រឿង​អាចារ្យ​ស្រី​​​រក​ប្រាក់​ចំណូល​ជាមួយ​នឹង​ខ្មោច ​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​មាន​ប្រជាប្រិយ

រឿង​អាចារ្យ​ស្រី​​​រក​ប្រាក់​ចំណូល​ជាមួយ​នឹង​ខ្មោច ​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​មាន​ប្រជាប្រិយ



ព្រះសីហនុ​ ៖ ​ក្រោយ​ពី​បែក​ធ្លាយ​រឿង​អាស្រូវ​របស់​លោក​ស្រី ប៉ក សុផល ហៅ​អាចារ្យ​ហួង ​ប្រធាន​សមាគម​​មរណៈ​សង្គ្រោះ​ក្នុង​ក្រុងព្រះសីហនុ​ មាន​បំណង​ចង់​ធ្វើ​ការ​គ្រប់គ្រង​សាលាឆទាន​មួយ​កន្លែង ដើម្បី​ធ្វើ​ការ​ក្ដោបក្ដាប់​រាល់​ប្រាក់ចំណូល​ទាំងអស់​ ដែល​បាន​មកពី​ការ​ចូល​បច្ច័យ​ ពី​ពុទ្ធ បរិស័ទ​ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន ជាហេតុ​បង្ក​​ឲ្យ​មាន​ជម្លោះ​យ៉ាង​ក្ដៅ​គគុក មិន​ទាន់​នឹង​ដោះស្រាយ ចប់​ផង ​បែរជា​បែក​ធ្លាយ រឿង​ថ្មី​មួយ​ទៀត ​ពាក់ព័ន្ធ​ប្រាក់ចំណូល​បាន​មក​ពី​​ខ្មោច​ក្នុង​អាជីវកម្ម សមាគម​មរណៈ សង្គ្រោះ ដែល​គេ​អះអាង​ថា ក្នុង​ខ្មោច នីមួយៗ អាចារ្យ​ស្រី​រូប​នេះ​បាន​ចំណេញ​មិន​តិច​ជាង​១០​លាន រៀល​នោះ​ឡើយ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ តា​អាចារ្យ​ម្នាក់​ ដែល​ធ្លាប់​ធ្វើ​ការងារ​ឲ្យ​លោក​ស្រី ប៉ក សុ ផល ហៅ​អាចារ្យ ហួង​ខាង​លើ​នេះ បាន​លួច​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​សមាគម​​​មរណៈ​សង្គ្រោះ ដែល​គ្រប់គ្រង​ដោយ​អាចារ្យ​ស្រី​ខាង​លើ​នេះ​ មាន​ចំនួន​សមាជិក​ចំនួន​ប្រមាណ​៤០១៧​នាក់​ ហើយ ក្នុង លក្ខខណ្ឌ របស់​សមាគម​នេះ ក្នុង​ម្នាក់​ត្រូវ​បង់លុយ​ចំនួន​៥០០០​រៀល ទៅ​១០០០០​រៀល ឬ ២០០០០​រៀល នៅ ពេល​មាន ​សាច់ញាតិ ​ក្រុម​គ្រួសារ​មនុស្ស​ក្នុង​សមាគម​​​ មាន​អ្នក​ស្លាប់ ​ហើយ​បើ​ធ្វើ​ការ​សរុប​ប្រាក់​ចំណូល​ ដែល​ប្រមូល​បាន​ក្នុង​ពេល​មាន​មនុស្ស​ស្លាប់​ក្នុង​ម្នាក់ ​មិន​តិច​ជាង​២០​ទៅ​៣០​លាន​រៀល​នោះ​ទេ។ ប៉ុន្តែ​​អ្វី ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ លុយ​ដ៏​ច្រើន​ទាំង​នោះ​ សមាគម​​ ធ្វើការ​បង្វិល​យក​ទៅ​ជួយ​គ្រួសារ សព វិញ ដោយ​សព ខ្លះ​បាន​ទទួល​៥០​ម៉ឺន​រៀល ​ ខ្លះ​១​លាន​រៀល ​និង​ខ្លះ​បាន​ច្រើន​បំផុត​ត្រឹម​ចំនួន​២​លាន​រៀល តែប៉ុណ្ណោះ។ ដូចនេះ​បើ​ធ្វើការ​ប្រៀបធៀប​ ទៅ​នឹង​ប្រាក់ ដែល​សមាគម​​​ប្រមូល​បាន​ពី​សមាជិក​របស់​ខ្លួន​ចំនួន​៤០១៧​នាក់​ មាន​ការ​ខុសគ្នា​ឆ្ងាយ​ណាស់ ដោយ​គេ​មិន​ដឹង​ថា​ប្រាក់ ​ដែល​នៅ​សេស​សល់​ ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ លោក​ស្រី ប៉ក សុផល ហៅ អាចារ្យ​ហួង ​​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ។

លោក​តា​អាចារ្យ​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ក្រុង​ព្រះសីហនុ​នេះ មាន​អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ យ៉ាងតិច​បំផុត​ ក៏​ម្នាក់​ដែរ និង​ជួនកាល មាន​ចំនួន​២​ទៅ ៣ នាក់ ឯណោះ​ក្នុង​មួយ​ថ្ងៃ។ ដូចនេះ​ប្រាក់ ចំណូល ដែល​អាចារ្យ​ស្រី​ខាងលើ​ទទួល​បាន​ច្រើន​ណាស់​ រាប់មិនអស់​នោះ​ឡើយ ដោយ​ប្រាក់ ចំណូល របៀប​នេះ​កើតឡើង​ជាប្រចាំ រយៈពេល​ជាង ២០​ឆ្នាំ មក​ហើយ​សម្រាប់​សមាគម​​ មរណៈ សង្គ្រោះ​មួយ​នេះ និង​មិន​សូវ​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​នោះ​ទេ។ ទាំងនេះ​គ្រាន់តែ​ជា​ការ​រំលឹក​ខ្លះ​ នូវ​អ្វី​ដែល​កំពុង​កើតមាន​នៅ​ក្នុង​​សមាគម​មរណៈ​សង្គ្រោះ ​ដែល​គ្រប់គ្រង​ ដោយ​អាចារ្យ​ស្រី​ខាងលើ ដើម្បី​ជា​ការ​ចែករំលែក​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​បាន​ ជ្រាប​ជាពិសេស​សមាជិក​ក្នុង​សមាគម។

ជាមួយគ្នានេះ ក្រុម​ពុទ្ធបរិស័ទ ដែល​ជា​សមាជិក​ក្នុង​សមាគម​មរណៈ​សង្គ្រោះ​របស់​អាចារ្យ​ខាងលើ​ទូទាំង​ក្រុងព្រះសីហនុ ចំនួន ៤០១៧ ក្រោយពី​​បាន​ជ្រាប​ខ្លះៗ​នូវ​ទង្វើ​មិន​ប្រក្រតី ដូច​បាន​រៀបរាប់​ខាងលើ ភ្លាម ក៏​បានធ្វើការ​ប្រកាស​ថា នឹង​ដាក់​ញត្តិ​ ចូលទៅ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ ​និង សាសនា តាមរយៈ​អគ្គនាយកដ្ឋាន​កិច្ចការ​សាសនា ដើម្បី​ឲ្យ​ក្រសួង​ចុះមក​ពិនិត្យ​ជាក់ស្តែង រាល់​ទង្វើ មិន​មាន​ភាព​ប្រក្រតី ដែល​លោកស្រី ប៉ក សុផល ហៅ​អាចារ្យ ហួង បាន​ប្រព្រឹត្តិ​កន្លងមក ក៏ដូចជា​ក្នុង​ពេល​បច្ចុប្បន្ន។

គោលបំណង​​ខាង​លើ ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការប្រើប្រាស់​សមាគម​​មរណៈ​សង្គ្រោះ​ ដែល អាចារ្យ​រូប​នេះ ​បាន​បើក​ធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ដាក់ ហោប៉ៅ​ជិត​២០​ឆ្នាំ​មក​ហើយ សង្ស័យ​មិនទាន់​មាន​ច្បាប់​អនុញ្ញាត​នោះទេ ពីព្រោះ​សមាគម​​មួយ​នេះ បើ​ពិនិត្យ​មួយ​ភ្លែត យើង​គិត​ថា​វា​ជា​រឿង​ល្អ​បំផុត សម្រាប់​ជន​ក្រីក្រ ប៉ុន្តែ​បើ​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ស៊ី​ជម្រៅ ទើប​យើង​ដឹង​ថា ផលប្រយោជន៍​របស់​អាចារ្យ​ស្រី​នេះ​ក្នុង​មួយ​ឆ្នាំ ប្រមូល​បាន​លុយ​ច្រើន​ណាស់ គឺ​ចំនួន​រាប់​រយ​លាន​រៀល​ឯណោះ។ ​ដូចនេះ​​សង្ឃឹម​ថា មន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា ​នឹង​ចុះ​មក​ធ្វើការ​រឿង​នេះ ដើម្បី​ស្រាវជ្រាវ​ឲ្យ​ដឹង​ការពិត ជៀសវាង​ លោក​អាចារ្យ​ស្រី​រូប​នេះ​នៅតែ​បន្ត​យក​សមាគម​​​របស់​ខ្លួន ​ជ្រក​ក្រោម​វិស័យ ព្រះពុទ្ធសាសនា​តទៅទៀត។ លោកស្រី​ប៉ក សុផល ហៅ​អាចារ្យ​ហួង មិន​អាច​ធ្វើការ​ទំនាក់ទំនង​បានទេ​នៅ​ពេល​នេះ ​ពីព្រោះ​ទូរស័ព្ទ​តេ​ចូល​អត់​មាន​អ្នក​លើក៕