ទោះបី​ប្រឹង​លួចលាក់​យ៉ាងណា​ក៏​គេច​មិន​រួច​ដែរ

ខេត្តកណ្តាល ៖ រថយន្ត​សណ្ដោង​ធុន​ធំ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​លួច​បង្កប់​សត្វ​ពស់ថ្លាន់​និង​អណ្តើក​សរុប​ជិត​៦០០​គីឡូក្រាម​ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមីនា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខណៈ​ពេល​ដឹក​ទិស​ដៅ​ពី​អ្នក​លឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​បម្រុង​ឆ្ពោះ​ចូល​ទៅ​ចែកចាយ​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត​នានា ។

លោក​ អ៊ី សុ​ភី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ ប្រធាន​ដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ចូលរួម​សហការ​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ​, ប៉ូលិស​សេដ្ឋកិច្ច​ខេត្តកណ្ដាល និង​នគរបាល​ស្រុក​កៀនស្វាយ ។ លោក​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ថា​មាន​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ​១​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8360 មាន​លួច​បង្កប់​សត្វ​អណ្តើក​និង​សត្វ​ពស់ថ្លាន់​ឆ្លងកាត់​មូលដ្ឋាន​របស់​លោក លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ូលិស​សេ​ដ្ធ​កិច្ច​ខេត្ត​ និង​នគរបាល​ស្រុក​ ស្ទាក់​ចាប់​ឃាត់​បាន​រថយន្ត តែ​អ្នក​បើក​បរ​ដឹងខ្លួន​ចត​ឡាន​ចោល​រត់គេច​ខ្លួន​បាត់​មុន​ពេល​កម្លាំង​ចុះ​ទៅ​ដល់ ។

លោក អ៊ី សុ​ភី បន្ត​ទៀត​ថា នៅ​ពេល​កម្លាំង​ធ្វើការ​ឆែកឆេរ​រើ​ទំនិញ ប្រទះ​ឃើញ​វត្ថុ​តាង​សត្វ​អណ្តើក​ចំនួន​១០២​ក្បាល ស្មើ​៤៤៣​គីឡូក្រាម ពស់ថ្លាន់​១៧​ក្បាល ស្មើ​១២៧​គីឡូក្រាម នៅ​លើ​រថយន្ត​បង្កប់​ពីក្រោម​ទំនិញ ។

លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​កៀនស្វាយ​បញ្ជាក់​ថា បន្ទាប់​ពី​រក​ឃើញ​វត្ថុ​តាង​សត្វព្រៃ​ក៏​យក​ទាំង​រថយន្ត​មក​ទីស្នាក់ការ​នៅ​ស្រុក​កៀនស្វាយ​ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់​សត្វព្រៃ​ឲ្យ​អង្គការ​ហ្វា​យ​អេ​តយ​ក​ទៅ​ដាក់​នៅ​សួនសត្វ រីឯ​រថយន្ត​រក្សា​ទុក​នៅ​ស្នាក់​ការ​មេព្រៃ​កៀនស្វាយ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ៕