ផឹក​ស្រវឹង វាយ​បំផ្លាញ​សម្ភារ​ក្នុងផ្ទះ​រករឿង​ម្ដាយ

ខេត្តកំពត ៖ កូនប្រុស​អកត្តញ្ញូ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦​នេះ ខណៈ​កូន​អកត្តញ្ញូ​រូប​នេះ បាន​ផឹកស្រា​បៀរ​ជាមួយ​មិត្តភក្តិ​នៅផ្ទះ​ខ្លួនឯង​អស់​ចំនួន​១​កេស តាំងពី​ម៉ោង​៨​ព្រឹក​ចង់​ប្តូរ​កន្លែង​ផឹក​នៅផ្ទះ​គេ​ផ្សេង​ទៀត​ក៍​ខ្ចី​ម៉ូតូ​ម្តាយ​ជិះ​ទៅ​ផឹក​កន្លែង​ថ្មី  ។

ពេល​នោះ​ម្តាយ​មិន​ឲ្យ​យក​ម៉ូតូ​ទៅ​ខ្លាច​មាន​បញ្ហា​ផ្សេង​ៗ កូន​អកត្តញ្ញូ​រូប​នេះ​មានចិត្ត​ខឹង​ម្តាយ ក៍​ទាញ​ដំបង​ជ្រុង​មួយ​កំណាត់​វាយ​បំបែក​កញ្ចក់​បង្អួច​ផ្ទះ​បែក​អស់ពីរ​ផ្ទាំង វាយ​កៅអី​ជ​រ័​បាក់​អស់​៣​កៅអី និង​បង់​ថ្ម​អង្គុយ​លេង​អស់​១ ហើយ​ត្រូវ​បាន​ម្តាយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ដើម្បី​អប់រំ​ឲ្យ​ស្គាល់​ច្បាប់​។ សមត្ថកិច្ច​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​កូន​អកត្តញ្ញូ​រូប​នេះ​មានឈ្មោះ សូ សុផល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​(​នៅ​លីវ​)​មាន​ទីលំនៅ​ភូមិ​តា​អង្គ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា​ឆ្នាំ ២០១៦​ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦​នេះ​៕