សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ប្រកាស ទទួល​ជួប​ប្រាស្រ័យ​ជាមួយ​អ្នកកាសែត ក្នុង​១​ឆ្នាំ​ម្តង​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ប្រកាស ទទួល​ជួប​ប្រាស្រ័យ​ជាមួយ​អ្នកកាសែត ក្នុង​១​ឆ្នាំ​ម្តង​



ភ្នំពេញ ៖ សម្តេច​អ​គ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ជួប​អ្នក​សារព័ត៌មាន​ក្នុង​១​ឆ្នាំ ម្តង​តប​តាម​ការស្នើសុំ​របស់លោក​រដ្ឋមន្ត្រីក្រសួង​ព័​ត៌មាន ដើម្បី​ចងភ្ជាប់​ស្ពាន​រវាង​នាយករដ្ឋមន្ត្រី និង សារព័ត៌មាន។ តែ​ស​ម្តេចក៏​សង្ឃឹម​ផងដែរ​ថា ​ការ​ជួប​នេះ​ និង ​មិន​មាន​ការចោទប្រកាន់​ស​ម្តេច​ថា ដើម្បី​ទិញ​ទឹកចិត្ត​អ្នកកាសែត​ទេ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទទួលយក​ការ​ជួប​ជាមួយ​អ្នក​សារ​ព័​ត៌មាន​នេះ​នៅក្នុង​ពិធី​ទទួល ពានរង្វាន់ “​សន្តិភាព និង ការអភិវឌ្ឍ “ ពី​សហព័ន្ធ​ប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ​អាស៊ាន នា​ល្ងាច​ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦ នៅ​វិមាន​សន្តិភាព។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា លោក​ទទួលយក​សំណើ​នេះ និង សុំ​ឲ្យ​ការរៀប​ចំ​នេះ​មាន​លក្ខណៈ​ជា​ការ​ហូបបាយ​សាមគ្គី និង មានការ​ច្រៀង​រាំ​ជួបជុំគ្នា​តែ​ម្តង។ សម្តេច​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចាត់ចែង​រៀបចំ​ការជួបជុំ​នេះ។

ជាមួយ​ការ​ទទួលយក​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​សង្ឃឹមថា​ ការ​ជួបជុំ និង ការចូលរួម​របស់​ស​ម្តេច សង្ឃឹមថា​ នឹង​មិន​មាន​អ្នកចោទ​ចំពោះ​ខ្ញុំ​ថា​ទិញ​ទឹកចិត្ត​អ្នក​សារ​ព័​ត៌​មាន​នោះទេ ។

សម្តេច​បន្ត​ថា ​នៅ​កម្ពុជា​ គឺ​អញ្ចឹង​គ្រាន់តែ​ចំនួន​អ្នក LIKE ហ្វេ​ស​បុក​របស់​សម្តេច​កើនឡើង​ខ្ពស់​ជាងគេ រហូតដល់​ជាង ៣ លាន​នាក់​គេ​ចោទថា ហ៊ុនសែន​ទិញ​ឲ្យ​គេ LIKE ។ សម្តេច​បាន​បន្ត​ថា នៅ​កម្ពុជា​មានតែ ហ៊ុន សែន ទេ​ដែល​និយាយ​ជាមួយ​អ្នកកាសែត​ច្រើន​ជាង​គេ​គឺ ហ៊ុន សែន បើ ហ៊ុន សែន មិន​និយាយ​ទេ​អ្នកកាសែត​ច្បាស់​ជា​ដាច់​អាជីព​ជា​មិន​ខាង ហើយ​សូម្បីតែ​អ្នកវិភាគ និង អ្នក​និយាយ​ក៏​លែង​មានអី​និយាយ និង លែង​មានអី​វិភាគ​ដែរ។

​សម្តេច​តេ​ជោ​ក៏​បានផ្តល់​អនុសាសន៍​ចំពោះ​សារ​ព័​ត៌​មាន​ទាំង​អស់ទាំង​ជាតិ និង អន្តរជាតិ ថា បើ​ចង់​ឲ្យ​សារ​ព័​ត៌​មាន​របស់​យើង​មានការ​ជឿជាក់​ និង​ ការគាំទ្រ​ពី​ម​ជ្ឈ​ដ្ឋា​ន​នានា​នោះ ត្រូវ​ផ្សាយ​ព័ត៌មាន​ពិត ទើប​មានការ​គាំទ្រ។ សម្តេច​បាន​បន្ត​ថា អញ្ចឹង​ហើយ​ទើប​សម្តេច​ថា ​កម្ពុ​ជា​មាន​២ គឺ​កម្ពុជា​ពិត និង កម្ពុជា លើ​ទំព័រ​សារ​ព័​ត៌​មាន ប៉ុន្តែ​លើ​សារ​ព័​ត៌​មាន​ខ្លះ​ដែល​បាន​និយាយ​ថា ​កម្ពុ​ជា​របស់​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ឋាននរក លោកិយ​ទៅ​ហើយ ក្នុងពេលដែល​កម្ពុជា​កំពុងតែ​មានការ​រីកចម្រើន ចំនួន​ទេសចរណ៍​កម្ពុជា​បាន​កើន​ឡើង​ដល់​ជិត​៥ លាន​នាក់ ហើយ​សង្ឃឹមថា​ឆ្នាំ ២០១៦ ចំនួន​ទេសចរណ៍​បរទេស​និង​កើន​ឡើងដល់ ៥ លាន​នាក់។ បញ្ហា​ងាយ​យល់​ដោយសារ​តំបន់​ជាច្រើន​កំពុង​រង​ការវាយប្រហារ​ដោយ​ភេរវកម្ម ចំណែក​អាស៊ី​មាន លក្ខណៈ​អំណោយផល​ទាំង​សន្តិសុខ និង អាកាសធាតុ។

សម្តេច​តេ​ជោ​បានផ្តល់​សារៈសំខាន់​នេះ​ទៅលើ​កត្តា​សន្តិភាព ថាបើ​គ្មាន​សន្តិភាព​កុំ​និយាយ​ដល់​ការ​អភិវឌ្ឍ និង បើ​គ្មាន​ការ​អភិវឌ្ឍ​កុំ​និយាយ​ដល់​ការ​រក្សា​សន្តិភាព ទាំង​ពីរនេះ​ជា​គូរ​ជាមួយគ្នា ចង់​រក្សា​សន្តិភាព​បាន​ត្រូវ​កាត់បន្ថយ​ភាព​ក្រីក្រ និង ប្រឆាំង​អំពើ​អសកម្ម​ទាំងឡាយ មាន​អំពើពុករលួយ អំពើ​អ​យុត្តិធម៌​សង្គម៕