គឹម វាសនា ណាត់សងសឹកសេក គឹមភាព សង្វៀនSEATV នារសៀលថ្ងៃសៅរិ៍

ភ្នំពេញ៖ ប្រដាល់ គឹម វាសនា ក្លិបកងពលតូចទ័ពឆ័ត្រ យោង៩១១ ណាត់ជួបសងសឹក ជាមួយអ្នកប្រដាល់ សេក គឹមភាព ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ក្នុងប្រភេទទម្ងន់៦៣,៥០០ គីឡូក្រាម រីឯអ្នកប្រដាល់ សំអាង ឌុន ក្លិបអេភូថងនឹងជួប ប្រកួតជាមួយអ្នកប្រដាល់ សូយ ចិន្តា ក្លិបពោធិជ័យ កីឡាក្នុងប្រភេទ ទម្ងន់៦៧គ.ក្រនារសៀលថ្ងៃសៅរិ៍ ទី២ ខែមេសាខាងមុខនេះ នៅលើសង្វៀនSEATV។

អ្នកប្រដាល់គឹម វាសនាធ្លាប់វាយចាញ់ ក្រោមថ្វីដៃ សេក គឹមភាព ក្នុងទឹកទី៣កន្លងមក ការជួបគ្នាលើនេះ គឺជាការណាត់សងសឹក ដើម្បី ស្តារមុខមាត់ឡើងរបស់ គឹម វាសនា។ គឹម វាសនា មានផ្លែល្អ ចិត្តប្រដាល់ធំ តែតិចនិកប្រកួតនៅអន់ ចំពោះអ្នកប្រដាល់ ស្រករៗត្រូវបានគឹម វាសនាផ្តួលជិតអស់ហើយ។ ការប្រកួតចុងក្រោយ វាសនា វាយឈ្នះ គង់ វិចិត្រ ក្លិបកងពលតូចលេខ៧០ ក្នុងទឹកទី២ ចំណែក សេក គឹមភាព វាយក៏មានផ្លែល្អដែរ គ្រាន់តែពិបាករឿងស្ពឹកប៉ុណ្ណោះ ដោយរូបគេវាយរាងស្ពឹកស្រពន់ ទម្រាំវាយចេញមួយដៃៗ ឬជើងម្តងៗ ទាល់តែគូប្រកួតវាយ មកលើមុនទើបគេតបតវិញ។ គឹមភាព ប្រកួតចុងក្រោយវាយចាញ់ វ៉ាន់ ចាន់វ៉េត ក្លិបគីសែមានរិទ្ធក្នុងទឹកទី៣ ។

សម្រាប់អ្នកប្រដាល់ សំអាង ឌុន ក្លិបអេភូថងប្រកួត ជាមួយអ្នកប្រដាល់ សូយ ចិន្តា ក្លិបពោធិជ័យកីឡា ក្នុងប្រភេទទម្ងន់៦៧គ.ក្រ។ អ្នកប្រដាល់ សំអាង ឌុន  វាយដាក់ទ្រុងល្អ ខ្លាំង ប៉ុន្តែសម្រាប់ប្រដាល់វិញ គេមិនសូវមានការ ប្រសប់ប៉ុន្មានឡើយ ចំពោះសូយ ចិន្តា ជាអ្នកប្រដាល់ ជើងចាស់ តែក្បាច់ប្រដាល់របស់គេមិនជាល្អ និងខ្លាំងប៉ុន្មានទេ ហើយចិន្តាវាយឆាប់ហត់ ហើយប្រកួតតែ ៣ទឹកគឺអស់សម្រុកហើយ ។

អ្នកប្រដាល់ សេក គឹមសៀង ក្លិបអង្គរមានជ័យ ជួបអ្នកប្រដាល់ ថន ភឿត ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ប្រកួតក្នុងទម្ងន់ ៥៧គីឡូក្រាម និងអ្នកប្រដាល់ជើងថ្មី ហេង ប៊ុនថា ក្លិបព្រៃទទឹងខេត្តបាត់ដំបង ប៉ះអ្នកប្រដាល់ លីន វិបុល ក្លិបបុរីរាជសីហ៍មានរិទ្ធ ខណៈអ្នកប្រដាល់ លឹម តក់ ក្លិបគុហារព្រហ្មជ័យ ជួបអ្នកប្រដាល់ សារឿន តាន់ ក្លិបតាព្រហ្មមានជ័យ៕

គឹម វាសនា ណាត់សងសឹកសេក គឹមភាព សង្វៀនSEATV នារសៀលថ្ងៃសៅរិ៍