ក្មេង​ស្ទាវ​ពីរ​ក្រុម ​ផឹក​ស្រវឹង​កាប់​គ្នា​ ក្បែរ​​​​ភោជនីយដ្ឋាន​សូ​វណ្ណ​វី បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់

ក្មេង​ស្ទាវ​ពីរ​ក្រុម ​ផឹក​ស្រវឹង​កាប់​គ្នា​ ក្បែរ​​​​ភោជនីយដ្ឋាន​សូ​វណ្ណ​វី បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់



ភ្នំពេញ ​៖ ​ក្មេង​ទំនើង​ចំនួន​៣​នាក់​ក្នុង​នោះ​មាន​ស្រី ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ បន្ទាប់ពី​ពួកគេ ធ្វើ​សកម្មភាព​យក​ដាវ​សាំ​ម៉ូ​រ៉ៃ ​ទៅ​កាប់​ជនរងគ្រោះ​ម្នាក់​ បណ្ដាល​ឲ្យ​រង​របួស​ក្នុង​ជម្លោះ​ពាក្យ​សម្តី​គ្នា។

អំពើ​ហិង្សា​នេះ​ បាន​​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​ ថ្ងៃ​ទី​២៩ ​ខែ​មីនា នៅ​ចំណុច​​​ចំហៀង​ភោជនីយដ្ឋាន ​សូវ​ណ្ណ​វី ផ្លូវ ព្រះ​នរោត្តម ក្រុម 74 ភូមិ 10 សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ឈ្មោះ ពុធ ឯក ភេទ​ប្រុស អាយុ​24 ​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ ( របួសធ្ងន់ ត្រូវ​១​ ដាវ ត្រង់​ចង្កេះ​ខាងឆ្វេង)។ចំណែក​ជនសង្ស័យ​ ដែល​ឃាត់ខ្លួន 1-​ឈ្មោះ សែម សា​អែម ភេទ​ស្រី អាយុ​16 ​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ហាង​ខាងលើ ។ 2- ឈ្មោះ វង់ ចិ​ត្ត្រា ភេទ​ប្រុស អាយុ​17​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ ជាង​បាញ់ថ្នាំ​ឈើ និង​ទី​3-​ឈ្មោះ ជិន ហ្វឿ​ង ភេទ​ប្រុស អាយុ​17​ឆ្នាំ ជនជាតិ វៀតណាម។ អ្នក​ទាំង​បី​ស្នាក់នៅ​ជាមួយគ្នា​ នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវជាតិ​លេខ​2 សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ។ ​​វត្ថុ​តាង​ដកហូត​បាន ​រួម​មាន​: ម៉ូតូ 01 គ្រឿង ម៉ាក​ ស្មាស់ ​ពណ៌​ ខ្មៅ ​ពាក់​ស្លាក លេខ​ 1B-7839 កណ្តាល​ ( របស់​ជនសង្ស័យ)។

សាក្សី​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​ និង​ជនសង្ស័យ​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​​ខាង​លើ។ ក្រោយពី​ផឹកស៊ី​ស្រវឹង​ហើយ​ពួកគេ​បាន​ទំនាស់​ពាក្យសម្តី​គ្នា រហូតដល់​មានការ​ប្រើ​អំពើ​ហិង្សា ដោយ​ភាគី​ជន​ដៃដល់​យក​ដាវ ​សាំ​ម៉ូ​រ៉ៃ កាប់​ទៅលើ​ជនរងគ្រោះ ពេល​ចេញពី​ហាង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ហើយ​ភ្លាម​ៗ​ ជនដៃដល់ ​និង​បក្សពួក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នាំ​យកទៅ​សាកសួរ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​នគរបាល​ខណ្ឌ​ចំការមន ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៕