ពលរដ្ឋ​ហ្ស​ក​ហ្ស៊ី​តវ៉ា​ប្រឆាំង​អ្នកនយោបាយ​ដែល​ចូលចិត្ត​ទម្លាយ​រឿងអាស្រូវ​ស្នេហា​គូប្រជែង​

​ការ​លេច​ធ្លាយ​រឿងអាស្រូវ​ស្នេហា​របស់​អ្នកនយោបាយ​ហ្ស​ក​ហ្ស៊ី​ពីរ​នាក់​កំពុង​ក្លាយជា​រឿងចម្រូងចម្រាស​មួយ​។ រឿង​ដែល​គួរ​ភ្ងា​ក់​ផ្អើល​នោះ​គឺ សាធារណជន​ហ្ស​ក​ហ្ស៊ី មិន​ប្រឆាំង​អ្នកនយោបាយ បែរជា​នាំគ្នា​បាតុកម្ម​ប្រឆាំង​ការទម្លាយ​វីដេអូ​រឿងអាស្រូវ​ស្នេហា​និង​អ្នក​ដែល​បញ្ចេញ​ខ្សែអាត់​វីដេអូ​នោះ​ទៅវិញ​។ ពួកគេ​អះអាងថា « ការរួម​ភេទ​មិនមែនជា​បទឧក្រិដ្ឋ​ឡើយ​» ហើយ​អ្នក​បកអាក្រាត​រឿងអាស្រូវ​ស្នេហា​គេ​ដើម្បី​ប្រយោជន៍​នយោបាយ​ទើប​ជា អំពើ​ស្មោកគ្រោក​។​

​ការទម្លាយ​ខ្សែអាត់​វីដេអូ​ស្នេហា​របស់​អ្នកនយោបាយ​ហ្ស​ក​ហ្ស៊ី​ពីរ​នាក់​តាម​ប្រព័ន្ធ You Tube កាលពី​ពាក់កណ្តាល​ខែមីនា​កន្លង​ទៅនោះ បានធ្វើ​ឲ្យ​សាធារណជន​ហ្ស​ក​ហ្ស៊ី​ទូទៅ​ខឹងសម្បារ​និង​ប្រតិកម្ម​ខ្លាំងៗ​។ ប្រជាជន​ទាំងនោះ​មិនបាន​ប្រតិកម្ម​ប្រឆាំង​និង​រិះគន់​អ្នកនយោបាយ​ឡើយ តែ​ពួកគេ​ស្រាប់តែ​បាតុកម្ម​តវ៉ា​ការទម្លាយ​ខ្សែអាត់​វីដេអូ និង​អ្នក​ដែល​ទម្លាយ​រឿងអាស្រូវ​នេះ​ទៅវិញ​។​

​យោងតាម​សារព័ត៌មាន​អង់គ្លេស BBC  កាលពី​ពាក់កណ្តាល​ខែមីនា​កន្លង​ទៅ ខ្សែអាត់​វីដេអូ​ពីរ​ត្រូវបាន​គេ​ទម្លាយ​ចេញ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​អ្នកនយោបាយ​ស្ត្រី​ពីរ​នាក់​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​បុរស​ពីរ​នាក់​ផ្សេងទៀត​ដែល​មិនមែនជា​ស្វាមី​របស់ខ្លួន​។​

​បន្ទាប់មក​ក្រុម​អ្នក​នៅ​ពីក្រោយ​ការទម្លាយ​វីដេអូ​នោះ ក៏បាន​គំរាម​អ្នកនយោបាយ​បីនាក់​ផ្សេងទៀត​និង​អ្នកសារព័ត៌មាន​ម្នាក់​ផងដែរ ថា​នឹង​ខ្លួន​នឹង​បញ្ចេញ​វីដេអូ​បន្ថែមទៀត​បើសិនជា​អ្នក​ទាំង​បួន​នាក់​មិន​លាលែង​ពី​ការងារ​ទេ​។​

​ការទម្លាយ​ខ្សែអាត់​វីដេអូ មិន​ត្រឹមតែ​មិន​ចំណេញ​ទេ ថែមទាំង​ប្រឈម​មុខការ​ថ្កោលទោស​និង​ការទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​ពី​ប្រជាជន​ហ្ស​ក​ហ្ស៊ី​ភាគច្រើន​ថែមទៀត​ផង​។ ពួកគេ​នាំគ្នា​បាតុកម្ម នៅ​រដ្ឋធានី​Tbilisi  ហើយ​ពួកគេ​ស្រែក​ប្រកូក​ប្រកាសថា « ការរួម​ភេទ​មិនមែនជា​បទឧក្រិដ្ឋ​ឡើយ​»​។  តាមពិតទៅ​បាតុករ​នាំគ្នា​ប្រឆាំង​ក្រុម​អ្នក​ទម្លាយ​ខ្សែអាត់​វីដេអូ  ប្រឆាំង​អាជ្ញាធរ​ដែល​បានអនុញ្ញាត​ឲ្យ​មានការ​បញ្ចេញ​រឿងអាស្រូវ​នេះ​ចេញមក និង​រដ្ឋាភិបាល​មុន​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ចារកម្ម​ប្រមូល​រឿងអាស្រូវ​ស្នេហា​នេះ​ផងដែរ ។​

​តាមពិតទៅ​កាលពីមុន​ឆ្នាំ ២០១២ ហ្ស​ក​ហ្ស៊ី​ក៏​ធ្លាប់​ប្រឈម​ការទម្លាយ​រឿងអាស្រូវ​ស្នេហា​ដើម្បី​ប្រយោជន៍​នយោបាយ ។ កាលនោះ​ប្រធានាធិបតី Mikheil Saakashvili  ប្រឈមមុខ​ការទិតៀន​ក្រោយ​លេច​ធ្លាយ​ព័ត៌មាន​ថា លោក​ប្រើប្រាស់​ល្បិច​ស្មោកគ្រោក​ដោយ​ប្រើ​ឲ្យ​មន្ត្រី​ខ្លួន​ធ្វើ​ចារកម្ម​ប្រមូល​ព័ត៌មាន​រសើប​និង​រឿងអាស្រូវ​នានា​របស់​អ្នកនយោបាយ​ប្រឆាំង​ខ្លួន​។ ប៉ុន្តែ សំណាងអាក្រក់ ចុងក្រោយ​លោក ក៏​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​ថែមទៀត ហើយ​រដ្ឋាភិបាលចម្រុះ​ដែល​បង្កើត​ក្រោយ​ការបោះឆ្នោត​នោះបាន​ស្នើ​ឲ្យ​លុបចោល​វីដេអូ​ដែល​គេ​ប្រមូលបាន​ដែលមាន​រយៈពេល ១៨០​នាទី​ផងដែរ​។​

​ដូច​លើកឡើង​ខាងដើម​ស្រាប់ ការប្រើប្រាស់​វិធី​ស្មោកគ្រោក​ដោយ​ទម្លាយ​រឿងអាស្រូវ​ស្នេហា​អ្នកនយោបាយ​ប្រឆាំង​ខ្លួន​ដូច​នៅ​ហ្ស​ក​ហ្ស៊ី នេះ​មិនបាន​ទទួលផល ក្រៅពី​រង​ការ​ថ្កោលទោស​ពី​ប្រជាជន​សាមញ្ញ​ឡើយ​។ ហើយ​បណ្តា​អ្នកនយោបាយ​ហ្ស​ក​ហ្ស៊ី​បានប្រកាស​ជាមុន​ទៀតថា ពួកគេ​ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​រឿង​មាន​ស្រី​និង​ប្រុស​កំណាន់ កន្លងមក​មែន​។ ប៉ុន្តែ​ប្រធានាធិបតី​បច្ចុប្បន្ន លោក Giorgi Margvelashvili មិន​ស្ថិត​ក្នុងចំណោម​អ្នកនយោបាយ​ដែល​បានប្រកាស​ខ្លួន​នេះឡើយ​។ លោក​គ្រាន់តែ​ប្រកាសថា​ប្រាប់​ជា​សាធារណ​ថា​៖ « ការរួម​ភេទ និង​ជីវិត​ផ្លូវភេទ មិនមែនជា​រឿង​អាម៉ាស​អ្វី​ឡើយ​»៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​