ចាប់ខ្លួន​ពេល​យក​ទៅ​ចែកចាយ​នៅ​«​ម​១» បែកធ្លាយ​មាន​បក្សពួក​២​នាក់​ទៀត

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​ដោយ​យក​លេស​ថា​ទៅ​សួរសុខទុក្ខ​មិត្តភក្តិ ក៏​ត្រូវ​កម្លាំង​អនុរក្ស​ពន្ធនាគារ​ធ្វើការ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ខណ្ឌដង្កោ​បន្ទាប់​ពី​ឆែកឆេរ​ឃើញ​មាន​គ្រឿងញៀន​នៅ​ជាប់​នឹង​ខ្លួន​ដែល​យក​ទៅ​បម្រុង​ចែក​ចាយ​បន្ត​ ។ ហេតុការណ៍​ចាប់ខ្លួន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៦ នៅ​មណ្ឌល​កែប្រែ (​ម​១) ស្ថិត​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​អនុរក្ស​ពន្ធនាគារ​ចាប់ខ្លួន​មានឈ្មោះ ប៉ាក់ សុខ​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​រត់​តុ​តាម​រោងការ មាន​ទីលំនៅ​ភូមិ​ឃ្លះ​សណ្ដាយ សង្កាត់​ពងទឹក ខណ្ឌដង្កោ ដោយ​ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់ ។

លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា បន្ត​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​ទាំងនេះ​ពី​បក្សពួក​២​នាក់​ទៀត​ដើម្បី​យក​មក​ចែកចាយ​បន្ត ទើប​ពេល​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ចាប់​បាន​ជនសង្ស័យ​ជា​បក្សពួក​ទាំង​២​នាក់​នោះ​ទៀត គឺ​ម្នាក់​ឈ្មោះ ខឹ​ម ច​ន្ថា ហៅ ម៉ា​ប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ និង​ម្នាក់​ទៀត​ឈ្មោះ ជួរ សូ​ទ្រី ហៅ ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​១​ថង់​តូច​ទូរស័ព្ទ​ដៃ​៣​គ្រឿង​, ខ្សែ​ក និង​កងដៃ​កាឡៃ​១​ឈុត​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០ ពណ៌​ខ្មៅ ១​គ្រឿង​, ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​១​គ្រឿង និង​សៀវភៅ​គ្រួសារ​១​ក្បាល ។ ជនសង្ស័យ​ទាំង​២​នាក់​នេះរស់​នៅ​ក្នុង​ភូមិ​ឃ្លះ​សណ្ដាយ​ជា​មួយ​ជន​សង្ស័យ​ទី​១​ដែរ ។

ក្រោយ​ពេល​ចាប់ខ្លួន វត្ថុ​តាង និង​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ និង​ឃុំខ្លួន​បណ្ដោះអាសន្ន រង់ចាំ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕