ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ជំរុញ​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​ពង្រឹង​សមត្ថភាព​របស់ខ្លួន

ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ជំរុញ​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​ពង្រឹង​សមត្ថភាព​របស់ខ្លួន



ភ្នំពេញ ៖ ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​ក្នុងស្រុក​ពង្រឹងសមត្ថភាព និង​ដុះក្អែល​របស់ខ្លួន​ឲ្យ​បាន​ស្អាត ដើម្បី​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​មកពី​សហភាព​អឺរ៉ុប​ដែលមាន​បំណង​មករក​ស៊ី​នៅ​ក​ម្ពុ​ជា។

​លោក អេ​ម៉ា​នូ​អែល ម៉េ​ណាន់​តូ​(Emmanuel MENANTEAU)​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ទាំងបី​នៅ​កម្ពុជា និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប (EUROCHAM) បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​សន្ទនា​ធុរកិច្ច​រវាង​អឺរ៉ុប និង​កម្ពុជា​លើកតំបូង​នៅ​ក្រុងភ្នំពេញ​នា​ថ្ងៃ​ម្សិល​ថា ដើម្បី​ធ្វើ​ឲ្យ​កម្ពុ​ជា​មាន​ភាព​ទាក់ទាញ គប្បី​គិត​ពីរឿង​មួយ គឺ​ការធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​ទាំង​តូច ទាំង​ធំ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន សំអាតខ្លួន ដើម្បី​ទាក់ទាញ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​មក ព្រោះ​ក្រុមហ៊ុន​ទាំងនោះ​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​ណាស់ ប៉ុន្តែ​ពួកគេ​ត្រូវការ​ក្រុមហ៊ុន​ក្នុងស្រុក​រ៉ឹង​មាំ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​បានធ្វើ​កិច្ចការ​ច្រើនណាស់​។​

​ ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ថ្លែងថា អ្នកវិនិយោគ​អឺរ៉ុប​ចង់​មក​ណាស់ តែ​គេ​មិនដឹង​យើង​(​ក្រុមហ៊ុន​ក្នុងស្រុក​)​នៅឯណា និង​កំពុង​ធ្វើ​អ្វី ដូច្នេះ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​មកពី​អឺរ៉ុប​ក្តី អ្នកវិនិយោគ​មកពី​ទីណា​ក្តី រដ្ឋាភិបាល​រដ្ឋាភិបាល​មាន​តួនាទី​មួយចំនួន និង​ផ្នែក​ឯកជន​ត្រូវ​ពង្រឹង​តួនាទី​របស់ខ្លួន​ផងដែរ​។​
​លោក បាន​បន្តថា ការទាក់ទាញ​ក្រុមហ៊ុន ដែលមាន​មូលដ្ឋាន​នៅ​អឺរ៉ុប​មក​វិនិយោគ​នៅ​កម្ពុជា ពិបាក​ទាញ​គេ​មក​ណាស់ ប៉ុន្តែ​ប្រ​សិប​ជា​ឲ្យ​លោក​ទៅ​ជួប​និង​ទាក់ទាញ​ក្រុមហ៊ុន​អឺរ៉ុប ដែលមាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​ហើយ មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ឬ​ឥណ្ឌូនេស៊ី​ហើយ ទើប​ពួកគេ​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​។​ឯកឧត្តម​បន្តថា ជំ​ហ៊ាន​ទី​១​ដើម្បី​ទាក់ទាញ​ឲ្យ​មក​វិនិយោគ គឺ​កម្ពុជា​ត្រូវតែ​ប្រាប់ និង​ផ្តល់​ព៌​ត​មាន​ដែល​អ្នកវិនិយោគ​បរទេស​ចង់ដឹង ដើម្បី​ឲ្យ​ពួកគេ​ចង់​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​ពេលណា​អ្នកវិនិយោគ​ចូលមក មក​ទើប​កម្ពុជា​រៀបចំ​ឈានទៅ​កម្រិត​ថ្មី​មួយទៀត​។​

​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ជាទូទៅ​ជា​ទស្សន​របស់​លោក អ្វី​ក៏ដោយ​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍ ទាំង​មនុស្ស ទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ ទាំង​នយោបាយ និង​សេដ្ឋកិច្ច​គឺ​អញ្ចឹង​។ ខុសពី​ក្រុមហ៊ុន​ធំៗ​នៅ​ប្រទេស​អភិវឌ្ឍន៍ គឺ​ពួកគេ​មានការ​គោរព​ច្បាប់ មានការ​រៀបចំ​របៀប​គ្រប់គ្រង និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងសង្គម ខុសពី​ក្រុមហ៊ុន​ក្នុងស្រុក​របស់​យើង ដែល​ត្រូវ​ចំណាយពេល​យូរ​ក្នុង​ការពង្រឹង​ខ្លួន ជំរុញ​ឲ្យ​ពួកគេ​គោរព​ទៅតាម​ច្បាប់ទម្លាប់ និង​ធ្វើ​ការងារ​ដោយ​មិន​ក្លែងបន្លំ​។​

លោក​បន្តថា “​ដូច្នេះ​យើង​ត្រូវធ្វើ​ការរៀនសូត្រ​រហូត ត្រូវការ​ពេលវេលា ត្រូវការ​ចំណេះ និង​ត្រូវការ​ហិរញ្ញវត្ថុ ព្រោះ​ក្រុមហ៊ុន​តូចតាច អាច​បន្លែបន្លំ​បាន ប៉ុន្តែ​បើ​ក្រុមហ៊ុន​ធំ​មិនអាច​បន្លំ​បានទេ ដូច្នេះ​យើង​ត្រូវការ​បរិស្ថាន​ល្អ ដែល​ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ត្រូវ​រួមគ្នា​ធ្វើ​ឲ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​”​។

លោក​បន្ត​ថា​“​វា​ទាមទារ​នូវ​ការប្តេជ្ញាចិត្ត​កម្រិត​ជាតិ​របស់​យើង និង​លាងចាន​ឲ្យ​ខ្មែរ​បាន​ស្អាត ដើម្បី​កុំ​ឲ្យ​គេ​មើលងាយ​”​។​

​លោក​បណ្ឌិត ម៉ី កល្យាណ បាន​បន្តថា នៅពេល​យើង​ជម្រះ​ខ្លួនឯង​ឲ្យ​ស្អាត គេ​(​អ្នកវិនិយោគ)​ចង់​ធ្វើការ​ជាមួយ​យើង ឧបមា​ថា ក្រុមហ៊ុន​មួយ​ផលិត​ទំនិញ​នាំ​ចេញទៅ​អឺរ៉ុប បើ​ក្រុមហ៊ុន​នោះ​ផលិត​មិន​ស្អាត មិនមាន​គុណភាព គេ​មិន​ទិញ​យើង​គឺ​ចប់​ហើយ​។ ដូច្នេះ​កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មាន​ស្តង់ដា និង​ធ្វើ​ឲ្យ​គេ​ទុកចិត្ត ដើម្បី​អនាគត​ខ្លួនឯង និង​អនាគតជាតិ​របស់​យើង