សមត្ថកិច្ច​ខេត្ត​កំពត ចុះ​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ឃាត់​ស្ត្រី​ចំណាស់​ពីរ​នាក់​បញ្ជូន​ទៅ​តុលាការ

សមត្ថកិច្ច​ខេត្ត​កំពត ចុះ​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ឃាត់​ស្ត្រី​ចំណាស់​ពីរ​នាក់​បញ្ជូន​ទៅ​តុលាការ



កំពត ៖ ស្ត្រី​ចំណាស់​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី ២៩ ខែ មីនា ឆ្នាំ ២០១៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

លោក​វរសេនីយ៍ត្រី អ៊ឹ​ត ជា​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​បញ្ជា​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិន ជីវ៉ា ស្នងការ​រង​ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​ដឹកនាំ​ព្រហ្មទណ្ឌ​និង​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចុះទៅ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​មួយកន្លែង នៅ​ក្នុងភូមិ​ត្រពាំងវែង​ខាងលិច ឃុំ​ដងទង់ ស្រុក​ដងទង់ និង​ឃាត់​ជនសង្ស័យ​ចំនួន ពីរ​នាក់ កាលពី​វេលា​ម៉ោង​១៥,៣០​នាទី​ថ្ងៃទី ២៧ ខែ​មីនា ឆ្នាំ ២០១៦។

ក្នុងករណី​បង្ក្រាប​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១.​ឈ្មោះ សឿន ខ្លី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ និង​ទី​២.​ឈ្មោះ កែវ ផុន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ទាំង​២​នាក់ ស្នាក់នៅ​ភូមិ​ឃុំ​ខាងលើ​។ ក្នុង​ប្រតិបត្តិការ​នេះ ដកហូត​វត្ថុ​តាង​បាន​គ្រឿងញៀន​ចំនួន ៥​កញ្ចប់ ទម្ងន់​៤,៨១​ក្រាម អាវុធ​កែច្នៃ​ចំនួន​០៤​ដើម​ដែកកេះ​ចំនួន​២២ ទុយ​យោ​ជ័រ​ចំនួន​២​ស្បោង៕