តុលាការ​កម្ពុជា​បដិសេធ​ការ​នៅ​ក្រៅ​ឃុំ របស់​បុរស​ជនជាតិ​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ លោក ឃី ឆៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ បាន​បដិសេធ​មិន​ឱ្យ​បុរស​ជនជាតិ​អា​មេ​រិ​ក​កាំ​ង វ័យ​៥៣​ឆ្នាំ​ម្នាក់​នៅ​ក្រៅ​ឃុំ​ទេ ដោយ​សម្រេច​បន្ត​ឃុំខ្លួន​ជនជាប់ចោទ​រហូត​ដល់​តុលាការ​វិនិច្ឆ័យ​ទោស​គាត់​តាម​ផ្លូវច្បាប់​នៅ​កម្ពុជា ។ ជន​ត្រូវ​ចោទ​គឺ​លោក Brian naswall អាយុ​៥៣​ឆ្នាំ មាន​តួនាទី​ជា CEO local private airline aero cambodia ជនជាតិ​អា​មេ​រិ​ក ត្រូវ​បាន​តុលាការ​កម្ពុជា​ឃុំខ្លួន កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ ២០១៥ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ទិញ​ពេស្យាចារ​កុមា និង​បទ​អំពើ​អាសអាភាស​ប្រ​ឆាំ​នឹង​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ។ លោក Brian naswall ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ​មុន​អង្គសេចក្ដី កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មីនា តាម​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​គាត់​។

ជនជាប់ចោទ​បាន​លើក​ពី​ញ្ហា​សុខភាព​ដែល​កំពុង​មាន​ជំងឺ​ក្នុង​ពេល​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ទើប​បុរស​រូប​នេះ​សុំ​នៅ​ក្រៅ​ឃុំ ដោយ​គាត់​នឹង​បំពេញ​តាម​លក្ខខណ្ឌ​របស់​តុលាការ ។ មិន​ដូច​អ្វី​ដែល​លោក Brian naswall យល់​ទេ ក្រោយ​ពី​បាន​ពិចារណា​រួច ចៅក្រម​បាន​ប្រកាសសេចក្ដី​សម្រេច​មិន​ឱ្យ​ជនជាប់ចោទ​នៅ​ក្រៅ​ឃុំ​ទេ និង​បន្ត​ឃុំខ្លួន​រង​ចាំ​ការ​កាត់ទោស​ពី​បទល្មើស​របស់​គាត់ ។

គួរ​រំ​លឹ​ផង​ដែរ​ថា លោក Brian naswall អាយុ​៥៣​ឆ្នាំ ជនជាតិ​អា​មេ​រិ​កាំ​ង ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​តុលាការក្រុង​ភ្នំពេញ បញ្ជា​ឱ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៥ ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ពី​អាជ្ញាធរ​រក​ឃើញ​កំហុស​របស់​គាត់​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ចាប់ពី​អាយុ​១២​ឆ្នាំ​ដល់​១៤​ឆ្នាំ ដោយ​ការ​ទិញ​ពេស្យាចារ​នូវ​ទឹកប្រាក់​ពី​១៥​ដុល្លារ​ដល់​២០​ដុល្លារ ដោយ​មាន​ក្មេង​ស្រី​យ៉ាងតិច​៩​នាក់ បាន​ប្ដឹង​លោក Brian naswall ក្នុង​អំឡុង​ឆ្នាំ​២០១៥​កន្លង​ទៅ​៕