បក្ស​ប្រឆាំង​គ្រោង​ប្រារព្ធ​ខួប​១៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ​នៅ​មុខ​អតីត​អគារ​រដ្ឋសភា

ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ គឺ​ជា​ខួប​គម្រប់ ១៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​វាយ​ប្រហារ​គប់​គ្រាប់​បែក​ដៃ​ទៅ​លើ​ហ្វូង​បាតុករ ដឹក​នាំ​ដោយ លោក សម រង្ស៊ី នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ក្បែរ​ព្រះបរមរាជវាំង។ នៅ​ថ្ងៃ​នោះ គណបក្ស​ប្រឆាំង នឹង​រៀបចំ​ជួប​ជុំ​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ឋ​ជន​រងគ្រោះ​នៅ​ទីនោះ​ចាប់​ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង​១១។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ មីនា ឲ្យ​ដឹង​ថា កម្មវិធី​បង្សុកូល​នៅ​ឆ្នាំ​នេះ ទោះ​បី​ជា លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ក្តី ប៉ុន្តែ​លោក​នឹង​ចូលរួម​តាម​រយៈ​វីដេអូ​ខនហ្វើរ៉ែន (Video Conference)

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម បាន​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ចំនួន ៤​គ្រាប់​ទៅ​លើ​ហ្វូង​បាតុករ ដែល​ដឹក​នាំ​ដោយ លោក សម រង្ស៊ី ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ នៅ​ពី​មុខ​អតីត​អគារ​រដ្ឋសភា។

មនុស្ស​យ៉ាង​តិច​ប្រមាណ ១៦​នាក់​បាន​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នា​ពេល​នោះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ជន​ប្រព្រឹត្តិ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។