គ្រាន់តែ​កង្ហារ​មួយ ធ្វើ​ឱ្យ​ប្តី​វាយ​ប្រពន្ធ​ដេរ​៥​ថ្នេរ

ខេត្តពោធិ៍សាត់ ៖ បុរស​ជា​គ្រូបង្រៀន​ម្នាក់បាន​សុំ​កង្ហារ​​មួយ​ពី​ប្រពន្ធ​យក​ទៅ​ឱ្យ​ម្ដាយ​ប្រើប្រាស់​ក្នុង​រដូវក្ដៅ តែ​ដោយសារ​ប្រពន្ធ​មិន​ព្រម​ឱ្យ​ ក៏​ឈ្លោះប្រកែក​គ្នា រហូត​ទប់​កំហឹង​មិន​បាន បុរស​ជា​ប្ដី​ទាញ​កៅអី​វាយ​ក្បាល​ប្រពន្ធ បណ្ដាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ដេរ​៥​ថ្នេរ ត្រ​វប្រ​ពន្ធ​ទៅ​ប្ដឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន​ប្តី​តែ​ម្ដង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​២៧ មីនា ២០១៦ ស្ថិត​នៅផ្ទះ​ក្នុងភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ​ក្រុង​ពោធិ៍សាត់ ​។

លោក​វរសេនីយ៍ទោ ឈ​ន រិ​ទ្ធិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​បានឱ្យ​ដឹង​ថា បុរស​ជា​ប្ដី​ឈ្មោះ​ស៊ុន ណា​រ៉ា អាយុ​៥២​ឆ្នាំ ជា​គ្រូ​បង្រៀន និង​ប្រពន្ធ​ឈ្មោះ​ស៊ុ​យ រតនា អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ករណី​ហិង្សា​នេះ គឺ​ផ្ដើម​ចេញពីបុរស​ជា​ប្ដី​ដោយសារ​តែ​គាត់​មានគុណ​ចំពោះ​ម្ដាយ​របស់​គាត់ គឺ​គាត់​បាន​សុំ​កង្ហា​មួយ​ពី​ប្រពន្ធ​យក​ទៅ​ជូន​ម្ដាយ​ចាស់ជរា​នៅ​ឯ​ស្រុកស្រែ សម្រាប់​ប្រើប្រាស់​ក្នុង​រដូវក្ដៅ​នេះ ។ ដោយសារ​ប្រពន្ធ​មិន​ព្រមឱ្យ​នោះ ក៏​កើត​មាន​ទំនាស់​ពាក្យ​សម្តី​​គ្នា​រហូត​ធ្វើ​ឱ្យ​បុរស​ជា​ប្ដី​ទប់​កំហឹង​មិន​បាន ក៏​ទាញ​កៅអី​ឈើ​វាយ​ក្បាល​ប្រពន្ធ​មួយ​កៅអី បណ្ដាល​ឱ្យ​បែកក្បាល​តែ​ម្តង ។