អ្នកកាសែត​ម្នាក់ឈប់ចាំមិត្តភក្តិ​​ត្រូវ​ឈ្មួញ​ទទួល​ទិញ​ប្រេង​សាំង ​ដែល​តៃកុង​ឡាន​លួច​លក់​ វាយ​ឡើង​ទ្រោម

អ្នកកាសែត​ម្នាក់ឈប់ចាំមិត្តភក្តិ​​ត្រូវ​ឈ្មួញ​ទទួល​ទិញ​ប្រេង​សាំង ​ដែល​តៃកុង​ឡាន​លួច​លក់​ វាយ​ឡើង​ទ្រោម



កណ្ដាល ៖ ភ្នាក់ងារ​អ្នក​សារ​ព័​ត៌​មាន​និស្សិត​ខ្មែរ​ម្នាក់ ​ត្រូវ​បាន​ឈ្មួញ​ទទួល​ទិញ​ផល​ចោរកម្ម​ពីអ្នក​បើកឡាន ប្រេងឥន្ធនៈ គ្រប់​ប្រភេទ បាន​វាយ​យ៉ាង​ដំណំ ខណៈ​កំពុង​ចាំ​មិត្តភក្ដិ នៅ​ពីមុខ​ផ្ទះ​ជនដៃដល់។

ហេតុ​ការ​ណ៍​នេះ បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ មីនា នៅ​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនរងគ្រោះ ឈ្មោះ យឺត ភា​រ៉ា មានមុខ​ងារ​ជា​ជំនួយការ​ចាងហ្វាង​កាសែត​និស្សិត​ខ្មែរ រីឯ​ជន​ដៃដល់​ឈ្មោះ ហេង សុភ​ក្រ បាន​រត់​គេច​ខ្លួន​បាត់​ក្រោយពី​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នកកាសែត​ហើ​យនោះ​។

អ្នកកាសែត​រងគ្រោះ​រូប​នេះ បាន​និយាយ​ឲ្យ​ដឹង​ថា នា​វេលា​ថ្ងៃខែ​ខាងលើ ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅមុខ​ទីតាំង​របស់​ជន​ដៃដល់ ដោយ​គ្រាន់តែ​ឈប់​ចាំ​មិត្តភក្ដិ​ខ្លួន​ប៉ុណ្ណោះ ព្រោះ​ខ្លួន​មានបំណង​យក​កុំព្យូទ័រ​ទៅ​ជួសជុល តែ​មិន​ស្គាល់​ទីតាំង ហើយ​ថែមទាំង​មិនបាន​ដឹង​ថា ​ទីតាំង​ដែល​ខ្លួន​ឈប់​មុខ​នោះ ជាទី​តាំង​អាជីវកម្ម​ទទួល​ផល​ចោរកម្ម​នោះ​ទេ។

ជនរងគ្រោះ​បន្ត​ថា ខណៈ​ដែល​ខ្លួន​កំពុង​ឈប់​ម៉ូតូ​ចាំ​មិត្តភក្ដិ មាន​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រព​ន្ធ​របស់​ជនដៃដល់​បាន​ចេញ​មក​សួរនាំ​ថា កំពុង​ឈប់​ធ្វើ​អី ជនរងគ្រោះ​ក៏​ឆ្លើយ​ថា កំពុង​ចាំ​មិត្តភក្ដិ។ ស្រាប់តែ​រំពេច​នោះ បុរស​ជា​ជនដៃដល់ បាន​ស្ទុះ​មក​វាយ​ខ្លួន​យ៉ាង​ដំណំ​តែម្ដង ដោយ​ខឹងសម្បា ស្មានថា​មក​ថត​ទីតាំង​ទទួល​ផល​ចោរកម្ម​របស់​ខ្លួន ដោយ​បាន​ស្ទុះ​ទាញ​កាបូបស្ពាយ​របស់​លោក​បោក​ទៅ​ថ្នល់​លើ​ចិញ្ចើម​ផ្លូវ​ឡើង​ខ្ទេច​កុំ​ព្យូ​ទ័​រ ព្រមទាំង​ខូច​ទូរស័ព្ទ​របស់​ខ្លួន​ផង​ដែរ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ជនដៃដល់ ក៏​ថែមទាំង​វាយ​ជនរងគ្រោះ​៣​ដៃ​ចំ​សៀតផ្កា​ខាងឆ្វេង​និង​ស្ទុះ​មក​វាយ​៣ដៃ​ទៀត​ចំ​ដើមទ្រូង​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ទ្រោម​ខ្លួន​។ ក្រោយពេល​កើតហេតុ​ជនល្មើស​បាន​រត់​គេច​ខ្លួន​បាត់ស្រមោល​តែម្ដង។ ចំពោះ​ករណី​នេះ លោក ទេស វិបុល​ចាងហ្វាង​កាសែត​និស្សិត​ខ្មែរ បាន​សំដែង​ការសោកស្ដាយ យ៉ាងខ្លាំង​ចំពោះ​អំពើ​យ៉ាង​ឃោរឃៅ​នេះ។ លោក​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​អំពើ​ព្រៃផ្សៃ​នេះ ហើយក៏​សំណូមពរ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏ដូចជា​សមត្ថកិច្ច​ជំនាញ មេត្តា​ចាត់ការ​តាម​ចាប់ខ្លួន​ជនល្មើស​យកមក​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​ខាន​តែ​បាន។ ចំពោះ​ករណី​ហិង្សា​នេះ លោក​យឺត ភា​រ៉ា បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្តិ៍​នគរបាល​កំពង់ចម្លង​ផង​ដែរ។

លោក​វរ​សេនី​យ៍​ត្រី អ៊ុន យ៉ុង អធិការ រង នគរបាល​ស្រុក​ខ្សាច់កណ្ដាល បាន​ឲ្យ​ដឹង​ថា ករណីនេះ លោក​កំពុងតែ​ដុតដៃដុតជើង​ដើម្បី​ស្វែងរក​ជន​ដៃដល់​មក​ផ្ដន្ទាទោស​ឲ្យ​ខាន​តែ​បាន​។

សូម​បញ្ជាក់​ថា បើ​តាម​សំដី​ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់​ចំលង​បាន​និយាយ​ថា ​រាល់ថ្ងៃ​គេ​សង្កេតឃើញ​សកម្មភាព​លួច​បូម​ប្រេង​លក់​យ៉ាង​គគ្រឹកគគ្រេង ​ខណៈ​មាន​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ចាំ​ឈរ​ទិញ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ដែល​មាន​ទីតាំង​ក្នុង​ឃ្លាំង​ដោយ​ធ្វើ​របង​រៀប​ឥដ្ឋ​ថ្ម​ខ្ពស់​នៅ​ចំណុច​ជាប់​វត្ត​ថ្មី​ស្ថិតនៅ​ក្បាល​ភូមិ កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។ ថៅកែ​ខាងលើ​ដែល​ឈរជើង​ចាំ​ទិញ​នោះ​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ ហេង សុភ​ក្រ ភេទ​ប្រុស អាយុ​ជិត​៤០ឆ្នាំ មាន​ទីលំនៅ​ចំណុច​ខាងលើ ជំនាញ​ខាង​ទិញ​ប្រេង​ពី​ទី​កុង​ឡាន​គ្រប់​ប្រភេទ​ជាពិសេស​គឺ​ឡាន​ស៊ីទែន ដែល​លួច​បូម​យ៉ាង​សម្បើម មួយ​រយៈ​ក្រោយនេះ​ថៅកែ​រូប​នោះ​ចំណេញ​ពី​ទិញ​ប្រេង​ក្រុមហ៊ុន​ដែល​ទី​កុង​លួច​លក់​នោះ បាន​ទិញ​រថយន្ត​ទំនើប​តម្លៃ៥ម៉ឺនដុល្លារ​ថ្មីៗ​នេះ យ៉ាង​ថ្មីស្រឡាង។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ផង​ដែរ ​លោក ភ​ក្រ បាន​និយាយ​ប្រាប់​គេឯង​ថា លោក​ពិតជា​បាន​ទិញ​ប្រេង​ពី​តៃកុង​ឡាន​ទាំងនោះ​មែន ហើយ​ច្រើន​ឡាន​និង​ច្រើន​ប្រភេទ​ទៀត​ផង ជាប្រចាំ​នោះ​គឺ​ឡាន​ស៊ីទែន​របស់ ក្រុមហ៊ុន តេ​លា សា​វី​មិច សូ​គី​មិច ដែល​តៃកុង​លួច​យក​មក​លក់​ឲ្យ​គាត់​និង​បូម​លក់។

ពលរដ្ឋ​ខ្លះ​បាន​លើក​ឡើង​ថា តៃកុង​បើកឡាន​ស៊ីទែន​ចេញចូល​ក្នុង​មួយ​ថ្ងៃៗ​ពី​១០ទៅ​២០​ឡាន ភាគច្រើន​គេ​ឃើញ​ឡាន​ក្រុមហ៊ុន​ចំនួន​៣គឺ ក្រុមហ៊ុន​សូ​គី​មិច ក្រុមហ៊ុន​សា​វី​មិច និង​ក្រុមហ៊ុន​តេ​លា។ ក្នុង​រថយន្ត​ស៊ីទែន​មួយ​គេ​លួច​បូម​លក់​ពី​៥​ទៅ​២០​កាន ក្នុង​១​កាន​ស្មើ​៣០​លីត្រ​ជួនកាល​ឲ្យ​អ្នក​ជិតខាង​ជួយ​បូម​ទៀត​ផង ​ដោយ​ឈ្នួល​គេ​ថ្លៃ​ជួយ​លើក​ប៊ីដុង​លុយ​១ម៉ឺន​រៀល ​ឬ ​សាំង​២​លីត្រ អ្នក​ភូមិ​ម្នាក់​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ក្នុង​មួយថ្ងៃ​លោក ភ​ក្រ ទិញ​ប្រេង​ពី​តៃកុង​លួច​លក់​នោះ​មិន​តិច​ជាង​១០០​ប៊ីដុង​ទេ​មានតែ​លើស ហើយ លោក​ភ​ក្រ ធ្លាប់​បាន​បង្ហើប​ប្រាប់​គេ​ថា ក្នុង​មួយថ្ងៃ​គាត់​ទិញ​និង​លក់​ចំណេញ​ពី២០០ដុល្លារ ទៅ៣០០ដុល្លារ គាត់​ថា បើ​ចំណេញ​តិចតួច​មិន​ធ្វើ​ទេ​ព្រោះថា ខុសច្បាប់ ណា​ខ្លាច​ភាគី​ម្ចាស់​ក្រុមហ៊ុន​ប្រេងសាំង​គេ​ដឹង​គេ​ប្ដឹង​គាត់​៕