ពលរដ្ឋ​ស្រុក​សង្កែ​រិះគន់​អាជ្ញាធរ​ខេត្ត​បាត់ដំបង​មិន​ទប់ស្កាត់​ការ​ទន្ទ្រាន​ព្រៃ​លិច​ទឹក​យក​ដី

ប្រជា​សហគមន៍​នេសាទ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ថា​មិន​អើពើ​ទប់ស្កាត់​ពី​ការ​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក ឬ​ហៅ​ថា​ព្រៃ​រនាម យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នោះ​ទេ។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ​ព្រៃ​លិច​ទឹក​រាប់​រយ​ហិកតារ ត្រូវ​គេ​លួច​កាប់​បំផ្លាញ ហើយ​ពួក​គាត់​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ឃុំ ឲ្យ​ទប់ស្កាត់​ជាច្រើន​លើក តែ​ពុំ​ទទួល​បាន​លទ្ធផល។

ប្រជាពលរដ្ឋ​នៅ​ស្រុក​សង្កែ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ហិនហោច​ព្រៃ​លិច​ទឹក​អស់​ក្នុង​ពេល​ឆាប់ៗ ដោយសារ​អាជ្ញាធរ​ពុំ​ទាន់​មាន​វិធានការ​ទប់ស្កាត់​នៅ​ឡើយ។

អនុប្រធាន​សហគមន៍​នេសាទ​ត្រី​ភូមិ​កាច់រទេះ ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ លោក វ៉ាន សំអាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ មីនា ថា អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា​ជួល​ពលរដ្ឋ​ទៅ​កាប់​ព្រៃ​លិច​ទឹក​នៅ​តំបន់​២ នៃ​ភូមិ​សាលាក្រៅ ឃុំ​កំពង់ព្រៀង ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ព្រៃ​រនាម​ហិនហោច​អស់​ប្រមាណ​ជាង ១០០​ហិកតារ​ហើយ នៅ​មិន​ទាន់​មាន​អាជ្ញាធរ​ទប់ស្កាត់​នៅ​ឡើយ៖ «បាទ! សព្វថ្ងៃ​គេ​នៅ​ធ្វើ​សកម្មភាព​នៅ​ឡើយ ដោយ​មាន​អ្នក​ចាំ​ឃ្លាំ​មើល​តាម​ផ្លូវ ដើម្បី​ងាយ​ស្រួល​គេ​រត់​គេច​ខ្លួន នៅ​ពេល​ពួក​ខ្ញុំ​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​ព្រៃ​រនាម»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​កំពង់ព្រៀង លោក សំ ណេត មាន​ប្រសាសន៍​ថា កន្លង​មក មាន​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ​ងាប់​សម្រាប់​យក​មក​ធ្វើ​ឧស​ដុត​នៅ​តំបន់​ព្រៃ​រនាម​នោះ​ខ្លះ​មែន ប៉ុន្តែ​លោក​អះអាង​ថា ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ទៅ​កាប់​ទន្ទ្រាន​ព្រៃ​រនាម​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជា​សហគមន៍​នេសាទ​នោះ​ទេ។ លោក​បន្ថែម​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ពុំ​បាន​ព្រងើយ​កន្តើយ​ក្នុង​ការ​ទប់ស្កាត់ និង​ថែ​រក្សា​ព្រៃ​លិច​ទឹក​នោះ​ឡើយ​៖ «បាទ! ដី​នៅ​តំបន់​នោះ​មាន ៣​តំបន់​ចែក​ដាច់​ពី​គ្នា គឺ​តំបន់​១ តំបន់​២ និង​តំបន់​៣ ហើយ​តំបន់​ដែល​មាន​ព្រៃ​ច្រើន យើង​ហាម​ដាច់​ខាត​មិន​ឲ្យ​ពលរដ្ឋ​ណា​ចូល​ទៅ​កាប់​ព្រៃ​ឈើ​នោះ​ទេ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់​សម្គាល់​ថា ការ​ទន្ទ្រាន​ព្រៃ​លិច​ទឹក​យក​ដី​ពី​សំណាក់​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ជាពិសេស​នៅ​ស្រុក​សង្កែ តែ​ម្ដង កើត​មាន​រៀង​រាល់​ឆ្នាំ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​ថា ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ដែល​ថា មាន​ការ​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​យក​ដី​នោះ គឺ​ជា​ការ​ពិត ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់៖ «រឿង​នេះ យើង​នឹង​សហការ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ទន្ទ្រាន​ព្រៃ​លិច​ទឹក​យក​ដី​បន្ត​ទៀត​ទេ»

ប្រជា​សហគមន៍​នេសាទ​ភូមិ​កាច់រទេះ អះអាង​ថា ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​២ នៃ​ស្រុក​សង្កែ ត្រូវ​បាន​គេ​លួច​កាប់ និង​ដុត​ព្រៃ​យក​ដី​ខ្លាំង​ចាប់​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៦ មក អស់​ប្រមាណ ១៥០​ហិកតារ​ក្នុង​ចំណោម​ផ្ទៃ​ដី​ជាង ២.៥០០​ហិកតារ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​ប្រជា​សហគមន៍​នេសាទ​ភូមិ​កាច់រទេះ គ្រោង​ចុះ​ត្រួត​ពិនិត្យ​ព្រៃ​លិច​ទឹក​តំបន់​២ ឃុំ​កំពង់ព្រៀង នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ធ្វើ​របាយការណ៍​ដាក់​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​មាន​វិធានការ​ទប់ស្កាត់​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។