មានដឹងអត់ ! ​​ផ្អើលភ្លូកទឹកភ្លូកដី៥ថ្ងៃហើយ

ខេត្តព្រះវិហារ ៖ ​រយៈពេ​ល​​៥​ថ្ងៃ​នេះ ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​​ភ្ញាក់ផ្អើល​នាំ​គ្នា​​ទៅ​ជីក​យក​អាចម៍​ដី​មក​រែ​​យក​​រ៉ែ​មាស​ក្នុងលំនៅ​​ឋាន ដោយ​អ្នក​ខ្លះរែ​ង​​នៅ​​ទីតាំង​ជីក​​តែ​ម្តង ស្ថិត​ក្នុង​​ចំណុច​ព្រៃ​​ទទឹង ​ភូមិ​ត្រពាំង​​ទន្ទឹម ឃុំ​រម​ទម ស្រុក​រវៀង ខេត្តព្រះវិហារ ។

​បើ​តាម​​ការឱ្យ​​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​​ក្នុងភូមិ​ត្រពាំង​​ទន្ទឹម​​បាន​ឱ្យ​​ដឹង​​ថា ការ​រែង​​ដី​​យក​​រ៉ែ​មាស គឺ​ជា​មុខ​របរ​តាំងពី​សម័យ​ដូនតា​​របស់​ពួក​គេ​​​យូរ​មក​ហើយ ​នៅ​តំបន់​​ភ្នំ​ដែក ស្រុក​រវៀង​​នេះ ។ តែ​ដោយសារ​​តែ​មាន​ការ​​ផ្អើល​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន ​នាំ​គ្នា​ទៅ​ចំណុច​​ព្រៃ​ទទឹង ដោយ​ឮ​ត​ៗ​គ្នា​ថា នៅ​ក្រោម​ដី​ចំណុច​នោះ​មាន​​រ៉ែ​មាសច្រើន​ ទើប​ពួក​គាត់​នាំ​គ្នា​ទៅ​ជីក​យក​មក​រែង​​នៅផ្ទះ អ្នកខ្លះ​រែង​​នៅ​នឹង​កន្លែង​​ជីក​តែ​ម្តង ដោយ​ប្រើ​ឧបករណ៍​ម្យ៉ាង​ហៅ​ថា ដួន ។

ពលរដ្ឋ​ដដែល​​បន្ត​ទៀត​ថា ពួក​គាត់​រែងយក​រ៉ែ​មាស​ក្នុង​មួយ​ថ្ងៃ អ្នកខ្លះ​បាន​​៥​លី, អ្នកខ្លះ​បាន៥​ហ៊ុន រហូត​ដល់​អ្នក​មានសំណាង​ ក៏​បាន​១​ជី រីឯ​អ្នកខ្លះ អត់​បាន​សោះ ក៏​មាន​ដែរ ។

​លោកពូ ប្រាក់ ថន មេឃុំ​រមទម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មីនា ​២០១៦​ នេះ បាន​ឱ្យ​ដឹង​ថា ការ​ភ្ញាក់ផ្អើល​របស់​ប្រជាពលរដ្ឋ រហូត​ឈាន​ដល់​ការ​លើកគ្នាមក​ជីក​យក​ដី​រ៉ែ​ង​មាសយ៉ាង​គគ្រឹកគគ្រេង​នេះ នៅ​លើ​ដី​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ ។ លោក​មេ​ឃុំ​បន្ត​ទៀត​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ ដោយសារ​តែដំបូង​ឡើយ ​ម្ចាស់​ដី​បាន​សាកល្បង​ជីក​អាចម៍ដី​របស់​ខ្លួន​ដើម្បី​រែង​មើល ក៏​ឃើញ​មាន​មាស​ពិតមែន ទើប​ធ្វើ​ឲ្យ​ព័ត៌មាន​លេចឮ​ត​ៗ​គ្នា ដល់​ប្រជាពលរដ្ឋ​តែ​ម្តង​ទៅ ។ 

លោក​មេឃុំក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​នាម​លោកពូ​ជា​អាជ្ញាធរ​មូលដ្ឋាន ក្រោយ​ពេល​ឮដំណឹង​ខាងលើ​នេះ​ភ្លាម លោក​ក៏​បាន​សំណូម​ពរឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់ការ​ជីក​កកាយ​បន្ត​ទៀត បើ​ទោះបីជា​ដី​នោះ​ មានការ​កាន់កាប់​ដោយ​បុគ្គល​ណា​ក៏​ដោយ តែ​ដូច​ជា​ធនធាន​រ៉ែ​នៅ​ក្រោម​ដី ជា​សម្បត្តិ​របស់​ជាតិ និងថែរក្សា​ការពារ​ដោយ​រដ្ឋ មិន​មាន​អ្នក​ណា​មក​ធ្វើ​អ្វី​ ដោយ​គ្មាន​ការ​អនុញ្ញាត​ណាមួយ​ឡើយ ។

​សូម​បញ្ជាក់​ផង​ដែរ មក​ដល់​ពេល​នេះ បើ​តាម​ការ​អះអាង​របស់​លោក​មេឃុំ​រមទម​ថា ពេល​នេះ​ប្រជាពលរដ្ឋ​ខ្លះ​ក៏​បាន​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​រៀង​ៗ​ខ្លួន​វិញ រីឯ​ខ្លះ​ទៀតនៅ​តែ​បន្ត​ជីក​កកាយ​នៅឡើយ បើ​ទោះបីជា​អាជ្ញាធរ​ឃុំ​ហាម​យ៉ាងណា​ក៏​ដោយ ។ គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០០៩ នៅ​លើ​ភ្នំចំណុច​បុស្ស​តា​ថោ​ង ស្ថិត​ក្នុងភូមិ​ភ្នំ​ដែក​ ឃុំ​រមណីយ៍ ស្រុក​រវៀង ក៏​មានការ​ភ្ញាក់ផ្អើល ដោយ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ ​មក​ពី​តាម​បណ្តា​ខេត្ត​មួយ​ចំនួន មក​ជីក​រែង​យក​រ៉ែ​មាស​ដូច​ករណី​ខាងលើ​នេះ​ផង​ដែរ ។