កម្ពុជា​មិនទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​ពី​ការចូល​ជា​សមាជិកភាព​អង្គការ​TPP

កម្ពុជា​មិនទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​ពី​ការចូល​ជា​សមាជិកភាព​អង្គការ​TPP



ភ្នំពេញ ​៖​ ប្រទេស​កម្ពុជា​មិនទាន់​សម្រេចចិត្ត​ច្បាស់លាស់ ទាក់ទង​នឹង​ការចូល​ជា​សមាជិក​អង្គការ​ភាពជា​ដៃគូ​អន្តរ​មហាសាគរ​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា TPP នៅឡើយ​ទេ បើទោះជា​សហរដ្ឋអាមេរិក​បាន​ទាក់ទង​កម្ពុជា​ជា​បន្តបន្ទាប់​ក្តី​។​

​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព៌​ត​មាន នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​កាលពី​ថ្ងៃទី ២៨ មិនា ថា សមាជិកភាព​របស់ TPP មិនមែនជា​ភារកិច្ច​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទេ ថ្វីត្បិតតែ​យើង​ចូលរួម​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ។​ល។

ប៉ុន្តែ​លោក​បញ្ជាក់ថា មាន​ប្រទេស​មួយចំនួន​បាន​ចុះហត្ថលេខា​ចូល​ជា​សមាជិកភាព TPP រួចហើយ ប៉ុន្តែ​ប្រទេស​ទាំងនោះ ត្រូវ​ឆ្លង​ការទទួលបាន​សច្ចាប័ន​ពីស​ភា និង​ព្រឹ​ទ្ឋ​សភា​របស់ខ្លួន​ជាមុនសិន ដូច្នេះ​មិន​ប្រាកដថា​ប្រទេស​ទាំង​នោះបាន​ចូល​សមាជិក TPP នោះទេ ប៉ុន្តែ​ប្រសិនជា​ទទួលបាន​ការអនុម័ត​ហើយ មិនមែន​ការចូល​ជា​សមាជិក TPP មិន​ចូល​ជា​ធរមាន​ភ្លាម​ទេ ព្រោះ​ប្រទេស​មួយចំនួន​ត្រូវធ្វើ​កំណែទម្រង់​ផ្នែក​ច្បាប់​ច្រើនណាស់​។​

​លោក​បន្តថា “​ដូច្នេះ​កុំ​ផ្អើល កុំ​មើល​គេ គឺ​យើង​ត្រូវ​មើល​ខ្លួនឯង​ត្រូវធ្វើ​អ្វី គឺ​ត្រូវ​រៀបចំ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​លើក​កំពស់​វិស័យ​មួយចំនួន​និង​ត្រូវ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​តំលៃ​អគ្គិសនី​។ ពេល​យើង​ធ្វើការ​កែលំអរ​បញ្ហា​ទាំងអស់នេះ​បាន អ្នកវិនិយោគ​នឹង​ចូលមក​ហើយ ដូច្នេះ​យើង​ត្រូវធ្វើ​ខ្លួនឯង​ឲ្យ​បានល្អ កុំ​ស្រមើស្រម័យ​តាម​គេ​ធ្វើ​អី​”​។​

​ ​លោក សុខ ចិន្តា​សោភា បាន​បន្តថា ប្រសិនជា​គេ​ចូល​ជា​សមាជិកភាព​TPP មែន​នោះ វា​ពិតជា​ជះ​ឥទ្ធិពល​ទីផ្សារ ប៉ុន្តែ​មិន​ជះ​ស្អែក​ទេ គឺ​រយៈពេល​៥​ឆ្នាំក្រោយ ដូច្នេះ​ក្នុង​រយៈពេល​នេះ កម្ពុជា​អាច​មាន​ពេល​កែសម្រួល​បញ្ហា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​មួយចំនួន​បន្ថែម អ្នកវិនិយោគ​នឹង​ចូលមក​ហើយ​។ នឹង​មាន​ការងារ​សម្រាប់​កូនក្មួយ​របស់​យើង​ហើយ​។ ដូច្នេះ​កុំ​ភ័យ និង​កុំ​ភ្លេច​ធ្វើ​ការងារ​ខ្លួនឯង​ដែល​ត្រូវធ្វើ​។​

​ ​លោក GEOGE ADGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែង ឲ្យ​ដឹងផង​ដែរ​ថា បញ្ហា​សមាជិកភាព​TPP ជា​អ្វីដែល​រដ្ឋាភិបាល​កម្ពុជា​កួរ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​បំផុត ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ភាពជា​សមាជិកភាព​នេះ​។​

​ ​សេដ្ឋវិទូ ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា TPP ជា​ក្រុម​មាន​ទាំង​រឿង​សេដ្ឋកិច្ច​ផង និង​នយោបាយ​ផង និង​ជា​ក្រុម​ដែល​ដឹក​ដោយ​សហរដ្ឋអាមេរិក ដែល​បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​១២​ជា​សមាជិក ។ ទន្ទឹមនឹងនេះ ក៏មាន​ក្រុម​មួយទៀត​មាន​សមាជិក​ចំនួន​២០​ប្រទេស ដឹកនាំ​ដោយ​ប្រទេស​ចិន ដែលមាន​ឈ្មោះថា Regional Comprehensive Economic Partnership(RECEP)​។​

​លោក​បន្តថា “​ប្រសិនជា​គិតពី​នយោបាយ កម្ពុ​ជាមាន​ទំនាក់ទំនង​ជាមួយ​ចិន​ល្អ​ជាង​សហរដ្ឋអាមេរិក ប៉ុន្តែ​បើ​និយាយ​ពី​សេដ្ឋកិច្ច ការចូល​ជា​សមាជិក​ណា​ស្ថាប័ន​ក៏ដោយ​ឲ្យ​តែ​ចំណេញ កម្ពុជា​គួរតែ​ចូលរួម​” ៕

កម្ពុជា​មិនទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​ពី​ការចូល​ជា​សមាជិកភាព​អង្គការ​TPP កម្ពុជា​មិនទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​ពី​ការចូល​ជា​សមាជិកភាព​អង្គការ​TPP កម្ពុជា​មិនទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​ពី​ការចូល​ជា​សមាជិកភាព​អង្គការ​TPP