សត្វ​អណ្ដើក​និង​ពស់​ថ្លាន់​នៅ​រស់​សរុប​ជាង​កន្លះ​តោន​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ជួយ​សង្គ្រោះ

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា រាយការណ៍​ថា សត្វ​អណ្ដើក​ជិត​ផុត​ពូជ និង​ពស់​ថ្លាន់​សរុប​ជាង​កន្លះ​តោន​ដែល​នៅ​រស់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា រឹប​អូស​បាន​កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​មីនា ក្នុង​ខេត្ត​កណ្ដាល។ ក្នុង​នោះ មាន​អណ្ដើក​ចំនួន ១០២​ក្បាល និង​ពស់​ថ្លាន់​ចំនួន ១៧​ក្បាល​ទម្ងន់​សរុប ៥៧០​គីឡូក្រាម​ដែល​គេ​ដឹក​ជញ្ជួន​មក​ពី​ខេត្ត​បាត់ដំបង។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មួយ​រូប គឺ​លោក អ៊ី សុភី ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ ដក​ស្រង់​សម្ដី លើក​ឡើង​ថា សត្វ​អណ្ដើក និង​ពស់​ថ្លាន់​ទាំង​នោះ​ត្រូវ​បាន​ឈ្មួញ​ប៉ុនប៉ង​ដឹក​ជញ្ជូន​តាម​រថយន្ត ឆ្ពោះ​មក​រាជធានី​ភ្នំពេញ រួច​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។ មន្ត្រី​រូប​នោះ​បន្ត​ថា អ្នក​បើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​រថយន្ត។

សេចក្ដី​រាយការណ៍​ដដែល​បន្ត​ថា បច្ចុប្បន្ន សត្វ​អណ្ដើក និង​ពស់​ថ្លាន់​ទាំង​នោះ ត្រូវ​បាន​រក្សា​ទុក​នៅ​អង្គការ​អភិរក្ស​សត្វ​ព្រៃ​មួយ រួច​នឹង​នាំ​យក​ទៅ​លែង​ចូល​ក្នុង​ព្រៃ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។