដែរ​។ ដូច្នេះ​វា​នឹង​ក្លាយជា​ពេលវេលា​សំខាន់​សម្រាប់​ប្រទេស​នានា​ជាពិសេស​មហាអំណាច​ទាំងអស់ ក្នុងការ​ស្វែងរក​វិធានការ​ថ្មីៗ​ដើម្បី​រក្សា​សន្តិភាព​ពិភពលោក​និង​ប្រឆាំង​រាល់​ការគំរាមកំហែង​សន្តិសុខ​នានា​។

១. ជប៉ុន កូរ៉េខាងត្បូង​ត្រូវរ៉ូវ​គ្នា​រឿង​ប្រឆាំង​កូរ៉េខាងជើង​
​ជំនួប​ត្រីភាគី​រវាង​មេដឹកនាំ​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង នឹង​កា្ល​យ​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​សម្ព័ន្ធមិត្ត​ទាំងនេះ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​តបត​ការគំរាមកំហែង​ដែល​បង្កើតឡើង​ដោយ​ក្រុង​ព្យុងយ៉ាង​។ ជំនួប​លើក​នេះ​វា​ពិសេស​ត្រង់​ថា ស៊ីន ហ្ស៊ូ​អា​បេ និង​ប៉ាក ហ្គឺ​ន​ហេ នឹង​ដើរ​ចួ​ល​តុ​ប្រជុំ​ជាមួយគ្នា​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​អាមេរិក​។ នេះ​ក៏​ដោយសារ​កន្លងមក​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ទាំងពីរ​របស់​អាមេរិក​មិនល្អ​សោះ ហើយ​កម្រ​មាន​ណាស់​ជំនួប​រួមគ្នា​បែបនេះ​។

​អាច​ថា​ទំនាក់ទំនង​រវាង​ក្រុង​តូ​ក្យូ និង​ក្រុង​សេ​អ៊ូ​ល ប្រសើរ​ជាមុន​ច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ប៉ាក ហ្គឺ​ន​ហេ និង​ស៊ីន ហ្សូ​អា​បេ បាន​ជួបពិភាក្សា​ជាមួយគ្នា​លក្ខណៈ​ទ្វេភាគី​ជា​លើកដំបូង​បំផុត តាំងពី​ឡើងកាន់តំណែង​មក​។ ការប្រែប្រួល​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ នេះ ទីមួយ​ដោយសារ​ភាគី​ឯកភាពគ្នា​ដោះស្រាយ​រឿង​ស្ត្រី​ទាសករ​ផ្លូវភេទ​អំឡុង​សង្គ្រាមលោកលើកទី​២ ហើយ​ជប៉ុន​យល់ព្រម​បង់លុយ​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​។ ហើយ​ទី​ពីរ​នោះ ភាគី​ទាំងពីរ  មាន​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដូចគ្នា​គឺ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នេះឯង​។

​ការបាញ់​សាកល្បង​អាវុធ​អ៊ីដ្រូសែន​កាលពីដើម​ខែមករា​កន្ល​ង​ទៅ ហើយ​កូរ៉េខាងជើង​នេះ​ក៏​អះអាងថា​ខ្លួន​បាញ់​សាកល្បង​ជោគជ័យ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ថែមទៀត​ក្នុង​ខែកុម្ភៈ​កន្លងមកនេះ បានធ្វើ​ឲ្យ​ជប៉ុន​និង​កូរ៉េខាងត្បូង​ភ័យព្រួយ​ខ្លាំង​។

​ត្រលប់​មកវិញ ភាគី​ទាំងបី​នឹង​យក​ឱកាស​ជំនួប​នេះ​ជជែក​គ្នា​ពី​សហប្រតិបត្តិការ​សន្តិ​សុខ​ក្នុង​តំបន់​សម្រាប់​ពេលអនាគត​ផង និង​រក​ចំណាត់ការ​ដុំកំភួន​សម្រាប់​ឆ្លើយតប​សកម្មភាព​គឃ្លើន​របស់​ក្រុង​ព្យុងយ៉ាង​ផង​។ ហើយ​ទំនាក់ទំនង​ល្អ​រវាង​សម្ព័ន្ធមិត្ត​អាមេរិក​ក្នុង​តំបន់​ទាំងពីរ ជា​សញ្ញា​វិជ្ជមាន​សម្រាប់​អាមេរិក​និង​ជា​អ្វីដែល​របប​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន​ចង់បាន​។ វា​នឹង​បង្ក​ភាពងាយស្រួល​សម្រាប់​អាមេរិក​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​ដែរ​។​

​ដោយឡែក បច្ចុប្បន្ននេះ អាមេរិក​និង​កូរ៉េខាងត្បូង​នៅ​បន្ត​ជជែក​គ្នា​ជុំវិញ​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊េរី​ទំនើប THAAD របស់​អាមេរិក​ទៅកាន់​ឧ​ប​ទ្វី​កូរ៉េ​ដើម្បី​ការពារ​រាល់​ការ​វាយឆ្មក់​ឬ​មានការ​ប្រយុទ្ធ​គ្នា​កើតឡើង​។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​រារាំង​ដោយ​ក្រុង​ប៉េកាំង ហើយ​រុស្ស៊ី​ឯណោះ​ក៏​ប្រតិកម្ម​ចំពោះ​គម្រោង​នេះដែរ ដោយ​អះអាងថា​វា​ប៉ះពាល់​ដល់​សន្តិសុខ​រប​ស់​ខ្លួន​។ 

២.​ស៊ី ជិន​ពីង​នឹង​ស្នើ​ឲ្យ​សន្ទនា​គ្នា​ឡើងវិញ​ដើម្បី​ដោះស្រាយ​បញ្ហា​ប​នុយ​ក្ល​អ៊ែរ​ក្រុង​ព្យុ​យ៉ាង​
​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​នឹងមាន​ជំនួប​ជាមួយ​លោក ស៊ី ជិន​ពីង ផងដែរ​។ ប្រធានបទ​ជាច្រើន​នឹងត្រូវ​លើកឡើង​ក្នុងជំនួប​នេះដែរ ក្នុងនោះ​មាន​បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​និង ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​ផងដែរ​។

​ទាក់ទិន​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក ស៊ី ជិន​ពីង​ក៏​ត្រៀម​ស្នើ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឲ្យ​ជ្រោមជ្រែង​ការសន្ទនា​គ្នា​ឡើងវិញ​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​។​

​កាលពី​ថ្មីៗ​កន្លងទៅ មហា​យក្ស​ចិន​ជា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​សុខចិត្ត​អនុញ្ញាត​ឲ្យ​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​ចេញទៅ​រួច ប៉ុន្តែ​ចិន​នៅតែ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា ទណ្ឌកម្ម​មិនមែនជា​ដំណោះស្រាយ​ឡើយ​។ ចិន​ជឿជាក់ថា​មានតែ​ការប្រឹក្សា និង​សន្ទនា​គ្នា​ប៉ុណ្ណោះ​ទើប​អាច​ជំរុញ​ឲ្យ​មានការ​បញ្ចប់​បញ្ហា​ចម្រូងចម្រាស​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​បាន​។​

​ចិន​បារម្ភ​ពី​សន្តិសុខ​ខ្លួនឯង​ពេល​កូរ៉េខាងជើង​កាន់តែ​អុង​អាត់ បាញ់​នុយក្លេអ៊ែរ​ផ្តេសផ្តាស​លែង​ស្តាប់បង្គាប់​ខ្លួន តែ​ចិន​ក៏​បារម្ភ​ពេលដែល​សហគមន៍​អន្តរជាតិ​ជាពិសេស​អាមេរិក​ដាក់ទណ្ឌកម្ម​ឯកតោភាគី​ដើម្បី​ដាក់​គំនៀប​លើ​ក្រុង​ព្យុងយ៉ាង​។ កាលណា​បើ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​រលំ ចិន​ក៏​ប្រឈម​បញ្ហា​ដូចគ្នា​។​

​ចំណែក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មេដឹកនាំ អាមេរិក​ក៏​ប្រហែលជា​នឹង​លើកឡើង​ពី​ភាព​តានតឹង​បច្ចុប្បន្ន​ដែល​បង្កឡើង​ដោយ​ចិន តាម​ការ​វាតទី និង​កសាង​កោះ​សិប្បនិម្មិត និង​ការធ្វើ​យោ​ធូប​នីយកម្ម​នៅ​តំបន់​ជម្លោះ​ផង​។ អាមេរិក​ឯណោះ​វិញ​ក៏​មិន​អន់​ជាង​ចិន​ដែរ ពោលគឺ​ប្រឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ក្តៅ ដោយ​យក​លេស​ការពារ​សេរីភាព​នាវាចរណ៍ ហើយ​បញ្ជូន​នាវាចម្បាំង​និង​បង្កើន​សកម្មភាព​កងទ័ព​ក្នុង​តំបន់​ទៀត​។ គេ​រំពឹងថា មេដឹកនាំ​ចិន​នឹង​នៅតែ​ពន្យល់​ពី​ជំហរ​របស់​ចិន​ក្នុងការ​ដោះស្រាយ​ជម្លោះ​និង​ការពារ​សកម្មភាព​ដែល​ខ្លួន​ធ្វើ​ផង​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ក្រុង​វ៉ាស៊ីនតោន ៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​