ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​កម្ពុជា​

ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​កម្ពុជា​



ភ្នំពេញ​ ៖ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ថ្លែង​ថា ការ​វិនិយោគ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ថា ជាការ​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ចកម្ពុជា។

​ថ្លែង​ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​សារ​ព័ត៌មាន​ចិន ដែល​មានបំណង​ស្វែងយល់ អំពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី ២៩ ខែមីនា លោក​បាន​មានប្រសាសន៍ថា ការ​បណ្តាក់ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ថា ជាការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​, ទេសចរណ៍​, ថាមពល​, កម្មន្តសាល​, និង​ការបង្កើត និង​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ។

លោក សុខ ចិន្តា​សោភា បាន​បន្តថា ទន្ទឹមនឹង​នេះ​នឹង​គោលនយោបាយ​ផ្លូវ​មួយ​-​ខ្សែក្រវាត់​មួយ ដែល​ទើបនឹង​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ចិន ព្រមទាំង​ការ​បង្កើត​ធនាគារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង​មូលនិធិ​ផ្លូវ​សូត្រ នោះ​កម្ពុជា​សង្ឃឹមថា ក្រុមហ៊ុន​ចិន​ទាំងអស់​ដែល​មាន​វត្ត​មាននៅ​កម្ពុជា នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​បន្ថែម​ពី​គោលនយោបាយ​នេះ ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​អាច​ប្រើប្រាស់​យន្តការ​ហិរញ្ញវត្ថុ​ទាំងនោះ ដើម្បី​កសាង​បន្ថែមទៀត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិនិយោគិន និង​សាធារណជន ហើយ​កម្ពុជា​នឹង​កាន់តែ​ទទួលបាន​នូវ​ផ្លែផ្កា​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។​

ប្រតិភូ​សារព័ត៌​មាន​ចិន​អះអាង​ថា ប្រទេស​កម្ពុជា​នា​បច្ចុប្បន្ន​នេះ មាន​អ្នកវិនិយោគទុន​បរទេស​ជាច្រើន​កំពុង​បោះទុន​រកស៊ី ពិសេស​អ្នកវិនិយោគទុន​ចិន​ក្នុងនោះ ក៏​កំពុងមាន​ការចាប់​អារ​ម្ម​ណ៍​កាន់តែ​យ៉ាង​ច្រើនឡើងៗ​ផងដែរ ពី​ក្រុម​អ្នកវិនិយោគទុន​នៅលើ​ពិភពលោក​នោះ ។

ជាមួយនេះដែរ បន្ទាប់​មាន​ឥទ្ធិពល​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់​មួយ​-​ផ្លូវ​មួយ នៅ​កម្ពុជា និង​គោលនយោបាយ​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ជា ពិសេស​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​។​

​លោក សុខ ចិន្តា​សោភា បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍ និង​បាន​ផ្តល់នូវ​ព័ត៌មាន​ថ្មីៗ​ឲ្យ​គណៈប្រតិភូ បាន​យល់​ផងដែរ​ទាក់ទិន​នឹង​បរិយាកាស និង​កាលានុវត្តភាព​នៃ​ការវិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ផ្អែកទៅលើ​បរិបទ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ។ ពិសេស​ការដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ដែល​ត្រូវ​បានប្រកាស​ផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​ជា​សាធារណៈ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅនេះ​ក្នុង​គោលបំណង​ទាក់ទាញ​ឧស្សាហកម្ម​ថ្មីៗ​បន្ថែមទៀត​ក្រៅពី​វិស័យ​កាត់ដេរ និង ការជំរុញ​ឲ្យ​ឧស្សាហកម្ម​កម្ពុជា​ឈាន​ចូល​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់​និង​ពិភពលោក៕