ធី តុងហ៊ី ប៉ះឆេក ខណៈលួន សុខខេងប៉ះថៃត្រូវការ ឈ្នះដូចគ្នាសង្វៀន TIFFY ARENA ល្ងាចថ្ងៃសៅរិ៍

ភ្នំពេញ៖ ការប្រកួតជម្រុះដណ្ដើម ពានរង្វាន់ជើងឯក អធិរាជស៊ីម៉ងត៍អូដ្ឋ វគ្គ៣ ទម្ងន់ ៦៧ គីឡូក្រាមជាការ ប្រកួតជុំទី២ ក្នុងពូល “ក” នៅលើ សង្វៀនTIFFY ARENA ល្ងាចថ្ងៃសៅរិ៍ ទី២ ខែមេសា ឆ្នាំ២០១៦នេះ អ្នកប្រដាល់ ធី តុងហ៊ី ក្លិបសាលវ័ន្តកីឡា ប៉ះជាមួយអ្នក ប្រដាល់ឆេក Kevinn  រីឯអ្នកប្រដាល់ លួន សុខខេង ក្លិបអាស៊ីកីឡា ត្រូវជួបជាមួយ អ្នកប្រដាល់ថៃ Tahan Ek ។

អ្នកប្រដាល់ឆេក Kevinn មានថ្វីដៃល្អគួរសមដែរ ថែមទាំងធ្លាប់ផ្តួលអ្នកខ្លាំង នៅស្រុកថៃជាច្រើននាក់ មកហើយ ចំពោះ Kevinn មានកម្ពស់ ១,៧០ម៉ែត្រ ប្រវត្តិប្រកួត៧០លើក ឈ្នះ៤៥លើក ចាញ់១២លើក ស្មើ០៣លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យ សន្លប់បាន១៣លើក។ អ្នកលេងជង្គង់កែង ធី តុងហ៊ី អាចនឹងធ្វើឲ្យខាងស៊ីម៉ងត៍អូដ្ឋ អស់លុយច្រើន ដោយសារកែងរបស់គេមិនខាន នៅពេលគេជួបអ្នកប្រដាល់ Kevinnនេះ ។ ធី តុងហ៊ី អ្នកប្រដាល់កម្ពុជា ដែលមានប្រវត្តិប្រកួត ១០៥លើក ឈ្នះ៧៨លើក ចាញ់២៥លើក ស្មើ០២លើក និងធ្លាប់វាយដៃគូ ប្រកួតឲ្យសន្លប់ ចំនួន៥២លើក។

ចំណែកអ្នកប្រដាល់ លួន សុខខេង ក្លិបអាស៊ីកីឡាជួបជាមួយ អ្នកប្រដាល់ថៃ Tahan Ek ។ Tahan Ek កាលពីជុំទី១ បានវាយឈ្នះ ធី តុងហ៊ី ដោយ ពិន្ទុ បាន៣ពិន្ទុហើយ។ អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរ ច្រើនលើកហើយកន្លងមក ដោយជួបជាមួយជើងខ្លាំង របស់កម្ពុជា ដូចជា ឃីម ឌីម៉ា មឿន សុខហ៊ុច ឈិន ក្វាន់ង៉ុយ សុខ សុវណ្ណ ផង់ សុភាព ជាដើម ដោយប្រកួតមានឈ្នះ មានចាញ់ថែមទៀតផង។ Tahan Ekនេះ មានកំណត់ត្រា ប្រកួតចំនួន៧៩លើក ឈ្នះ៦៣លើក ចាញ់១៣លើក ស្មើ០៣លើក និងធ្លាប់ផ្ដួលគូប្រកួត ឲ្យសន្លប់បាន១៧លើក។

ចំណែកអ្នកប្រដាល់ លួន សុខខេង មាន កម្ពស់១,៧០ម៉ែត្រដែរ ប្រវត្តិប្រកួត ១១០លើក ឈ្នះ៨០លើក ចាញ់២០លើក ស្មើ១០លើក និងផ្ដួលគូ ប្រកួតឲ្យសន្លប់បាន៤០លើក។ លួន សុខខេង ប្រកួតជុំទី១នោះបានផ្ដួល Masel អ្នកប្រដាល់ជនជាតិអង់គ្លេស ឲ្យបោះបង់ចោល ការប្រកួត ក្នុងទឹកទី៤។

គួរបញ្ជាក់ថា ការប្រកួតដណ្ដើម ខ្សែក្រវាត់ជើងឯក «អធិរាជស៊ីម៉ងត៍អូដ្ឋ» វគ្គ៣ទម្ងន់៦៧គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៨រូប ចូលរួមប្រកួត ក្នុងនោះអ្នកប្រដាល់ កម្ពុជាមាន៥រូប ជនជាតិថៃ ២ រូប និងជនជាតិឆេក ១ រូប។ អ្នកប្រដាល់កម្ពុជាទាំង ៥រូបនោះ រួមមាន អ៊ុ ចំរើន ក្លិបតាឡីដំរីមានរិទ្ធ ,ធី តុងហ៊ី អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា, កន ចន្ថា អ្នកប្រដាល់សមាគមកីឡា ក្រសួងការពារជាតិ, ធា នុរាជ ក្លិបពោធិជ័យកីឡា និង លួន សុខខេង ក្លិបអាស៊ីកីឡា។ ចំពោះអ្នកប្រដាល់ថៃ ២នាក់នោះ គឺ Tahan Ek និង Super Chhai ហើយអ្នកប្រដាល់ ជនជាតិ អង់គ្លេស ១រូបនោះ គឺ Kevinn៕

ធី តុងហ៊ី ប៉ះឆេក ខណៈលួន សុខខេងប៉ះថៃត្រូវការ ឈ្នះដូចគ្នាសង្វៀន TIFFY ARENA ល្ងាចថ្ងៃសៅរិ៍