ជប៉ុន​ភ័យ​ព្រោះ​រុស្ស៊ី​ត្រៀម​សង់​មូលដ្ឋានទ័ព​និង​ដាក់​ប្រព័ន្ធ​មី​ស៊ី​ល​លើ​កោះ​គូ​រី​ល​

លេខាធិការនៃគណរដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga​ជប៉ុន​ចាប់ផ្តើម​បារម្ភ​ពី​បញ្ហា​សន្តិសុខ​របស់ខ្លួន ក្រោយពេល​ដែលមាន​លេចចេញ​ព័ត៌មាន​ថា រុស្ស៊ី​ត្រៀម​កសាង​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​លើ​កោះ​ជម្លោះ​ជាមួយ​ខ្លួន​។ បើ​រុស្ស៊ី​សង់​មូលដ្ឋានទ័ព​មែន​នោះ​វា​ក៏​បណ្តាលមកពី​ការផ្លាស់ប្តូរ​នយោបាយ​ការពារជាតិ​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន ដើម្បី​ពង្រឹងសមត្ថភាព​និង​អំណាច​យោធា​របស់ខ្លួន​និង​ចាប់ផ្តើម​ផ្តោត​ខ្លាំង​លើ​ការ​ទប់ទល់​ជាមួយ​ចិន​ដែរ​។

​រដ្ឋាភិបាល​ជប៉ុន​ប្រាប់​ទៅកាន់​រដ្ឋាភិបាល​រុស្ស៊ី​ថា​ខ្លួន​ព្រួយបារម្ភ​ខ្លាំង​ពី គម្រោង​សាងសង់​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​រុស្ស៊ី​នៅលើ​ប្រជុំ​កោះ គូ​រី​ល (Kurils) ស្ថិតនៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​។  ជប៉ុន​ខ្លាច​ថា ការពង្រីក​អំណាច​យោធា​របស់​រុស្ស៊ី​នៅលើ​កោះ​កំពុងមាន​ជម្លោះ​ជាមួយ​ខ្លួន​នោះ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ដល់​ខ្លួន​ទៅ​ថ្ងៃមុខ​។​

​ជប៉ុន​បង្ហាញ​ប្រតិកម្ម​របស់ខ្លួន ក្រោយ​ពេលដែល រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu កាលពី​សប្តាហ៍​មុន​បាន​ថ្លែងថា រុស្ស៊ី​នឹងសិក្សា​ពី​លទ្ធភាព​នៃ​ការសាងសង់​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​លើ​ប្រជុំ​កោះ គូ​រី​ល (Kurile) ដែល​ផ្នែក​ខ្លះ​នៃ​កោះ​នេះ​ត្រូវបាន​ជប៉ុន​ចាត់ទុកជា​ទឹកដី​របស់ខ្លួន​ដែរនោះ​។ 

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជប៉ុន​ទាមទារ​កោះ​ភាគខាងត្បូង ដែល​ត្រូវបាន​កាន់កាប់​ដោយ​សហភាពសូវៀត​ក្នុងសម័យ​សង្គ្រាមលោកលើកទី​២ ។ ហើយ​ដោយសារតែ​បញ្ហា​ជម្លោះ​កោះ​នេះ​បាន​រារាំង​ភាគី​ទាំងពីរ​មិន​ឲ្យ​ចុះសន្ធិសញ្ញា​សន្តិភាព​រួម​គ្នា​។ រុស្ស៊ី​ហៅ​តំបន់​ជម្លោះ​នោះ​ថា កោះ Kuril ភាគខាងត្បូង ខណៈដែល​ជប៉ុន​ហៅ​តំបន់​ខាងលើ​ថា ទឹកដី​ភាគ​ខាងជើង​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លេខាធិការ​នៃ​គណរដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga បាន​ថ្លែងថា​៖« យើង​បាន​ប្រាប់​ភាគី​រុស្ស៊ី​តាមផ្លូវ​ការទូត​រួចហើយ​ថា យើង​ពិតជា​បារម្ភ​អំពី​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​រុស្ស៊ី​កន្លងមក​»​    ​។​

​លោក​បន្តថា ៖«​យើង​ក៏បាន​ប្រាប់​រុស្ស៊ី​ថា ប្រសិន​វា​នឹង​នាំ​ឲ្យ​មានការ​ពង្រឹង​រចនាសម្ព័ន្ធ​កម្លាំង​ទ័ព​រុស្ស៊ី​នៅលើ​ទឹកដី​ភាគ​ខាងជើង​នោះ វា​នឹង​ប៉ះពាល់​ដល់​ជំហរ​ជប៉ុន និង​រឿង​ដែល​គួរ​សោកស្តាយ​បំផុត​»​។​

​តាមពិតទៅ ការ​ឈានទៅ​សង់​មូលដ្ឋានទ័ព​នៅលើ​កោះ​ជម្លោះ​នេះ គឺ​បណ្តាលមកពី​ការផ្លាស់ប្តូរ​នយោបាយ​ការពារជាតិ​របស់​ជប៉ុន​ផងដែរ ដោយ​ជប៉ុន​ចាប់ផ្តើម​បង្កើន​អំណាច​យោធា​របស់ខ្លួន​ឡើងវិញ​កន្លងមក​។ ហើយ​ជប៉ុន​ក៏​បន្ត​ផ្តោតលើ​ការ​ទប់ទល់​ជាមួយ​ការ​វាតទី​របស់​ចិន នៅ​តំបន់​ភាគខាងត្បូង​ពោលគឺ​នៅ​សមុទ្រ​ចិន​ខាងកើត​តែម្តង​។

​ដូច​ឃើញស្រាប់​នៅ​ថ្ងៃ​ចន្ទ​ទី ២៨ មីនា ម្សិលមិញ ជប៉ុន​បើក​ដំណើរការ​ប្រព័ន្ធ​រ៉ា​ដា​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងកើត ដែល​វា​នឹង​ជួយ​ឲ្យ​ជប៉ុន​ប្រមូលបាន​នូវ​របាយការណ៍​ចារកម្ម​បាន​រហ័ស​និង​អចិន្ត្រៃយ៍​ផង​។ ប៉ុន្តែ​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹងសម្បារ​ជាខ្លាំង​។​

​ត្រលប់​មកវិញ មិន​ត្រឹមតែ​សង់​មូលដ្ឋានទ័ព​ប៉ុណ្ណោះ ទេ បើតាម​សម្តី​របស់​ប្រមុខ​ការពារជាតិ​រុស្ស៊ី​កន្លងទៅ  រុស្ស៊ី​ក៏​ត្រៀម​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ថ្មី​បំផុត និង​យន្តហោះ​ឈ្លបយកការណ៍​ឥត​អ្នកបើក​របស់ខ្លួន​ទៅកាន់​កោះ​គូ​រី​ល​ដែរ​។​

​កាលពី​ឆ្នាំមុន រុស្ស៊ី​បានបង្ហាញ​ផែនការអភិវឌ្ឍន៍​កោះ​ខាងលើ​ដែរ​ដោយ រុស្ស៊ី​ប្រហែលជា​ត្រូវ​ចំណាយ​ថវិកា​សរុប​រហូតដល់ ១.២២​ពាន់​លាន​ដុ​លា្ល​រ​ដើម្បី​សម្រេច​គម្រោង​រយៈពេល​១០​ឆ្នាំ​។ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​ផែនការ​រយៈពេល​១០​ឆ្នាំ​របស់​រុស្ស៊ី​ដើម្បី​អភិវឌ្ឍ​ប្រជុំ​កោះ​នេះ មាន​អ្វីខ្លះ​ទេ ប៉ុន្តែ​វា​មិនមាន​អ្វី​ក្រៅពី​ការសាងសង់​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​ផង​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​