ប​ញ្ជូន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ទៅតុលាការ

ប​ញ្ជូន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ទៅតុលាការ



កណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ ប​ញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាមច្បាប់ ។ ប​ច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិតក្រោម​ការ​សាកសួរ​របស់​លោក​ព្រះរាជអាជ្ញារង ហេង ផេង។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ ស៊ីម លី​ហៀ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ លក់​សាំង មាន​ទីលំនៅ​ក្នុងភូមិ​ប្រប​វត្ត ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខ្នង​ប្រឡាយ ស្ថិត​ក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល។

ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​បាន​ដកហូត​បាន​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់ ,​ទូរស័ព្ទដៃ​០២​គ្រឿង និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​Duke ពណ៌​ខ្មៅ​លា​យស ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FE-3874។

ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ខាង​លើ​នេះ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល កន្លងមក​សមត្ថកិច្ច​នគរបាល​បាន​កំណត់​និង​តាមដាន​ជា​យូរ​មក​ហើយ តែ​កន្លងមក​មិន​មាន​វត្ថុ​តាង​សម្រាប់​ដាក់​បន្ទុក។ នៅមុន​ពេល​កើតហេតុ​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា ជនសង្ស័យ​មាន​លាក់​ទុក​ថ្នាំញៀន​នៅ​ជាប់​ខ្លួន ទើប​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល រហូត​ឈានដល់​ឃាត់​ជនសង្ស័យ​រួម​ជា​មួយ​វត្ថុ​តាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់៕

ប​ញ្ជូន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ទៅតុលាការ