គន្លឹះ ៤ ដែល​អ្នក​គួរ​សាកល្បង​អនុវត្តន៍​ ដើម្បី​បង្កើត​ចរិត​លក្ខណៈ​ភាព​ជា​អ្នក​ដឹកនាំ​ឲ្យ​ខ្លួន​ឯង

១) ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង

 

មេដឹកនាំ​អស្ចារ្យ​ គឺ​ជា​មនុស្ស​ដែល​មាន​ភាព​ក្លាហាន​ ក្នុង​ការ​ប្រឈម​មុខ​ប្រកួត​ប្រជែង​នៅ​គ្រប់​ស្ថាន​ភាព​ទាំង​អស់ មិន​ថា​តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម ឬ តាម​រយៈ​ការ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​បុគ្គលិក​នោះ​ទេ​មេដឹកនាំ​ឆ្នើម​គឺ​ជា​មនុស្ស​បើក​ទូលាយ​ក្នុង​ការ​ប្រកួត​ប្រជែង។ ការ​បង្កើត​ទំនាក់ទំនង​ជា​ប្រចាំ​ជា​មួយ​បុគ្គលិក​ខ្លួន ការ​ចេះ​ជូន​ដំណឹង​ពួក​គេ​នូវ​ព័ត៌មាន​ល្អ​និង មិន​ល្អ គឺ​កាន់​តែ​ធ្វើ​ឲ្យ​បុគ្គលិក​ខ្លួន​មាន​អារម្មណ៍​ថា​អ្នក​មាន​ភាព​ជឿជាក់​លើ​ពួក​គេ ជា​វិធី​មួយ​ធ្វើ​ឲ្យ​ពួក​គេ​ឆ្លើយ​តប​ជា​មួយ​អ្នក​ដោយ​របៀប​វិជ្ជមាន​។

 

២) ត្រូវ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជឿ​លើ​ខ្លួន

 

បុគ្គលិក នឹង​កាន់​តែ​ស្មោះត្រង់ ហើយ​សប្បាយ​រីករាយ​ជានិច្ច​ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ការងារ​នៅ​ក្នុង​បរិស្ថាន​មួយ​ ដែល​បង្កើត​ឡើង​ដោយ​បុគ្គល​ដែល​ពួក​គេ​ជឿជាក់។ ការ​បង្កើត​ភាព​ជឿជាក់​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​មធ្យោបាយ​ផ្សេងៗ​គ្នា​ជា​ច្រើន។ ដំបូង​អ្នក​ត្រូវ​ចេះ​បង្ហាញ​ពី​ភាព​ខ្វល់ខ្វាយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ទៅ​កាន់​ពួក​គេ បង្កើត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការងារ​ដែល​ពួក​គេ​ធ្វើ។ អ្នក​ត្រូវ​ចេះ​ធ្វើ​ឲ្យ​បុគ្គលិក​ខ្លួន​ដឹង​ពី​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ក្នុង​ភាព​ជោគជ័យ​នៃ​ការងារ​របស់​ពួក​គេ។

 

នៅ​ពេល​ដែល​បុគ្គលិក​ខ្លួន​ធ្វើ​ខុស អ្នក​មិន​ត្រូវ​ព្រមាន​ពួក​គេ ឬ កែ​តម្រូវ​ពួក​គេ​ដោយ​កំហឹង​នោះ​ឡើយ ជំនួស​មក​វិញ​ អ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ ហើយ​សួរ​រក​មូលហេតុ​ ហេតុ​អ្វី​បាន​ជា​សកម្មភាព ឬ អាកប្បកិរិយា​ពួក​គេ​ធ្វើ​ខុស។ នៅ​ពេល​ដែល​មនុស្ស​បាន​ដឹង​ ថា​អ្នក​ជា​មនុស្ស​មិន​ចេះ​ស្តី​បន្ទោស​ដោយ​កំហឹង ហើយ​ជា​មនុស្ស​ដែល​ចេះ​យល់​ចិត្ត​ នោះ​ពួក​គេ​កាន់​តែ​មាន​ភាព​ជឿជាក់​លើ​អ្នក។

 

៣) ត្រូវ​ចេះ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ផ្តល់​ការ​គោរព​មក​ដល់​ខ្លួន

 

នៅ​ពេល​ដែល​អ្នក​ណែនាំ​ខ្លួន​ក្នុង​វិធី​មួយ​ប្រកប​ដោយ​ វិជ្ជាជីវៈ​និង​ក្រម​សីលធម៌​ ឬ ការ​បង្ហាញ​ជា​គំរូ​ល្អ​ដើម្បី​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ នោះ​អ្នក​នឹង​អាច​ទទួល​បាន​ការ​គោរព​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ ការ​ចេះ​បង្ហាញ​ពី​ការ​គោរព​ចំពោះ​បុគ្គលិក​ខ្លួន និង ម្ចាស់​ភាគហ៊ុន ក្នុង​ក្រុមហ៊ុន​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​លើក​ទឹកចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​ដំណើរ​ជា​មួយ​អ្នក​បន្ត​ទៅ​ទៀត។ ដូចគ្នា​ដែរ​ចំពោះ​អតិថិជន​ពួក​គេ​នឹង​មក​រក​អ្នក​ឡើយ ប្រសិន​បើ​ពួក​គេ​មិន​គោរព និង មិន​ឲ្យ​តម្លៃ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​អ្នក។

 

៤) បន្ត​រក្សា​ភាព​រៀន​សូត្រ​របស់​ខ្លួន

 

មេដឹកនាំ​ដែល​ពូកែ​ជា​មនុស្ស​ដែល​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​រៀន​សូត្រ និង មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​រៀន។ មេដឹកនាំ​ដែល​អស្ចារ្យ​គឺ​ជា​មនុស្ស​ដែល​ស្រេក​ឃ្លាន​នឹង​ចំណេះ​ដឹង​ថ្មីៗ​ជា​និច្ច។ មេដឹកនាំ​អស្ចារ្យ​ យល់​ថា​ការ​ច្នៃ​ប្រឌិត និង វិធី​សាស្ត្រ​ថ្មី គឺ​កើត​ឡើង​នៅ​គ្រប់​ទី​កន្លែង ហើយ​ពួក​គេ​ជា​មនុស្ស​ដែល​ស្វែង​រក​ចំណេះ​ដឹង​ ឬ ក៏​មនុស្ស​ដែល​អាច​នឹង​ជួយ​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​អភិវឌ្ឍ​ទៅ​មុខ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com