កម្មវិធី “មុខរបរ​ខ្ញុំ” ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន-បេក្ខនារី ជា​លើក​ដំបូង​

កម្មវិធី មុខរបរ​ខ្ញុំ ឬ My Place ដែល​កំពុង​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន បេក្ខនារី​របស់​ខ្លួន​ហើយ ខណៈ​ភោជនីយដ្ឋាន​ថ្មី និង​ពិតប្រាកដ​មួយ​របស់​ពួកគេ​កំពុង​លេច​រូបរាង​ជា​បណ្តើរៗ​។

 

ប្រសិនបើ​លោក ទេព រិនដា​រ៉ូ ជា​គណៈកម្មការ​ មិន​ធ្វើ​អន្តរាគមន៍​អ្វី​ទេ​នោះ កម្មវិធី​ជីវិត​ពិត មុខរបរ​ខ្ញុំ ច្បាស់​ជា​ចាប់ផ្តើម​ជម្រុះ​បេក្ខជន បេក្ខនារី​​ដំបូង​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី​មុន​គេ គឺ​ចាប់​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ភោជនីយដ្ឋាន​ពិតប្រាកដ​របស់​ពួកគេ ចាប់​បើក​ដំណើរការ​ជា​ផ្លូវការ​មក​ម្ល៉េះ​។​

 

កម្មវិធី “មុខរបរ​ខ្ញុំ” ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន-បេក្ខនារី ជា​លើក​ដំបូង​

 

មុខរបរ​ខ្ញុំ គឺ​ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ​ដែល​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ម៉ោង​មាស​របស់​ PNN។ បេក្ខជន បេក្ខនារី​​ទាំង​១៣​រូប ត្រូវ​ចូលរួម​ការងារ​ជាមួយគ្នា ដើម្បី​បង្កើត​ចេញ​ជា​អាជីវកម្ម​ដែល​មាន​លំនឹង ពោល​គឺជា​ភោជនីយដ្ឋាន​មួយ​តែម្តង​។ កម្មវិធី​ថ្មី​នេះ មាន​ចាក់​ផ្សាយ​ចាប់ពី​ម៉ោង ៨:០០ ដល់​ម៉ោង ៨:៣០​យប់ ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ដោយ​ផ្តោត​សំខាន់​ពី​ជីវិត​ពិត​របស់​មនុស្ស​ស្ថិត​ក្នុង​ស្ថានភាព​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​។​

 

ពីរ​សប្ដាហ៍​កន្លង​មក​នេះ បេក្ខជន បេក្ខនារី​ទាំង​អស់ បាន​ចាប់​ផ្តើម​ដំណើរការ​ប្រកួត​ប្រជែង​គ្នា​។ ពួក​គេ​ទាំង​១៣​នាក់ បាន​ចូលរួម​ធ្វើ​ការងារ​ជាច្រើន​ជាមួយ​គ្នា ជា​ពិសេស​គឺ​ផែនការ​រៀបចំ​ភោជនីយដ្ឋាន​ពិត​ប្រាកដ​មួយ​ឲ្យ​លេច​ជា​រូបរាង​។ ទោះ​ជា​ចូលរួម​ការងារ​ជាមួយ​គ្នា​ក្តី ប៉ុន្តែ​ពួកគេ​នៅតែ​មិន​ភ្លេច​ពង្រឹង​សមត្ថភាព​រៀងៗ​ខ្លួន ដើម្បី​មាន​ឱកាស​ក្លាយ​ជា​បេក្ខភាព​ជយលាភី​តែ​ម្នាក់​គត់​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ទទួល​បាន​រង្វាន់​គិត​ជា​ទឹកប្រាក់​ដល់​ទៅ​២០​លាន​រៀល​។​

 

កម្មវិធី “មុខរបរ​ខ្ញុំ” ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន-បេក្ខនារី ជា​លើក​ដំបូង​

 

ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ បេក្ខជន បេក្ខនារី ២​រូប នឹង​ត្រូវ​សមាជិក​ក្រុម​របស់​ខ្លួន​បោះឆ្នោត​គាំទ្រ​ជា​បេក្ខភាព​ឆ្នើម​បំផុត និង​អន់​បំផុត ខណៈ​ក្នុង​ចំណោម​ពួកគេ​ទាំង​២ នឹង​មាន​ម្នាក់​តម្រូវ​ឲ្យ​ចាកចេញ​ពី​កម្មវិធី ក្រោយ​លោក ទេព រិនដារ៉ូ គណៈកម្មការ​កម្មវិធី វាយ​តម្លៃ​ចុងក្រោយ​ថា​តើ​បេក្ខជន បេក្ខនារី​ រូប​ណា​គួរ​តែ​នៅ និង​គួរ​ទៅ​។​

 

ការ​សម្រេច​របស់​គណៈកម្មការ ធ្វើ​ឡើង​បន្ទាប់​ពី​ទុក​ពេលវេលា​ឲ្យ​ពួក​គេ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ចំនួន​២​សប្តាហ៍​រួច​មក​។​

 

ក្នុង​ភាគ​មុន​នៃ​កម្មវិធី បេក្ខនារី​ ជិន ស្រី​ពៅ ត្រូវ​បាន​ជម្រុះ​ចេញ​ពី​កម្មវិធី ក្រោម​ការ​សម្រេច​ចិត្ត​របស់​ប្រធាន​ក្រុម និង​សំឡេង​គាំទ្រ​ភាគច្រើន​ពី​សំណាក់​សមាជិក​ផ្សេងៗ​។ យ៉ាង​ណា​ក៏​ដោយ លោក ទេព រិនដារ៉ូ បាន​ដក​ហូត​សេចក្ដី​សម្រេច​នោះ អនុញ្ញាត​ឲ្យ ជិន ស្រី​ពៅ ត្រលប់​មក​កាន់​កម្មវិធី​វិញ ព្រម​ទាំង​បញ្ជាក់​ប្រាប់​បេក្ខជន​ទាំង​អស់ ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការជ​ម្រុះ​មួយ​ដ៏​ពិតប្រាកដ ដែល​នឹង​កើត​ឡើង​ក្នុង​សប្ដាហ៍​នេះ​។​

 

កម្មវិធី “មុខរបរ​ខ្ញុំ” ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន-បេក្ខនារី ជា​លើក​ដំបូង​

 

សម្រាប់​ពេល​នេះ បេក្ខជន បេក្ខនារី​​ទាំង​១៣​រូប ស្ទើរ​តែ​រៀបចំ​រួចរាល់​ហើយ ក្នុង​ការ​បើក​ឲ្យ​ដំណើរ​ការ​ភោជនីយដ្ឋាន​របស់​ពួកគេ​។ ទោះជា​យ៉ាងណា ក្នុង​អំឡុង​ដំណើរការ​ភោជនីយដ្ឋាន​ថ្មី​របស់​គេ បេក្ខជន បេក្ខនារី​​ទាំង​អស់ នឹង​ត្រូវ​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​បោះ​ឆ្នោត សម្រាប់​បេក្ខភាព​ឆ្នើម និង​បេក្ខជន​ដែល​មិន​អាច​បន្ត​ក្នុង​កម្មវិធី​នេះ​តទៅទៀត​។​

 

លោក Jimmy អ្នក​ផលិត​កម្មវិធី មុខរបរ​ខ្ញុំ បាន​ប្រាប់​ថា សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ក្រោយ​ លោក​ជឿ​ថា លោក ទេព រិនដារ៉ូ នឹង​មិន​ជ្រៀតជ្រែក​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ក្រុម​បេក្ខជន បេក្ខនារី​​ទៀត​នោះទេ​។ ពួកគេ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ទាំងអស់​គ្នា ដូច្នេះ​វា​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ជា​ពិសេស គឺ​ថា​ពួកគេ​នឹង​ភ្ញាក់ផ្អើល​របៀប​ណា នៅ​ពេល​ដែល​ក្រុម​របស់​ពួកគេ​ត្រូវ​មាន​ម្នាក់​ដើរ​ចេញពី​កម្មវិធី​។​

 

បេក្ខជន បេក្ខនារី​ ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ បាន​បើក​ដំណើរការ​ភោជនីយដ្ឋាន​របស់​ពួកគេ ក្នុង​ទឹកដី​សង្កាត់​ព្រែក​ព្នៅ​។ ភោជនីយដ្ឋាន​នេះ គឺ​ផ្តោត​ទៅលើ​គោលដៅ​អតិថិជន​របស់​ខ្លួន​ដែល​ជា​បុគ្គលិក​កំពុង​បម្រើការ​ក្នុង​ស្ថានីយ​ទូរទស្សន៍ PNN ផ្ទាល់ ក៏​ដូច​ជា​បុគ្គលិក ក្លិប​វាយ​កូន​ហ្គោល ដែល​នៅ​ក្បែរ​នោះ​ផងដែរ​។​

 

មិន​ដូចជា​កម្មវិធី​ជីវិត​ពិត​ដទៃ​ទៀត មុខរបរ​ខ្ញុំ ផ្តោត​សំខាន់​ទៅលើ​ការអប់រំ​ជំនាញ​សម្រាប់​អាជីវកម្ម​ពិតប្រាកដ​មួយ​។​

 

កម្មវិធី “មុខរបរ​ខ្ញុំ” ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន-បេក្ខនារី ជា​លើក​ដំបូង​

 

ក្នុង​២​ទៅ​៣​សប្តាហ៍​ដំបូង​នៃ​កម្មវិធី ពួក​យើង​បាន​ឃើញ​រួច​មក​ហើយ​នូវ​បេក្ខជន បេក្ខនារី​ទាំង​អស់ បាន​ចូលរួម​ការងារ​ជាមួយ​នឹង​ចុងភៅ​ក្នុង​ស្រុក​មួយ​ចំនួន អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន ហើយ​ថែម​ទាំង​ទទួល​បាន​ការ​ប្រឹក្សា​ពី​ក្រុម​ពាណិជ្ជករ ក្នុង​ការ​ហ្វឹកហាត់​ជំនាញ​ឆុង​កាហ្វេ និង​ចម្អិន​អាហារ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ​។​

 

មុខរបរ​ខ្ញុំ ចាប់​ផ្តើម​ចាក់​ផ្សាយ​ពី​ថ្ងៃ​ទី​១៤ មីនា ​មក​។ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី មុខរបរ​ខ្ញុំ សូម​ចូល​ទៅ​កាន់​គណនី​ហ្វេសបុក ដែល​មាន​អាសយដ្ឋាន www.facebook.com/pnnmyplace ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​