លប់​ចោល​ជើង​ហោះហើរ ព្រោះ… អ្នក​បើកបរ​ស្រវឹងជ្រុល!

ជើងហោះហើរមួយ របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក «American Airlines» ត្រូវបានលប់ចោល កាល​ពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​មុន។ ព្រោះ​មក​ពី​ហេតុអ្វី? មូលហេតុ បណ្ដាលមកពីជំនួយការ បើកបរយន្ដហោះ មានជាតិ​អាល់កុល​ច្រើន នៅ​ក្នុង​ខ្លួន។
លប់​ចោល​ជើង​ហោះហើរ ព្រោះ... អ្នក​បើកបរ​ស្រវឹងជ្រុល!

យន្ដហោះ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ អាមេរិកាំងអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

អ្នកបើកបរយន្ដហោះមួយចំនួន នៅតែចង់លរលេង ជាមួយនឹងភ្លើង បើទោះជាវិធានការជាច្រើន ត្រូវបាន​បង្កើត​ឡើង ដើម្បីការពារវិស័យ​អាកាសចរណ៍​ស៊ីវិល​មួយនេះ ឲ្យរួចផុតពីគ្រោះថ្នាក់ ដែលអាចបណ្ដាល មកពី​អ្នក​បើកបរ​ខ្លួនឯង​ក៏ដោយ។ ហើយនេះ ជាករណីថ្មីមួយទៀត ដែលបញ្ជាក់ថា អ្នកបើកបរ ឬជំនួយការ​បើកបរ​យន្ដហោះ នៅតែចង់ប្រឡែងលេង នឹងវិធានការទាំងនោះ ហើយនៅតែឡើង មកកាន់ចង្កូតយន្ដហោះ ទាំង​ខ្លួន​ដឹង​ថា នឹងអាចបង្កើត ឲ្យមានជាវិនាសកម្ម​ដ៏ធំនោះ​ក៏ដោយ។

កាលពីថ្ងៃសៅរ៍ ទី២៦ ខែមីនានេះ ក្រុមអ្នកដំណើរ នៃជើងហោះហើរលេខ ៧៣៦ របស់ក្រុមហ៊ុន​អាកាសចរណ៍ «American Airlines» ដែលត្រូវហោះចេញ ពីក្រុង ដេទ្រ័ត (Détroit) ក្នុងរដ្ឋមីឈីហ្គែន (Michigan - អាមេរិក) ឆ្ពោះទៅក្រុង ហ្វីឡាដែលហ្វី (Philadelphie) ក្នុងរដ្ឋ ផេនស៊ីលវ៉ានី (Pennsylvanie - អាមេរិក) ត្រូវ​បាន​បង្ខំ ឲ្យ​ចុះ​ចេញ​ពីយន្ដហោះវិញ បន្ទាប់ពីជំនួយការយន្ដហោះមួយរូប ត្រូវបាននគរបាល​«វាយខ្នោះ» នាំ​ខ្លួន​ចេញ​ទៅ។

អាជ្ញាធរបានរកឃើញថា ជំនួយការបើកយន្ដហោះរូបនោះ មានសភាព​ស្រវឹង​ជ្រុលហួស ដែលមិនអាចបំពេញ​ការងាររបស់ខ្លួន ដែលទាមទារ ឲ្យមានការទទួលខុសត្រូវ ដ៏ខ្ពស់បំផុតនោះ។ រឿងរ៉ាវបានផ្ទុះឡើង បន្ទាប់​ពី​អ្នក​បើកបរ រួមនឹងជំនួយការ​បើកបរយន្ដហោះផង បានឆ្លងការត្រួតពិនិត្យជាតិស្រវឹង នៅក្នុងឈាម ហើយត្រូវ​បាន​រក​ឃើញ ថាមានជាតិអាលកុលហួសកម្រិត។ ជំនួយការបើកបរ ដែលជាជនសង្ស័យ ត្រូវបានដាក់​ឲ្យ​ស្ថិត ក្រោម​ការ​អង្កេត​របស់អាជ្ញាធរ ដើម្បីចង់ដឹងថា ក្រៅពីផឹក«ស្រវឹង»ដោយចៃដន្យ តើជំនួយការ​ស្រវឹង​រូប​នោះ មាន​គំនិត​ចង់​ធ្វើអ្វី​ផ្សេង ឬ​អត់។

លប់​ចោល​ជើង​ហោះហើរ ព្រោះ... អ្នក​បើកបរ​ស្រវឹងជ្រុល!

រីឯជើងហោះហើរលេខ ៧៣៦ វិញ ត្រូវបានលប់ចោល ដោយទុកឲ្យអ្នកដំណើរ ឡើងមកអង្គុយ នៅក្នុង​ព្រលាន​យន្ដហោះ ដើម្បីរង់ចាំឡើង​យន្ដហោះ ក្នុងជើងហោះហើរផ្សេងទៀត។ អ្នកដំណើរជាច្រើននាក់ ជាពិសេស​និស្សិតៗ ដែលចង់ឆ្លៀតឱកាស យកថ្ងៃឈប់សម្រាកបុណ្យ «ប៉ាក» របស់សាសនាគ្រឹស្ទ៍ ដើម្បីដើរកំសាន្ដ​ឲ្យ​បានយូរនោះ បានសម្ដែងការក្ដៅក្រហាយរបស់ពួកគេ នៅតាមបណ្ដាញសង្គម ហើយខ្លះទៀត បានស្នើសុំ​ឲ្យ​មាន​ការ​ពន្យល់ច្បាស់លាស់ ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍។

នៅចំពោះហេតុការណ៍នេះ ក្រុមហ៊ុន «American Airlines» បានចេញមកសំដែងការសុំទោស នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មានមួយ។ ក្រុមហ៊ុន បានឲ្យដឹងថា៖ «វាជាករណីចាំបាច់ ដែលមិនអាចមើលស្រាលបាន ហើយ​យើង​បានចូលរួម ជាមួយអាជ្ញាធរតំបន់ និងជាមួយនឹងរដ្ឋបាលអាកាសចរណ៍ស៊ីវិល របស់សហព័ន្ធ។ យើង​បាន​ដោះស្រាយបញ្ហានេះ សមស្របទៅនឹងអ្វី ដែលចាំបាច់ត្រូវធ្វើ ព្រោះសុវត្ថិភាព និងការថ្នាក់ថ្នម អតិថិជន ក៏​ដូច​ជា​អ្នក​បម្រើការទាំងអស់ នៅលើយន្ដហោះ ជាអាទិភាពទីមួយរបស់យើង។»៕