អត្ថន័យ​នៃ​ផ្កា​ឈូក​របស់​ជនជាតិ​ខ្មែរ​

ឈូក​ជា​បុប្ផា​ដែល​ដុះ​នៅ​ក្នុង​ភក់​ តែ​មាន​សម្រស់​ស្រស់​ត្រកាល​គួរ​ជា​ទី​គយគន់​។ ផ្កា​ឈូក​តែង​ត្រូវ​បាន​លើក​តម្កើង​ និង​ជា​គ្រឿង​សក្ការ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ព្រោះ​ឈូក​តំណាង​អោយ​បញ្ញា​អ្នក​គោរព​ដល់​ព្រះពុទ្ធ​សាសនា​ ព្រោះ​ព្រះ​សម្មាសម្ពុទ្ធ​ បាន​ចាត់​ទុក​បញ្ញា​របស់​សត្វ​លោក​ ដូច​ជា​ផ្កា​ឈូក​បួន​ពួក​ក្នុង​ជលសា​។
ចំពោះ​ការ​បក​ស្រាយ​ពន្យល់​លំអិត​នៃ​អត្ថន័យ​ផ្កា​ឈូក​នោះ​ ព្រះ​ព្រះ​សម្មាសម្ពុទ្ធ​បាន​មាន​ពុទ្ធ​ដីកា​នូវ​សេចក្ដី​បួន​ចំណុច​យ៉ាង​ដូច្នេះ​ថា​៖
១.តំណាង​អោយ​ អ្នក​ដែល​ដឹង​ច្បាស់​នូវ​ភាព​ពិត​នៃ​ធម្មជាតិ​(ធម៌​) ក្នុង​ពេល​ដែល​បណ្ឌិត​សំដែង​ដោយ​អត្ថ​ខ្លី​ៗ​ ហៅ​ថា​«ឧគ្ឃតិតញ្ញូ​» (សម្រេច​ធម៌​ក្នុង​ពេល​ស្ដាប់​) ប្រៀប​ដូចជា​ឈូក​ដែល​ផុស​ចេញ​ពី​ទឹក​ រីក​ស្រស់​បំព្រង​គួរ​អោយ​គយគន់​។
២. តំណាង​អោយ​អ្នក​ដែល​នឹង​ដឹង​ច្បាស់​ នូវ​ភាព​ពិត​នៃ​ធម្មជាតិ​ដោយ​បណ្ឌិត​ សំដែង​អត្ថ​លើក​យក​នូវ​អធិប្បាយ​មក​បន្ថែម​ទើប​ជាក់​ច្បាស់​ មាន​តណ្ហា​ ទិដ្ឋិ​ មានះ​ កិលេស​ ស្ដួចស្ដើង​ ហៅ​ថា​«វិបចិត្តញ្ញូ​» ប្រៀប​ដូចជា​ឈូក​ដែល​ផុស​ចេញ​ពី​ទឹក​ ហើយ​រងចាំ​តែ​រស្មី​នៃ​ទិនករ​ទើប​រីក​ស្រស់​បំព្រង​។
៣.តំណាង​អោយ​អ្នក​ដែល​នឹង​បាន​ដឹង​ច្បាស់​នូវ​ភាព​ពិត​នៃ​ធម្មជាតិ​ ដោយ​ការ​អធិប្បាយ​ហើយ​អធិប្បាយ​ទៀត​ ទម្រាំ​នឹង​បាន​យល់​និង​ឃើញ​ពី​ការ​ពិត​នៃ​ធម្មជាតិ​ ជីវិត​ ត្រូវ​ទទួល​នូវ​ការ​អប់រំ​ហើយ​ អប់រំ​ទៀត​ ព្រោះ​កិលេស​ តណ្ហា​ មានះ​ ទិដ្ឋិ​នៅ​មាន​ខ្លះ​ ហៅថា​«នេយ្យៈ​» ប្រៀប​ដូចជា​ឈូក​ផុស​ចេញ​ពី​ភក់​តែ​នៅ​ក្នុង​ទឹក​ ត្រូវ​រង​កម្ម​ដោយ​ការ​វាយ​ប្រហារ​ពី​មច្ឆា​ជាតិ​។
៤.តំណាង​អោយ​អ្នក​ដែល​ពិបាក​នឹង​ធ្វើ​ការ​ពន្យល់​ អធិប្បាយ​អោយ​យល់​ (ប្រៀប​ដូចជា​ទាញ​ថ្ម​ឡើង​ភ្នំ​) ទោះ​ជា​ខំ​ជួយ​យ៉ាង​ណា​ ក៏​បុគ្គល​នេះ​មិន​អាច​យល់​ឃើញ​ច្បាស់​ ពី​ភាព​ពិត​នៃ​ធម្មជាតិ​ព្រោះ​មាន​តណ្ហា​ ទិដ្ឋិ​ មានះ​ កិលេស​ច្រើន​ហួស​នឹង​ជួយ​ ប្រៀប​ដូចជា​ឈូក​ក្នុង​ភក់​  រង​កម្ម​មួយ​អន្លើ​ដោយ​មច្ឆាជាតិ​ ទោះបី​ផុស​ចេញ​ពី​ភក់​ក៏ដោយ​ ក៏​ដើម​វា​នៅ​តែ​ស្ថិត​ក្នុង​ទឹក​ ហើយ​ត្រូវ​រងកម្ម​ដោយ​មច្ឆា​ជាតិ​ ដូចជា​ត្រី​ អន្ទង់​ជាដើម​៕
ប្រភព៖ kqube
  • អត្ថន័យ​នៃ​ផ្កា​ឈូក​របស់​ជនជាតិ​ខ្មែរ​已关闭评论
  • 52 views
  • Hide Sidebar
    A+
Publish on:2016/03/30  Category:ចំនេះដឹង
Tags: